អានតួអត្ថបទ
ថៃ-ហ្វេសប៊ុក

ថៃ ៖ ហ្វេសប៊ុក​បិទគណនី​​របស់​ក្រុម​អ្នកប្រជាធិបតេយ្យ តាម​បញ្ជា​របស់​រដ្ឋាភិបាល តែ​សន្យាទៅ​​តវ៉ា

ហ្វេសប៊ុកនឹងធ្វើការ​​តវ៉ាតាម​ផ្លូវ​ច្បាប់​ ប្រឆាំង​នឹង​​បញ្ជា​របស់​រដ្ឋាភិបាល​ថៃ ដែល​បង្ខំ​ឱ្យ​ប្រព័ន្ធ​សង្គម​បិទគណនី​​របស់​ក្រុមអ្នក​គាំទ្រចលនា​​​ប្រជាធិបតេយ្យ។ ជាគណនី​ដ៏​​មាន​ប្រជា​ប្រិយភាព​ ឧទ្ទិស​ដល់​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង​ក្នុង​ប្រទេស​ថៃ តាំង​ពី​ខែ​កក្កដា​មក ក្នុង​ទម្រង់ជា​រលក​បាតុកម្ម​ដ៏​ធំ​ប្រឆាំងនឹងរដ្ឋាភិបាលផង ប្រឆាំងនឹង​របប​រាជានិយមផង។​

ហ្វេសប៊ុក​បិទ​គណនី​របស់​ក្រុម​គាំទ្រ​ចលនាប្រជាធិបតេយ្យ​ថៃ
ហ្វេសប៊ុក​បិទ​គណនី​របស់​ក្រុម​គាំទ្រ​ចលនាប្រជាធិបតេយ្យ​ថៃ AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ទើប​បង្កើតឡើង​នៅ​ខែមេសា ឆ្នាំ​២០២០ ប្រមូល​​​សមាជិក​បានដល់​ទៅ​​ជាង​មួយលាន​នាក់ គណនី​របស់​ក្រុម"Royalist Marketplace" ​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេសប៊ុក សម្រេច​ចិត្ត​ដោយ​បង្ខំ បិទ​ខ្ទប់​តាំង​ពី​ថ្ងៃចន្ទទី ២៤​សីហា មក តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាលថៃ។ នេះ​បើ​តាម​ការអះអាងរបស់​អ្នកនាំពាក្យហ្វេសប៊ុក ដោយ​បាន​ពន្យល់​បន្ថែមថា សំណើ​​​របស់​រដ្ឋាភិបាលថៃ ជា​បទ​បញ្ជាបញ្ច្រាស​នឹងច្បាប់អន្តរជាតិ។ ​ក្រុមហ៊ុនបណ្តាញសង្គមអាមេរិក នឹង​ខិត​ខំ​ធ្វើ​គ្រប់​យ៉ាងដើម្បីជួយ​ និង​ការពារ​ ច្បាប់​សម្រាប់​គ្រប់អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ទាំង​អស់។ ហ្វេសប៊ុក​កំពុង​រៀប​ចំ​សំណុំ​បែប​បទតវ៉ា​ ប្រឆាំង​នឹង​បញ្ជា​របស់​រដ្ឋាភិបាល​ក្រុង​បាងកក​តាមផ្លូវ​ច្បាប់ហើយ។ នេះ​បើ​តាមអ្នក​នាំពាក្យ​ក្រុមហ៊ុន​ដដែល។

ទោះបី​ហ្វេសប៊ុក​បាន​សន្យា​ធ្វើ​ការតវ៉ា​ក្តី ក៏​សម្រាប់​លោក ប៉ាវីន ចាចាវ៉ាល់ប៉ុងប៉ុន សកម្មជនប្រជាធិបតេយ្យ​ថៃ​កំពុង​និរទេសខ្លួន​នៅ​ជប៉ុន និង​ជា​អ្នកសម្របសម្រួល​គណនី​ "Royalist Marketplace" ម្នាក់ យល់​ថា​​ហ្វេសប៊ុកកំពុង​ចូល​រួម​ចំណែក​ជំរុញ​ឱ្យ​មាន​ភាព​ផ្តាច់ការ​នៅ​ប្រទេស​ថៃ និងទទួល​ស្គាល់​តាកតិចត្រួត​ត្រា​ព័ត៌មាន​​របស់​រដ្ឋាភិបាលថៃ។ “ការ​បិទគណនី​នេះជា​ការ​រារាំង​ដំណើរការ​ប្រជាធិបតេយ្យ​ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ នៅ​ថៃ”។ នេះ​បើ​តាម​លោក ប៉ាវីន ចាចាវ៉ាល់ប៉ុងប៉ុន ដែល​បាន​លម្អិត​ទៀត​ថា គណនី​ ជា​វេទិកា​ជែក​អំពី​របបរាជានិយម តួនាទីរបស់​រាជានិយម និង​ ផ្លូវ​ដែល​ត្រូវ​ធ្វើ​កំណែទម្រង់។

​ជា​ប្រធានបទ​ដ៏រសើបបំផុត​និង​​ការពារដោយ​ច្បាប់​​យ៉ាង​តឹង​តែ​បំផុត​​មួយ​នៅ​លើ​ពិភពលោក របប​រាជានិយមថៃ​​បាន​ប្តូរ​ផ្លាស់​​ តាំង​ពីព្រះមហាក្សត្រ​រ៉ាម៉ាX បាន​ឡើង​ស្នងរាជ​បន្ត​ពី​បិតា​នៅ​​ឆ្នាំ​២០១៦មក។ ព្រះមហាក្សត្រ​​គ្រប់​គ្រងទ្រព្យ​សម្បត្តិ​ដោយ​ផ្ទាល់ និង​ដាក់កងទ័ព​ស្ថិតនៅ​ក្រោមបញ្ជា​ផ្ទាល់​ទៀត។ ​តាំង​ពី​កក្កដា​មក ​តាមគំរូ​ហុងកុង ​ចលនា​ប្រជាធិបតេយ្យនិស្សិត​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​​បរិហារ​របប​រាជានិយម និង​រដ្ឋាភិបាល ដោយទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ដែល​ជា​អតីត​នាយ​ឧត្តម​សេនីយ៍​យោធា ចុះ​ចេញ​ពី​តំណែង រំលាយ​សភា​និង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧​ដែលផ្តល់​អំណាច​ដ៏មហិមា​ដល់​សមាជិក​ព្រឹទ្ធសភា​តែងតាំង​ឡើង​ដោយ​យោធា។ Anon Numpa មេដឹកនាំចលនា​ម្នាក់ ត្រូវ​បាន​អាជ្ញាធរថៃចាប់​ខ្លួន​​ជាថ្មី នៅ​ថ្ងៃ​​អង្គារនេះ​ ជាគម្រប់លើកទីបី​ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មានសប្តាហ៍។ តាំងពី​ផ្ទុះបាតុកម្មមក សកម្មជនប្រជាធិបតេយ្យ​យ៉ាង​ហោច​១១នាក់​ត្រូវ​បានចាប់ខ្លួន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ