អានតួអត្ថបទ
អ៊ីរ៉ង់-អ៊ីស្រាអែល

អ៊ីរ៉ង់​វាយ​អ៊ីស្រាអែល៖ សហគមន៍​អន្តរជាតិ​​​ថ្កោល​ទោស​​អ៊ីរ៉ង់ និង​​ព្រួយ​បារម្ភ​អំពីសង្គ្រាម​​ឆេះ​រាល​ដាល

យប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី១៤មេសា អ៊ីរ៉ង់បានបើកការវាយប្រហារទ្រង់ទ្រាយធំ ដោយផ្ទាល់​និង​ជា​លើក​ទី១ មកលើអ៊ីស្រាអែល​។ ជាការវាយប្រហារ ដែល​អ៊ីរ៉ង់អះអាងថាជាការសងសិក ចំពោះ “ទង្វើឧក្រិដ្ឋ” របស់អ៊ីស្រាអែល ដែលបានបាញ់មីស៊ីល​ទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់នៅក្រុងដាម៉ាស កាលពីខែមីនា។ យ៉ាងណាក៏ដោយ ការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល​នាពេលនេះ ត្រូវបាន​សហគមន៍អន្តរជាតិ​ថ្កោលទោស និងថ្លែង​ការព្រួយបារម្ភ​ជាខ្លាំង ថាអ៊ីរ៉ង់កំពុងប្រលែងលេងនឹងភ្លើងសង្គ្រាម​ដ៏គ្រោះថ្នាក់ ដែលអាចឆេះរាលដាលទូទាំងតំបន់​ដើមបូព៌ា។

ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល កំពុងប្រតិបត្តិការ​កំទេច​មីស៊ីលនិងដ្រូន ដែលអ៊ីរ៉ង់បាញ់សំដៅ​មកអ៊ីស្រាអែល​ យប់រំលងអាធ្រាត្រថ្ងៃទី១៣ ឈានចូលទី​​១៤មេសា២០២៤​
ប្រព័ន្ធខែលមីស៊ីលអ៊ីស្រាអែល កំពុងប្រតិបត្តិការ​កំទេច​មីស៊ីលនិងដ្រូន ដែលអ៊ីរ៉ង់បាញ់សំដៅ​មកអ៊ីស្រាអែល​ យប់រំលងអាធ្រាត្រថ្ងៃទី១៣ ឈានចូលទី​​១៤មេសា២០២៤​ REUTERS - Amir Cohen
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ បានកោះប្រជុំ​បន្ទាន់ប៉ុន្មានម៉ោងក្រោយ​ដឹងដំណឹង អំពីការវាយ​ប្រហាររបស់អ៊ីរ៉ង់ មកលើអ៊ីស្រាអែល​។ លោកអង់តូនីញូ ហ្គូតទែរស៍ បានថ្កោលទោសការវាយ​ប្រហារនេះ ថាជា​ការ​បញ្ឆេះសង្គ្រាម​ដ៏គ្រោះថ្នាក់ និងបាន​អំពាវនាវឲ្យ​បញ្ឈប់សកម្មភាព​រករឿងគ្នានេះជាបន្ទាន់​។ លោក​អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន​លើកឡើងអំពីការព្រួយបារម្ភដ៏ធំ ទាក់ទិន​ការ​ឆេះ​រាលដាល​ភ្លើងសង្គ្រាម ទូទាំងតំបន់ដើមបូព៌ា ហើយលោកសូម​ឲ្យ​គ្រប់ភាគី ត្រូវខាំមាត់អត់ធ្មត់ ដើម្បីបញ្ចៀស​បញ្ហាគ្រោះមហន្តរាយសង្គ្រាមនេះ​។

ថ្នាក់ដឹកនាំក្រុម​ប្រទេស​សេដ្ឋកិច្ចនាំមុខ G7 បានជួបប្រជុំគ្នា​ជាបន្ទាន់ដែរ តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ភ្លាម​​ៗ​ក្រោយ​​បាន​ដំណឹង។ លោក​ចូ បៃដិន ដែលកំពុងសម្រាក​នៅរដ្ឋ Delaware បាន​ប្រញេប​ប្រញាប់ត្រលប់មកសេតវិមាន​វិញភ្លាម ដើម្បី​ប្រជុំបន្ទាន់ជាមួយ​មន្ត្រីជំនាញ​សន្តិសុខ កាលពីយប់ថ្ងៃសៅរ៍​ទី​១៣​មេសា។ ក្នុងសារ​បង្ហោះលើបណ្តាញ​សង្គម​X លោក​ចូ បៃដិន​​​ បានចាត់ទុក​ការវាយប្រហាររបស់អ៊ីរ៉ង់​មក​លើ​អ៊ីស្រាអែល ថាជាទង្វើដ៏គួរ​ឲ្យ​ខ្មាសអៀន​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី​​អាមេរិក បាន​អះអាងជាថ្មី អំពីការគាំទ្រដ៏រឹងមាំរបស់អាមេរិកចំពោះអ៊ីស្រាអែល​ ដោយ​កងទ័ពអាមេរិកបានចូលរួម “បាញ់ស្ទាក់​បានសឹងតែទាំងស្រុង” នូវមីស៊ីល​និងដ្រូន​របស់អ៊ីរ៉ង់។

ពីខាងអឺរ៉ុបវិញ ប្រតិកម្មក៏មិនខុសគ្នាដែរ ដោយ​គេបាន​ថ្លែងការព្រួយបារម្ភខ្លាំងបំផុត ស្តីពី​សង្គ្រាម​ឆាប​ឆេះ​រាលដាលពេញតំបន់ដើមបូព៌ា នៅក្រោយ​ការវាយប្រហារទ្រង់ទ្រាយធំនិង​ជាលើកទីមួយរបស់អ៊ីរ៉ង់ មក​លើ​អ៊ីស្រាអែល​​នា​ពេលនេះ​។ ទាំងបារាំង អង់គ្លេស និងអាល្លឺម៉ង់ សុទ្ធតែបានផ្ញើសារ​ប្រកាសបញ្ជាក់ អំពី​គោលជំហរ​​គាំទ្រ​ដ៏រឹងមាំ​ចំពោះអ៊ីស្រាអែល​។ លោក​ម៉ាក្រុង ប្រធានាធិបតីបារាំង បាន​សរសេរ​លើបណ្តាញសង្គមX ដោយ​ថ្កោលទោសការវាយប្រហារ និង​បានអំពាវនាវឲ្យ​ភាគីទាំងសងខាង អត់ធ្មត់ដកថយរៀងខ្លួន ដើម្បី​កុំឲ្យផ្ទុះសង្គ្រាម​។ លោក Josep Borrell ប្រមុខការទូតអឺរ៉ុបបានថ្លែងថា ទង្វើរបស់អ៊ីរ៉ង់នៅពេលនេះ គឺជាទង្វើគ្មានការទទួលខុសត្រូវ និងគំរាម​យ៉ាងខ្លាំងមកលើ​សន្តិសុខដំបន់ដើមបូព៌ា។​

ដូចគ្នាដែរ អារ៉ាប៊ីសាអូឌីត ដែលជាគូប្រជែងក្នុងតំបន់របស់អ៊ីរ៉ង់ បាន​ថ្លែងអំពាវនាវ​ថាគ្រប់ភាគី​ត្រូវ​ខាំមាត់អត់ធ្មត់​ឲ្យ​បានខ្លាំងបំផុត​ ដើម្បី​ការពារ​​ប្រជាជន​នៅ​តំបន់ដើមបូព៌ាពីភ្លើងសង្គ្រាម​​។ នៅក្នុងលិខិតប្រកាស រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាន​អំពាវនាវផងដែរថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវតែ​បំពេញតួនាទីនិងកាតព្វកិច្ចខ្លួននៅពេលនេះ នៅក្នុងការ​រក្សា​សន្តិភាព​និង​សន្តិសុខអន្តរជាតិ​។ មិនខុសពី​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប​ដែលជា​មហាអំណាចដ៏ធំមួយទៀតប្រចាំតំបន់ដើមបូព៌ា ប្រាប់ទៅ​ភាគីជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ត្រូវតែ​ដកថយរៀងៗខ្លួន កុំប្រើកំហឹងទល់កំហល់ឲ្យសោះ។ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបអះអាងថា ខ្លួន​កំពុងតែទាក់ទងនិយាយដោយ​ផ្ទាល់ជាមួយថ្នាក់ដឹកនាំនៃភាគីជម្លោះទាំង២ ដើម្បីបន្ធូបន្ថយស្ថានការណ៍ ចៀសវាងសង្គ្រាមរាលដាលទូទាំងតំបន់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ