អានតួអត្ថបទ
ថៃ

លោក​ថាក់ស៊ីន​បារម្ភ​ខ្លាច​មេដឹកនាំ​របបសឹក​នៅ​បន្ត​ក្រាញអំណាច

លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ បាន​ចេញមុខ​សាជាថ្មី ក្នុងការ​រិះគន់​មេដឹកនាំ​របបសឹកថៃ ដោយ​បាន​លើកឡើង​ពីក្តីបារម្ភ​ថា ពួកគេ​អាច​នឹង​នៅ​បន្ត​ក្រាញ​អំណាច ហើយ​មិនព្រម​រៀបចំ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ។ លោកថាក់​ស៊ីន​ក៏​បាន​លើកឡើង​ផងដែរ​ថា នៅ​ក្រោម​ការ​ដឹកនាំ​របស់​របបសឹក សេដ្ឋកិច្ច​ថៃ​អាច​នឹង​ត្រូវ​ជួប​នឹង​បញ្ហា។

លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០១៦
លោក​ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្រ្តីថៃ នៅ​ទីក្រុង​ញូវយ៉ក ថ្ងៃ​ទី៩ ខែមីនា ឆ្នាំ២០១៦ Jewel SAMAD / AFP
ផ្សាយពាណិជ្ជកម្ម

អស់មួយរយៈកាល​មកហើយ ដែល​លោក​ថាក់ស៊ីន​ហាក់ដូចជា​បាន​បាត់មុខ​ មិនសូវ​ឮសំឡេង។ ទើប​តែ​ក្នុងរយៈពេលប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ដែល​លោក​ចាប់ផ្តើម​ចេញមុខ​សាជាថ្មី​ឡើងវិញ ដោយ​បាន​ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​នៅ​ប្រទេស​សិង្ហបុរី និង​ចេញមុខថ្លែងការណ៍​នៅ​ក្នុង​វេទិកា​នយោបាយ​មួយ នៅ​ក្នុង​ទីក្រុង​ញូវយ៉ក កាលពីថ្ងៃ​ពុធ​ម្សិលមិញ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​អាអែហ្វប៉េ ពីទីក្រុង​ញូវយ៉ក លោក​អតីត​នាយករដ្ឋមន្រ្តី​ថៃ​បាន​លើកឡើង​ថា លោក​មិនជឿ​លើ​ពាក្យសន្យា​របស់​មេដឹកនាំ​របបសឹក ដែល​ថា​នឹង​រៀបចំ​ការបោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ដើម្បី​​ផ្ទេរ​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​វិញ​នោះទេ។ សម្រាប់​លោក​ថាក់ស៊ីន រាល់​សកម្មភាព​ដែល​មេដឹកនាំ​របបសឹក​កំពុង​ធ្វើ​នៅពេលនេះ គឺ​បង្ហាញ​ឲ្យឃើញ​ថា ពួកគេ​មាន​គម្រោង​ក្រាញ​អំណាច​ក្នុងរយៈពេល​វែង​តទៅមុខទៀត។

ឆ្លើយតប​ទៅនឹង​សំណួរ​ថា​តើ​លោក​ចង់​វិលត្រឡប់​ចូល​ទៅ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ក្នុង​ប្រទេស​ថៃ​វិញ​ដែរ​ឬ​អត់​នោះ លោក​ថាក់ស៊ីន បាន​លើកឡើង​ថា លោក​មិនច្រានចោល​ទាំងស្រុង​នូវ​លទ្ធភាព​នេះទេ តែ​ក្នុង​ពេល​ជាមួយ​គ្នា​លោក​​បាន​បន្ថែម​ថា នៅ​ពេលនេះ លោក​មាន​វ័យ​ ៦៧ឆ្នាំ​ទៅហើយ ដូច្នេះ លោក​ចង់​រស់នៅ​ក្នុង​ជីវភាព​សាមញ្ញ​ធម្មតា​ដោយ​សុខស្រួល ហើយ​គ្មាន​​​មហិច្ឆតា​ចង់​វិលត្រឡប់​ទៅ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​វិញ​នោះទេ។

គួរបញ្ជាក់ផងដែរ​ថា វត្តមាន​របស់​លោក​ថាក់ស៊ីន នៅ​ទីក្រុង​ញូវយ៉ក កាល​ពីថ្ងៃ​ពុធ​នេះ បាន​ទាក់ទាញ​ឲ្យ​មាន​ចលនា​បាតុកម្ម​ពី​មនុស្ស​ពីរក្រុម ដោយ​មួយក្រុម​​​​សម្តែង​ការ​ស្វាគមន៍​ចំពោះ​លោក​អតីត​នាយករដ្ឋមន្រ្តី​ និង​មួយក្រុម​ទៀត​តវ៉ា​ប្រឆាំង​ទាមទារ​ឲ្យ​លោក​វិលត្រឡប់​ទៅ​ទទួល​ទោស​នៅ​ក្នុង​ប្រទេស​ថៃ ពីបទ​ពុករលួយ។

ប្រតិកម្ម​តបនឹង​ចលនា​បាតុកម្ម​ទាំងនេះ លោក​ថាក់ស៊ីន​បាន​និយាយ​​​ដោយខ្លី​ក្នុងន័យ​កំប្លែង​បែប​​ចំអក​​ថា លោក​សង្ឃឹម​ថា​​ នៅ​សហរដ្ឋ​អាមេរិក​នេះ​ ពួកគេ​នឹង​មិនជួប​​បញ្ហា​អ្វី​​ទេ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ