អានតួអត្ថបទ
ចិន-អារ៉ាប៊ីសាអូឌីត-អាមេរិក

អារ៉ាប៊ីសាអូឌីត ចូលរួមជាមួយចិននិងរុស្ស៊ី ធ្វើជាប្រទេសដៃគូនៃអង្គការសហប្រតិបត្តិការសៀងហៃ

ផ្អែកតាមការចុះផ្សាយ កាលពីថ្ងៃពុធម្សិលមិញ​ របស់ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការអារ៉ាប៊ីសាអូឌីត គឺអារ៉ាប៊ីសាអូឌីតដែលជាប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកនោះ​ ​នឹងចូលរួមធ្វើជា​ប្រទេស​ដៃគូសន្ទនា នៅក្នុង​អង្គការសហប្រតិបត្តិការសៀងហៃ។ អង្គការនេះ គឺត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើងដោយចិន និងរុស្ស៊ី។ ដំណឹងនេះ បានមកបញ្ជាក់បន្ថែម អំពីការខិតចូលកៀកគ្នាកាន់តែខ្លាំង រវាងចិននិងអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចិន បានធ្វើជាអាជ្ញាកណ្តាល​ ជួយ​ផ្សារភ្ជាប់ទំនាក់ទំនងឡើងវិញ រវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។​

លោក​ប្រធានាធិបតីចិន Xi Jinping និងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៅព្រះបរមរាជវាំងក្រុងរីយ៉ាត ថ្ងៃទី ៨ ធ្នូ ២០២២
លោក​ប្រធានាធិបតីចិន Xi Jinping និងព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman នៅព្រះបរមរាជវាំងក្រុងរីយ៉ាត ថ្ងៃទី ៨ ធ្នូ ២០២២ AP - Yue Yuewei
ផ្សាយពាណិជ្ជកម្ម

អង្គការសហប្រតិបត្តិការសៀងហៃ ហៅកាត់ថា OCS បានចាប់បដិសន្ធិឡើងនៅឆ្នាំ​២០០១ ដោយ​មានប្រទេសសមាជិក​​ចំនួន​៨ គឺ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន កៀជីគីស្ថាន តាជីគីស្ថាន និង​អ៊ូសបេគីស្ថាន​។ កម្មវត្ថុនៃអង្គការនេះ គឺដើម្បីពង្រឹងចំណងសហប្រតបត្តិការនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ដោយ​ប្រជែងជាមួយស្ថាប័នអន្តរជាតិផ្សេងៗទៀត ដែលជាទូទៅគឺផ្តួចផ្តើម​និងដឹកនាំឡើងក្រុមប្រទេសលោកខាងលិច​។

យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន​ផ្លូវការ​អារ៉ាប៊ីសាអូឌីត គឺរដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត បានសម្រេច​យល់ព្រម ចូលរួម​ធ្វើជាប្រទេស​ “ដៃគូសន្ទនា” នៅក្នុងអង្គការនេះ បន្ទាប់ពីបានឆ្លងកាត់​ការអនុញ្ញាតពីព្រះចៅសាល់ម៉ាន់។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសដែលមិនមែនជាសមាជិកពេញសិទ្ធិ តែចូលរួមជាប្រទេសសង្កេតការណ៍ ឬប្រទេសដៃគូសន្ទនា គឺមាន អេហ្ស៊ីប កាតា និងអ៊ីរ៉ង់ផងដែរ។​ ការប្រកាសរបស់​អារ៉ាប៊ីសាអូឌីត ចូលរួម​ជាមួយ​អង្គការសហប្រតិបត្តិការសៀងហៃនាពេលនេះ គឺធ្វើឡើង ៣សប្តាហ៍​ក្រោយ​ពេល​ដែល​មានការប្រកាសពីកិច្ចព្រមព្រៀងផ្សះផ្សារគ្នាឡើងវិញ រវាង​អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដែលមានចិនជួយធ្វើជាអាជ្ញាកណ្តាល​។

ក្នុងពេល​និយាយ​ទូរស័ព្ទជាមួយ​លោកស៊ី ជីនពីង កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់ម៉ូហាម៉េត បេនសាល់ម៉ាន់ បានថ្លែង​អបអរសប្បាយចិត្តណាស់ ដែលអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតជានាគ្នាវិញ ព្រោះវានឹងជួយ​ដល់ស្ថិរភាព​តំបន់ដើមបូព៌ា។ លោកស៊ី ជីនពីងវិញ បាន​អះអាងថា ការភ្ជាប់ទំនាក់ទំនងឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់ ដែលមានចិនជាអ្នកជួយនេះ គឺនឹងចូលរួមដើរតួនាទីសំខាន់ នៅក្នុង​ការពង្រឹងសាមគ្គីភាព និង​សហប្រតិបត្តិការក្នុងតំបន់។

គួរ​កត់សំគាល់ថា វត្តមានចេញមុខចេញមាត់ របស់​លោក​ប្រធានាធិបតីចិន នៅក្នុងការផ្សះផ្សារគ្នា រវាងប្រទេស​​គូប្រជែង​អ៊ីស្លាម​ទាំង២នេះ បានធ្វើ​ឲ្យមាន​ការ​តាមដាន​ជាខ្លាំង ពីសំណាក់​ក្រុមប្រទេសលោកខាងលិ​ច ជាពិសេស​គឺពីសហរដ្ឋអាមេរិក ខណៈដែលជានិច្ចជាកាលគឺ​សហរដ្ឋអាមេរិកទេ ដែលជាអ្នកចេញមុខមាត់ចាត់ចែងកិច្ចការ នៅ​តំបន់ដើមបូព៌ា​ ហើយ​អារ៉ាប៊ីសាអូឌីត គឺជា​សម្ព័ន្ធមិត្តរបស់អាមេរិក៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ