អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

តើសង្គ្រាមអាចនឹងឆេះរាលដាលដែរឬទេ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​?

គ្រប់គ្នាដឹងយ៉ាងច្បាស់ ថា​អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នា ជាយូរលង់មក​ហើយ​។ តែយ៉ាងណា​ អ៊ីរ៉ង់​មិនដែល​ប្រើប្រាស់កម្លាំង ​វាយ​ប្រហារដោយ​ផ្ទាល់ទៅលើអ៊ីស្រាអែលទេ បើគិតចាប់ពី​របបបដិវត្តអ៊ីស្លាម​អ៊ីរ៉ង់​បាន​ឡើងកាន់អំណាចនៅឆ្នាំ​១៩៧៩។ កន្លងមក អ៊ីរ៉ង់បានត្រឹមប្រើប្រាស់​កងកម្លាំងដៃជើងរបស់ខ្លួន ដូចជា​ក្រុមហេសបូឡាលីបង់ ក្រុម​ហ៊ូទីយេម៉ែន និងក្រុមហាម៉ាសជាដើម ឲ្យ​វាយ​ប្រហារទៅ​លើ​អ៊ីស្រាអែលជំនួសខ្លួន​។ តែនៅលើកនេះ វាគឺជាលើកទី១ហើយ ដែល​អ៊ីរ៉ង់​បញ្ជាដ្រូន​ និង​បាញ់​មីស៊ីលចេញពីទឹកដីខ្លួន ឆ្ពោះទៅ​អ៊ីស្រាអែលដោយ​ផ្ទាល់។ ស្ថិតក្នុងបរិបទដែលកាន់តែតានតឹងខ្លាំងបែបនេះ មានការព្រួយបារម្ភខ្លាំងឡើងអំពីសង្គ្រាមដែលអាចឆេះរាលដាល​ដោយចំហ រវាងគូសត្រូវទាំង​២នេះ​។

មគុទេសន៍​កំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់​ Ayatollah Ali Khamenei ឈរមុខក្តាម្ឈូស​សព​សមាជិក​កងឆ្មាំបដិវត្តទាំង​៧នាក់ ដែលបានស្លាប់ដោយ​ការវាយ​ប្រហាររបស់អ៊ីស្រាអែល នៅស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងក្រុងដាម៉ាស។ តេហេរ៉ង់ ថ្ងៃទី ៤មេសា ២០២៤
មគុទេសន៍​កំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់​ Ayatollah Ali Khamenei ឈរមុខក្តាម្ឈូស​សព​សមាជិក​កងឆ្មាំបដិវត្តទាំង​៧នាក់ ដែលបានស្លាប់ដោយ​ការវាយ​ប្រហាររបស់អ៊ីស្រាអែល នៅស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងក្រុងដាម៉ាស។ តេហេរ៉ង់ ថ្ងៃទី ៤មេសា ២០២៤ via REUTERS - Wana News Agency
ផ្សាយពាណិជ្ជកម្ម

មានសំណួរជាច្រើន នៅពីក្រោយ​ការសម្រេចចិត្តវាយ​ប្រហារ​របស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល​។ តើអ៊ីរ៉ង់ពិតជាចង់ប្រកាសសង្គ្រាម​ដោយ​ផ្ទាល់ និងដោយ​ចំហរជាមួយអ៊ីស្រាអែលមែនឬ?

អ៊ីរ៉ង់បញ្ជាដ្រូន និងបាញ់មីស៊ីលដោយ​ផ្ទាល់​ទៅអ៊ីស្រាអែល វាគឺជាលើកទី១ពិតមែន​ហើយ។ តែ​​បើយើងត្រលប់​ទៅ​មើល​ ប៉ុន្មានថ្ងៃកន្លងមកនេះ យើងឃើញថាធាតុពិតទៅ ការវាយ​ប្រហាររបស់អ៊ីរ៉ង់នេះ មិនបានធ្វើ​ឲ្យគេភ្ញាក់​ផ្អើល​ប៉ុន្មានឡើយ។ កាលពីថ្ងៃទី​៣មេសា អាយ៉ាតូឡា អាលីខាមឺណី មគុទេសន៍​ដឹកនាំកំពូលនៃរបបអ៊ីស្លាមផ្តាច់ការអ៊ីរ៉ង់ បានស្រែកប្រកាសគំរាមថាអ៊ីរ៉ង់នឹងសងសឹក​ ពិន័យអ៊ីស្រាអែល​ ចំពោះទង្វើឧក្រិដ្ឋដែលអ៊ីស្រាអែលបានបាញ់មីស៊ីល​​កំទេចស្ថានកុងស៊ុល​អ៊ីរ៉ង់នៅក្នុងទីក្រុងដាម៉ាស បណ្តាល​​ឲ្យ​ស្លាប់​មន្ត្រីទាហានកងឆ្មាំបដិវត្តអ៊ីរ៉ង់ចំនួន​៧នាក់​។

ជាមួយគ្នានេះដែរ ប៉ុន្មានថ្ងៃមកនេះ ក្រុមមន្ត្រីជំនាញ​ចារកិច្ចមិនថាអាមេរិក បារាំង អង់គ្លេស ឬអ៊ីស្រាអែល សុទ្ធតែបាន​ប្រកាសឲ្យដឹងជាមុនថា អ៊ីរ៉ង់នឹងបើកការវាយ​ប្រហារសងសឹក មកលើអ៊ីស្រាអែល​​ក្នុង​ពេលឆាប់ៗនេះ​។ អ៊ីរ៉ង់ហាក់ដូចជាបាន​ប្រកូកប្រកាស ឲ្យគេដឹងឯងដឹងមុន ដើម្បី​ត្រៀ​មខ្លួនទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំរបស់ខ្លួន​​។ អ៊ីរ៉ង់​បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពិត​មែន តែដោយ​សារតែការបង្ហើបដំណឹងឲ្យគេដឹងមុនបែបនេះ គឺ​វាហាក់​មាន​ន័យថាអ៊ីរ៉ង់មិនចង់​ឲ្យ​អ៊ីស្រាអែលរងគ្រោះខ្លាំង​​ ព្រោះបានបង្ហើបឲ្យ​ត្រៀមខ្លួនទុកមុន​។

នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ លោកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យទី​​១៤មេសា គឺជា​ការ​សងសឹកដោយ​សក្តិសមបំផុត ទៅនឹង​ទង្វើឧក្រិដ្ឋរបស់អ៊ីស្រាអែល។ មន្ត្រីទូតអ៊ីរ៉ង់ដដែល អះអាងថា ការវាយ​ប្រហាររបស់អ៊ីរ៉ង់គឺជា​ទង្វើឆ្លើយតបក្នុងន័យ​ការពារខ្លួន ដោយ​គោរពទៅតាម​មាត្រា​៥១ នៃកតិកាសញ្ញាអង្គការសហប្រជាជាតិស្តីពីការការពារខ្លួនដោយ​ស្របច្បាប់​។ ប្រមាណ​​៣ម៉ោង ក្រោយ​អ៊ីរ៉ង់​ចាប់ផ្តើម​បាញ់គ្រាប់ទៅ​លើអ៊ីស្រាអែល ប្រធានបេសកកម្ម​អ៊ីរ៉ង់ប្រចាំ​អង្គការសហប្រជាជាតិ បាន​បង្ហោះសារថា “សំណុំរឿង​នេះ​បានចប់សព្វគ្រប់ហើយ” ពោលគឺ​សម្រាប់អ៊ីរ៉ង់ គឺអ៊ីរ៉ង់បានសងសឹកអ៊ីស្រាអែលរួចស្រេចបាច់ហើយ។ បើនិយាយឲ្យងាយ​ស្តាប់ គឺមានន័យថារួចគ្នាត្រឹមនេះ។

ក្នុងន័យនេះ វាហាក់មានន័យថាអ៊ីរ៉ង់គ្មានផែនការ​ណា បន្ត​​វាយ​ប្រហារ​លើ​អ៊ីស្រាអែលបន្ថែមទៀតទេ។ តែទន្ទឹមនឹងនេះ​ ទូតអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ​ បានប្រកាសគំរាមថា បើថ្ងៃមុខអ៊ីស្រាអែលហ៊ានធ្វើ​អ្វី​ខុសឆ្គងទៀត គឺអ៊ីរ៉ង់នឹងពិន័យ​ឲ្យធ្ងន់ជាងនេះទៀត​​។ បន្ថែមពីនេះ អគ្គមេបញ្ជាការ​កងទ័ព​អ៊ីរ៉ង់​ឈ្មោះ Mohammad Bagheri បាន​លើកឡើងថា គេបានផ្ញើសារទៅកាន់សហរដ្ឋអាមេរិកហើយ ដោយប្រាប់ថា អាមេរិកត្រូវនៅឲ្យឆ្ងាយ​មិនត្រូវលូកដៃ​សហការជាមួយអ៊ីស្រាអែលជាដាច់ខាត​។

នគរបាលអ៊ីស្រាអែលកំពុងពិនិត្យ​មើល​​បំណែក​គ្រាប់រ៉ូកែតរបស់អ៊ីស្រាអែល ដែលធ្លាក់​បង្ករបួសធ្ងន់ ដល់​ក្មេងស្រី​អាយុ៧ឆ្នាំម្នាក់ នៅ​តំបន់ Arad អ៊ីស្រាអែល ថ្ងៃទី​១៤មេសា​២០២៤
នគរបាលអ៊ីស្រាអែលកំពុងពិនិត្យ​មើល​​បំណែក​គ្រាប់រ៉ូកែតរបស់អ៊ីស្រាអែល ដែលធ្លាក់​បង្ករបួសធ្ងន់ ដល់​ក្មេងស្រី​អាយុ៧ឆ្នាំម្នាក់ នៅ​តំបន់ Arad អ៊ីស្រាអែល ថ្ងៃទី​១៤មេសា​២០២៤ REUTERS - Christophe Van der Perre

គិតត្រឹមរសៀលថ្ងៃអាទិត្យទី​១៤មេសា រដ្ឋាភិបាលអ៊ីស្រាអែលរបស់លោកណេតាន់យ៉ាហ៊ូ មិនទាន់​បាន​ប្រកាសអ្វីទាំងអស់ ថាតើអ៊ីស្រាអែលនឹងវាយប្រហារទៅលើអ៊ីរ៉ង់វិញឬយ៉ាងណា? គឺការឆ្លើយតបទៅវិញ​​របស់អ៊ីស្រាអែលនេះហើយ ដែលអាចកំណត់ថា សង្គ្រាម​នឹងឆាបឆេះឬអត់​។​

លោកចូ បៃដិន​ បាន​ទូរស័ព្ទនិយាយដោយ​ផ្ទាល់ ជាមួយ​លោកណេតាន់យ៉ាហ៊ូ កាលពីយប់ថ្ងៃសៅរ៍​។ ផ្អែកតាមសេតវិមាន គឺលោក​ចូ បៃដិន បាន​បញ្ជាក់ប្រាប់ទៅ​ភាគីអ៊ីស្រាអែល ថា​សហរដ្ឋអាមេរិក​គាំទ្រ​អ៊ីស្រាអែល​និង​ជួយ​ការពារអ៊ីស្រាអែលជានិច្ច។ តែទន្ទឹមគ្នានេះ​ ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ Axios ដែល​ស្រង់​ប្រភព​ពី​មន្ត្រីសេតវិមាន​ គឺក្នុងពេល​និយាយទូរស័ព្ទ លោក​ចូ បៃដិន បាន​​ប្រាប់​​ទៅ​​​​លោក​​ណេតាន់យ៉ាហ៊ូថា សហរដ្ឋអាមេរិកប្រឆាំង​​ដាច់ខាត មិន​ឲ្យអ៊ីស្រាអែល​វាយ​ប្រហារសងសឹក​ទៅលើអ៊ីរ៉ង់វិញទេ​។

យោងតាមការវិភាគជាច្រើន បាន​លើកឡើងថា ការពិត​អ៊ីរ៉ង់​ខ្លួនឯងដឹងយ៉ាងច្បាស់ថា ការវាយប្រហារដោយ​ផ្ទាល់របស់ខ្លួន​មកលើទឹកដីអ៊ីស្រាអែល ប្រាកដ​ជារងការថ្កោលទោស ព្រមទាំងទណ្ឌកម្មពីសហគមន៍អន្តរជាតិ។ អ៊ីរ៉ង់ក៏ដឹងដែរ ថាអ៊ីស្រាអែល​នឹងសងសឹកវិញ ក្នុងរូបភាពណាមួយ។ ដូច្នេះហើយ​ទើបអ៊ីរ៉ង់បាន​​វាយ​ប្រហារ ទោះទ្រង់ទ្រាយ​ធំក៏ដោយ​ តែក៏បញ្ចៀសមិនឲ្យ​អ៊ីស្រាអែលរងគ្រោះខ្លាំង ឬមានស្លាប់​ជនស៊ីវីលឡើយ។ ពោលគឺ អ៊ីរ៉ង់ត្រូវបង្ខំចិត្ត​វាយ​ប្រហារសងសឹក​មកលើអ៊ីស្រាអែល ព្រោះពុំនោះទេ សម្តីស្រែកជេរស្រែក​គំរាម​កន្លងមករបស់ខ្លួនមកលើអ៊ីស្រាអែល វានឹងគ្មានន័យ។ បន្ថែមពីនេះទៀត អ៊ីរ៉ង់ត្រូវធ្វើ​ឲ្យកូនចៅខ្លួននៅក្នុងតំបន់​ ដែលមានដូចជាក្រុមហេសបូឡា និងក្រុមហ៊ូទីជាដើម មានការជឿជាក់ថាខ្លួនហាន​ថាគឺ​ហានធ្វើ​។

ធាតុពិតទៅ​ របបផ្តាច់ការអ៊ីរ៉ង់​ គ្មានហេតុផលអ្វីទៅ​ធ្វើ​ឲ្យ​សង្គ្រាមឆាបឆេះពេញតំបន់ឡើយ ព្រោះថា​​អនាគត​នៃរបបខ្លួន អាចនឹងរង្គោះរង្គើដួលរលំ។ អ៊ីរ៉ង់ស្រែកក្តែងៗ តែអ៊ីរ៉ង់ទំនងជាមិនឆោត ទៅធ្វើសង្គ្រាម​ដោយចំហជាមួយ​អ៊ីស្រាអែលនោះទេ។ អ៊ីរ៉ង់ដឹងថា​​កម្លាំងសព្វាវុធទំនើបរបស់អ៊ីស្រាអែលខ្លាំងជាងខ្លួន ហើយជាងនេះ​ទៀត អ៊ីស្រាអែល​អាចនឹងបានជំនួយ​ ពីមហាអំណាចលោកខាងលិច​ ព្រមទាំងប្រទេសអារ៉ាប់ខ្លះផង ដែលជាគូប្រជែងរបស់អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ