អានតួអត្ថបទ
វិបត្តិស៊ីរី

បារាំង​និង​អារ៉ាប៊ីសាអ៊ូឌីត​បង្ហាញ​ពី​ជំហរ​រួម​ចំពោះ​វិបត្តិស៊ីរី

តំណាង​អ.ស.ប​បាន​ប្រកាស​ឲ្យដឹង​ថា កិច្ចចរចា​សន្តិភាព​នៅ​ស៊ីរី​នឹង​ត្រូវ​ចាប់ផ្តើម​បើក​ធ្វើឡើងវិញ នៅថ្ងៃ​ទី១០​មីនា​ខាងមុខ។ ក៏ប៉ុន្តែ រហូតមកទល់​នឹងពេល​បច្ចុប្បន្ន​នេះ ក្រុមឧទ្ទាម​ស៊ីរី​នៅមិនទាន់​បាន​ឆ្លើយតប​នៅឡើយទេ​ថា តើ​ពួកគេ​នឹង​ចូលរួម​ក្នុង​ការចរចា​នេះ​ដែរ​ឬទេ? នៅ​ក្នុងពេល​ជាមួយគ្នា​នេះ បារាំង និង​អារ៉ាប៊ីសាអ៊ូឌីត បាន​បង្ហាញ​ពី​ជំហរ​រួមគ្នា នៅ​ក្នុង​ដំណោះស្រាយ​វិបត្តិ​ស៊ីរី ជាពិសេស ទាក់ទង​​ទៅនឹង​ជោគវាសនា​របស់​លោក​បាស្ហា អាល់អាសាដ។

លោក​ហ្សង់ម៉ាក អេរ៉ូ (Jean-Marc Ayrault) រដ្ឋមន្រ្តី​ការបរទេស​បារាំង និង​រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ី​សាអ៊ូឌីត ពេល​ជួបគ្នា​​នៅ​ទីក្រុង​ប៉ារីស
លោក​ហ្សង់ម៉ាក អេរ៉ូ (Jean-Marc Ayrault) រដ្ឋមន្រ្តី​ការបរទេស​បារាំង និង​រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ី​សាអ៊ូឌីត ពេល​ជួបគ្នា​​នៅ​ទីក្រុង​ប៉ារីស DOMINIQUE FAGET / AFP
ផ្សាយពាណិជ្ជកម្ម

តើ​លោក​បាស្ហា​អាល់​អាសាដ​អាច​នៅ​បន្ត​កាន់តំណែង​តទៅទៀត ឬ​ត្រូវ​ចុះចេញ​ពី​តំណែង? តើ​ត្រូវ​ចុះចេញ​ភ្លាមៗ ឬ​ចុះចេញ​នៅ​ពេល​ក្រោយ? ទាំងនេះ​នៅតែ​ជា​ចំណុច​ខ្ទាស់​ដ៏​ធំមួយ នៅ​ក្នុង​កិច្ចចរចា​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ស៊ីរី។ កិច្ចចរចា​ដែល​ត្រូវ​ជាប់គាំង​តាំង​ពី​ឆ្នាំ​២០១៤មក។

នៅ​ក្រោយ​ជំនួប​នៅ​ទីក្រុង​ប៉ារីស កាល​ពីថ្ងៃ​សៅរ៍​ម្សិលមិញ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង និង​សមភាគី​អារ៉ាប៊ីសាអ៊ូឌីត​បាន​បង្ហាញ​នូវ​ជំហរ​រួមគ្នា​ ទាក់ទង​នឹង​វិបត្តិ​នៅ​ស៊ីរី​នេះ។

ទាក់ទង​នឹង​ជោគវាសនា​របស់​លោក​បាស្ហា អាល់អាសាដ បារាំង​នៅតែ​ប្រកាន់​ជំហរ​ដដែល គឺ​លោក​អាសាដ ដែល​ប្រើ​កម្លាំង​ទ័ព​បាញ់​សម្លាប់​​ប្រជាជន​ខ្លួន​ឯង នៅ​ក្នុង​ចលនា​បាតុកម្ម កាល​ពី​ឆ្នាំ​២០១១ មិនសក្តិសម​នៅ​ធ្វើ​ជា​មេដឹកនាំ​ស៊ិរី​តទៅទៀត​នោះទេ។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា បារាំង​ក៏​បាន​បញ្ជាក់ផងដែរ​ថា គេ​ក៏​មិនចាំបាច់​ទាមទារ​ថា លោក​អាសាដ​ត្រូវ​តែ​ចុះចេញ​ពី​តំណែង​ភ្លាមៗ​ឥឡូវ​នេះ​នោះដែរ គឺ​អាច​ចុះចេញ​នៅ​ពេល​ក្រោយ។

ប្រមុខការទូត​អារ៉ាប៊ីសាអ៊ូឌីត​វិញ ដែល​ជា​ប្រទេស​គាំទ្រ​ក្រុម​ឧទ្ទាម​ស៊ីរី បាន​បញ្ជាក់​លម្អិត​ថា លោក​អាសាដ​ត្រូវ​តែ​ចុះចេញ​ពីតំណែង នៅ​ពេលណា​ដែល​ការចរចា​សម្រេច​បាន​ជា​កិច្ចព្រមព្រៀង ហើយ​ក្រោយ​ពី​រដ្ឋាភិបាល​អន្តរកាល​មួយ​ត្រូវ​បាន​បង្កើតឡើង។

ក៏ប៉ុន្តែ ប្រេសិតពិសេស​របស់​អ.ស.ប​បាន​ឲ្យដឹង​ថា របៀបវារៈ​នៃ​កិច្ចចរចា ដែល​ត្រូវ​បើក​ធ្វើ នៅថ្ងៃ​ទី១០​មីនា​ខាងមុខនេះ មិនមាន​និយាយ​ដល់​ជោគវាសនា​របស់​លោក​បាស្ហា​អាល់អាសាដ​នោះទេ។ របៀបវារៈ​សំខាន់ៗ​មាន​តែ​៣ប៉ុណ្ណោះ គឺ​ការ​បង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន ការ​តាក់តែងរដ្ឋធម្មនុញ្ញ​ថ្មី និង​ការ​រៀបចំ​បោះឆ្នោត​សភា និង​ប្រធានាធិបតី នៅ​ក្នុងរយៈពេល ១៨ខែ។ ចំពោះ​ជោគវាសនា​របស់​លោក​អាសាដ​វិញ ប្រេសិត​ពិសេស​របស់​អ.ស.ប បាន​បញ្ជាក់ថា គេ​គួរ​តែ​ទុក​ឲ្យ​ប្រជាជន​ស៊ីរី​ខ្លួនឯង​ជា​អ្នក​សម្រេច ដែល​នេះ​គឺ​ជា​ជំហរ​មួយ​ស្រដៀងគ្នា​ទៅនឹង​អ្វី​ដែល​លោក​ប្រធានាធិបតី​រុស្ស៊ី​តែងតែ​បាន​ទាមទារ​រហូតមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ