អានតួអត្ថបទ
អ៊ីរ៉ង់-ច្បាប់អ៊ីស្លាម

អ៊ីរ៉ង់ដាក់កាមេរ៉ានៅតាមទីសាធារណៈ​ដើម្បី​តាមដាន​ចាប់​ស្រ្តីណា​ដែលមិន​ទទូរ​ស្បៃលើក្បាល

អាជ្ញាធរអ៊ីរ៉ង់​បង្កើន​ការរឹតបន្តឹង​ការអនុវត្ត​ច្បាប់អ៊ីស្លាម នៅក្នុងប្រទេស។ នៅថ្ងៃសៅរ៍ទី ៨​មេសា ប៉ូលិស​អ៊ីរ៉ង់​បាន​ចេញសេចក្តីប្រកាស​ស្តីពីការបំពាក់កាមេរ៉ា​នៅតាមទីសាធារណៈ និងនៅតាមផ្លូវដំណើរ​ដើម្បី​តាមដាន កំណត់អត្តសញ្ញាណ​ស្រ្តីណា​ដែលមិន​ទទូរក្រណាត់ ឬ​ស្លៀកពាក់ មិនត្រឹមត្រូវ​តាមច្បាប់សាសនា​អ៊ីស្លាម។ នៅក្នុង​សេចក្តីថ្លែងការណ៍ដាច់ដោយឡែក កាលពី​ថ្ងៃទី ៣០មីនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ង់​បានអំពាវនាវ​ឲ្យ​មហាជន​អ៊ីរ៉ង់ រករឿង ស្តីបន្ទោស​ស្រ្តីណា​ដែលមិន​ទទូរ​ស្បៃលើក្បាល នៅទីសាធារណៈ។

នៅអ៊ីរ៉ង់ ចាប់តាំងផ្ទុះកើតមាន​ព្រឹត្តិការណ៍ បះបោរ​ប្រឆាំង​រដ្ឋាភិបាល កាលពីឆ្នាំ មុន ដោយសារ​មរណភាព​របស់​នាង ម៉ាសា អាមីនី ដែលស្លាប់​ក្នុងពេល​ចាប់ខ្លួន របស់​ប៉ូលិស​សីលធម៌ ស្រ្តី​កាន់តែច្រើន​បោះបង់​ទម្លាប់​ទទូរក្រណាត់​លើក្បាល
នៅអ៊ីរ៉ង់ ចាប់តាំងផ្ទុះកើតមាន​ព្រឹត្តិការណ៍ បះបោរ​ប្រឆាំង​រដ្ឋាភិបាល កាលពីឆ្នាំ មុន ដោយសារ​មរណភាព​របស់​នាង ម៉ាសា អាមីនី ដែលស្លាប់​ក្នុងពេល​ចាប់ខ្លួន របស់​ប៉ូលិស​សីលធម៌ ស្រ្តី​កាន់តែច្រើន​បោះបង់​ទម្លាប់​ទទូរក្រណាត់​លើក្បាល AP - Vahid Salemi
ផ្សាយពាណិជ្ជកម្ម

អំណើះតទៅ ប៉ូលិសអ៊ីរ៉ង់​នឹង​ប្រើជំនួយកាមេរ៉ា នៅតាមផ្លូវ ដើម្បី​តាមដាន​រកមុខ​ស្រ្តីដែល​មិន​ទទូរ​ក្រណាត់​លើក្បាល។ នៅក្នុង​សេចក្តីប្រកាសកាលពីថ្ងៃ​សៅរ៍ ប៉ូលិសអ៊ីរ៉ង់​និយាយ​ថា គេ​នឹងបំពាក់កាមេរ៉ា នៅតាមទីសាធារណៈ​ដើម្បី​កំណត់​មុខ អត្តសញ្ញាណ​របស់​ស្រ្តី ដែល​ស្លៀកពាក់ មិនត្រឹមត្រូវ​តាមច្បាប់អ៊ីស្លាម។

តាម​ទីភ្នាក់ងារ​ព័ត៌មាន Mizan ដែល​ចុះផ្សាយ​សេចក្តីប្រកាស​របស់​ប៉ូលិស​អ៊ីរ៉ង់ ស្រ្តីណាដែល​កាមេរ៉ាថត​ចាប់​បាន​ថា មិនបាន​ទទូរក្រណាត់លើក្បាល នៅ​ពេល​ចេញ​ទៅតាម​ទីសាធារណៈ នឹងទទួលបានរូបថត ភ្ជាប់ជាមួយ​សារទូរស័ព្ទ ពី​ប៉ូលិស ដែលព្រមាន​ពីផលវិបាក បើសិន នៅតែ​មិនព្រម​ស្លៀកពាក់ត្រឹមត្រូវ​តាម​ច្បាប់អ៊ីស្លាម។

តាម​សេចក្តីប្រកាស ប៉ូលិសអ៊ីរ៉ង់សម្រេចចិត្ត​បំពាក់កាមេរ៉ា តាមដាននៅតាមទីសាធារណៈ នៅក្នុង​គោលដៅ ទប់ស្កាត់​និន្នាការ​ប្រឆាំងច្បាប់​អ៊ីស្លាម​ស្តីពីស្រ្តីទទូរក្រណាត់លើក្បាល។ នៅក្នុង​សេចក្តីប្រកាស​កាលពីថ្ងៃ​សៅរ៍ ប៉ូលិសអ៊ីរ៉ង់នៅបាន​អំពាវនាវ​គ្រប់ក្រុមហ៊ុន នៅក្នុងប្រទេស គោរព និងតាមដាន​ឲ្យ​បាន​ម៉ត់ចត់ ការស្លៀកពាក់​របស់​បុគ្គលិកស្រ្តីដែលស្របតាមច្បាប់អ៊ីស្លាម។

ប៉ូលិស​អ៊ីរ៉ង់ប្រកាស​បំពាក់កាមេរ៉ា នៅ​តាមផ្លូវ​ដើម្បី​រឹតបន្តឹង ការទទូរ​ក្រណាត់​លើក្បាល នៅពេលនេះ គឺ​បន្ទាប់​ពីរូបវីដេអូ​ជាច្រើន ស្តីពី​ស្រ្តីអ៊ីរ៉ង់​ដែល​គ្មានក្រណាត់ទទូរលើក្បាល ហើយកំពុង​តវ៉ា​ប្រឆាំង​នឹង​ប៉ូលិស​សីលធម៌ ត្រូវ​គេ​បង្ហោះផ្សាយពេញ​បណ្តាញ​សង្គម។សម្រាប់​ប៉ូលិស​អ៊ីរ៉ង់ ការក្រាញប្រឆាំង​នឹងការពាក់ ទទូរក្រណាត់លើក្បាល កំពុងប៉ះពាល់​រូបភាព​សាសនា​របស់​ប្រទេស និង​ញុះញង់ បង្ក​បញ្ហា​អសន្តិសុខ។

នៅអ៊ីរ៉ង់ ចាប់តាំងផ្ទុះកើតមាន​ព្រឹត្តិការណ៍ បះបោរ​ប្រឆាំង​រដ្ឋាភិបាល កាលពីឆ្នាំ មុន ដោយសារ​មរណភាព​របស់​នាង ម៉ាសា អាមីនី ដែលស្លាប់​ក្នុងពេល​ចាប់ខ្លួន របស់​ប៉ូលិស​សីលធម៌ ស្រ្តី​កាន់តែច្រើន​បោះបង់​ទម្លាប់​ទទូរក្រណាត់​លើក្បាល។ នៅតាម​ភោជនីយដ្ឋាន នៅហាងទំនិញ និងនៅតាមទីសាធារណៈ ស្រ្តីអ៊ីរ៉ង់​មួយចំនួន លែង​ទទូរក្រណាត់លើក្បាល បើទោះជាដឹងថា ពួកគេអាចប្រឈម​នឹង​ការចាប់ខ្លួន បង់ពិន័យ ឬការគំរាមកំហែងសន្តិសុខ។

នៅក្នុង​សេចក្តីប្រកាសចុងខែ​មីនា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអ៊ីរ៉ង់​អំពាវនាវ​ឲ្យពលរដ្ឋអ៊ីរ៉ង់ រករឿង​ស្រ្តីណា​ដែលមិនព្រមទទូរក្រណាត់​លើក្បាល។ ការអំពាវនាវ​របស់​រដ្ឋមន្រ្តីមហាផ្ទៃអ៊ីរ៉ង់​មាន​ប្រសិទ្ធិភាព ព្រោះថា នៅ​សប្តាហ៍មុន វីដេអូ​នៅលើ​បណ្តាញសង្គម​បង្ហាញ​បុរសម្នាក់​ជះទឹកដោះគោរជូទៅលើ​ស្រ្តីម្នាក់​ដែលមិនពាក់ទទូរក្រណាត់​លើក្បាល​នៅក្នុងហាងទំនិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ