អានតួអត្ថបទ
ជប៉ុន-អូឡាំពិក

រដ្ឋាភិបាលជប៉ុន​ប្រកាសដកចោល ស្ថានភាពអាសន្ន នៅ១ខែមុន​ការប្រកួតកីឡាអូឡាំពិក

ទៅតាម​ការគ្រោងទុក រដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ដក ស្ថានភាព​ប្រកាស​អាសន្ន ចេញ​ពីក្រុង​តូក្យូ និង​តំបន់​មួយចំនួន ចាប់ពីថ្ងៃអាទិត្យ​ទី ២០​មិថុនា។ ទោះដក​ភាពអាសន្ន ប៉ុន្តែ តូក្យូ និង​តំបន់ជាច្រើន​របស់​ជប៉ុន នៅតែ​ត្រូវ​អនុវត្ត​វិធានការ​រឹតបន្តឹង​សុខាភិបាល។ វិធានការ​ដែលនឹងអាច​ទៅកាត់បន្ថយ ចំនួនអ្នកចូលរួម​ទស្សនា​ការប្រកួតកីឡាអូឡាំពិក នៅ​ទីក្រុង​តូក្យូ នៅ​ពាក់កណ្តាល​ខែ កក្កដា​ខាងមុខនេះ។

នាយករដ្ឋមន្រ្តីជប៉ុន លោក​Suga នៅក្បែររូប តំណាង​កីឡាអូឡាំពិក នៅតូក្យូ នៅឆ្នាំ ២០២០
នាយករដ្ឋមន្រ្តីជប៉ុន លោក​Suga នៅក្បែររូប តំណាង​កីឡាអូឡាំពិក នៅតូក្យូ នៅឆ្នាំ ២០២០ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បាន​ប្រកាស​ថា ទីក្រុង​តូក្យូ និង​ខេត្ត​ចំនួន​៨ នឹង​ត្រូវ​ដកចេញពី​តំបន់​មាន​ភាពអាសន្ន ទៅតាម​កាលគ្រោងទុក ថ្ងៃអាទិត្យ​ទី​២០ មិថុនា ពោល​គឺនៅតែ​១ខែ​មុន បើកការប្រកួតកីឡាអូឡាំពិក នៅ​ទីក្រុង​តូក្យូ។

ប៉ុន្តែ ខេត្ត​អូគីណាវ៉ា ដែល​ស្ថិតនៅភាគនិរតី ប្រទេស នឹង​នៅ​ជាប់​ភាពអាសន្ន រហូត​ដល់​ថ្ងៃទី ១១​កក្កដា។ តាមនាយករដ្ឋមន្រ្តីជប៉ុន ចំនួន ករណី​ឆ្លងថ្មី​នៃ​ជំងឺកូវីដ បានធ្លាក់ចុះ នៅថ្នាក់ជាតិ តាំងពី​ពាក់កណ្តាល​ខែ​ឧសភា ប៉ុន្តែ ស្ថានភាព​នៅ​មន្ទីរពេទ្យ នៅមិនទាន់​ប្រសើរឡើង​នៅឡើយ។

ក្នុង​ហេតុផលថា ប្រព័ន្ធ​សុខាភិបាល នៅ​តានតឹង​នៅឡើយ បូកផ្សំ និង​ករណី​ឆ្លង​ដែល​ហាក់នៅ​ថេរ ទ្រឹង ក្នុង​ខេត្ត​មួយ​ចំនួន រដ្ឋាភិបាល​របស់​លោក​Suga បាន​សម្រេច​បន្ត អនុវត្ត វិធានការ​រឹតបន្តឹង នៅ តូក្យូ និង​ខេត្ត​ចំនួន ៦ រហូតដល់​ថ្ងៃ​ទី ១១​កក្កដា។ ទៅតាម​វិធានការ រឹតតបន្តឹងនេះ ភោជនីយដ្ឋាន​នៅតែត្រូវ​បិទទ្វារ នៅ​ម៉ោង ៨យប់ ចំណែក​ការលក់គ្រឿងស្រវឹង​អាច​ពន្យារពេលដល់​ម៉ោង ៧យប់។

ផ្ទុយពីវិធានការ​បិទខ្ទប់​របស់​ប្រទេស​ដទៃទៀត ក្នុង​ពិភពលោក ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ វិធានការ ដាក់​ក្នុង​ភាពអាសន្ន​របស់​ជប៉ុន​មិនសូវតឹងរ៉ឹង​ខ្លាំង​នោះទេ។ ភោជនីយដ្ឋាននៅតែ​អាច​បើកទ្វារ រហូត​ដល់ ៨យប់ ប៉ុន្តែ គ្រាន់តែ​មិនអាច​លក់គ្រឿងស្រវឹង​បានប៉ុណ្ណោះ។

ការប្រកាស​ដក​ភាពអាសន្ន មានសារៈសំខាន់​ខ្លាំង​សម្រាប់​ព្រឹត្តិការណ៍​កីឡាអូឡាំពិក នៅទីក្រុង​តូក្យូ។ ទៅតាម​វិធានការ​ដាក់ក្នុងភាពអាសន្ន រដ្ឋាភិបាល​អនុញ្ញាត​ឲ្យមាន​ការចូលរួមមនុស្ស ៥ពាន់នាក់។ នៅថ្ងៃ​ពុធ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការប្រមូលផ្តុំមនុស្ស​រហូត ដល់ ១ពាន់នាក់ នៅ​តំបន់​ដែល​មិនស្ថិតក្រោម​វិធានការ​រឹតបន្តឹង​របស់​រដ្ឋាភិបាល។

ប៉ុន្តែ យ៉ាងណាក៏ដោយ នៅ៥ សប្តាហ៍មុន ការបើកសម្ពោធ​កីឡាអូឡាំពិក វិធានការ​រឹតបន្តឹង​របស់រដ្ឋាភិបាល​ជប៉ុន​នឹង​អាចធ្វើ​ឲ្យ​អ្នករៀបចំ​កីឡាអូឡាំពិក​ពិចារណា កាត់បន្ថយ ចំនួន​អ្នកចូលទស្សនា​ការប្រកួត​កីឡាអូឡាំពិក ដែលត្រូវ​បើកធ្វើ ពី​ថ្ងៃទី ២៣ កក្កដា ដល់​ថ្ងៃទី ៨សីហា។

ដើម្បី​បញ្ចុះបញ្ចូល មតិសាធារណៈ​ជប៉ុន ដែល ប្រឆាំង​មិន​ឲ្យ​គេរៀបចំ​កីឡាអូឡាំពិក ដោយសារ​តែ​ខ្លាច​រលកឆ្លងជំងឺកូវីដថ្មី អាជ្ញាធរជប៉ុន និង​គណៈកម្មការអូឡាំពិកអន្តរជាតិ​ប្រកាស​វិធានការរឹតបន្តឹង​ជាច្រើន ទៅលើ​អ្នកដែលត្រូវ​ចូលរួម​ក្នុង​កីឡាអូឡាំពិក មិនថា គណៈប្រតិភូ កីឡាករ អ្នកយកព័ត៌មាន និង​អ្នកចូលរួមទស្សនា។ តាមគម្រោង​របស់​អ្នករៀបចំ កីឡាករ ប្រមាណ​៨០% ត្រូវ​ចាក់វ៉ាក់សាំង ឲ្យហើយ ពីពេលនេះ រហូត​ដល់​ការប្រកួត។ កីឡាករ​នឹង​ត្រូវ​គេបណ្តេញ មិនឲ្យប្រកួត បើសិនគេ មិនព្រម​ពាក់ម៉ាស ឬ​ធ្វើ​តេស្ត​រកមេរោគកូវីដ ជារៀងរាល់ថ្ងៃ។ កីឡាករ មិនអាច​រាក់ទាក់​ជាមួយ ទស្សនិកជន ចំណែកអ្នកយកព័ត៌មាន និង​អ្នកចូលទស្សនា​ត្រូវដើរផ្លាស់ទី នៅក្នុង​តំបន់​ដែល​កំណត់​ដោយ​អាជ្ញាធរជប៉ុន។ តាម​ការស្ទង់មតិ​ វិធានការ​ធានា​សុវត្ថិភាព​របស់​អ្នករៀបចំ​កីឡាអូឡាំពិក​បាន​ធ្វើឲ្យប្រជាជន​ជប៉ុន​មានជំនឿចិត្ត លែង​សូវប្រឆាំង ការរៀបចំ​កីឡាអូឡាំពិក ដូចមុនទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ