អានតួអត្ថបទ
កីឡាអូឡាំពិក-កូវីដ១៩

កីឡាអូឡាំពិកតូក្យូ ៖ ទស្សនិជន​ក្នុង​ស្រុក​ អាច​ចូល​មើលការ​​ប្រកួតបាន​ តែ​...

ការ​ប្រកួត​កីឡា​អូឡាំពិក ​ពី​ថ្ងៃ​ទី ២៣​កក្កដា ដល់​ថ្ងៃទី ៨ សីហា​ ២០២១ នៅទីក្រុង​តូក្យូ ​នឹង​មិន​​ប្រព្រឹត្ត​ទៅ​ដោយ​​បិទ​ទ្វារទាំង​ស្រុង​ឡើយ​។ នៅ​ថ្ងៃ ចន្ទទី ២១​ មិថុនា​នេះ គណៈកម្មការ​រៀប​ចំ​កីឡាអូឡាំពិក​ក្រុង​តូក្យូ បាន​សម្រេច​​ចិត្ត អនុញ្ញាត​ឱ្យ​ទស្សនិកជន​ក្នុង​ស្រុក​ ចូល​មើល​​ការ​ប្រកួត​បាន​។ ប៉ុន្តែ​មណ្ឌល​ប្រកួត​នីមួយៗ អាច​ទទួល​ទស្សនិកជន​ ត្រឹម​តែ​៥០%​នៃ​ចំនួន​កៅអី​សរុប​ និងយ៉ាង​ច្រើន​បំផុត​ត្រឹម​ ១​ម៉ឺន​នាក់។

អ្នកកាសែត​ទៅពិនិត្យ​ទីតាំង​រៀប​ចំ​កម្មវិធី​កីឡាអូឡាំពិក​តូក្យូ 2021.
អ្នកកាសែត​ទៅពិនិត្យ​ទីតាំង​រៀប​ចំ​កម្មវិធី​កីឡាអូឡាំពិក​តូក្យូ 2021. AP - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​មីនា​ គណៈកម្មការ​រៀប​ចំ​កីឡាអូឡាំពិក បាន​សម្រេច​ចិត្ត​ ហាមឃាត់​ជា​លើក​ទី​មួយ ក្នុង​ប្រវត្តិ​អូឡាំពិក មិន​ឱ្យ​​ទស្សនិកជនបរទេស​​ចូល​រួម​តាមដាន​ការ​ប្រកួត​ដោយ​ផ្ទាល់​ទេ ព្រោះ​មាន​ហានិភ័យ​សុខភាព​ខ្ពស់​ពេក។ ចុះ​ចំពោះ​ទស្សនិកជន​ក្នុង​ស្រុកវិញ ?! បន្ទាប់​ពី​រារែក​អស់​ជា​ច្រើន​ខែ  នៅ​៣២​ថ្ងៃ​មុន​ការ​បើក​ព្រឹត្តិការណ៍​កីឡាអូឡាំពិក​ អ្នក​រៀបចំ​កម្មវិធី និង​អាជ្ញាធរ​ជប៉ុន​បាន​ អារ​កាត់​សេចក្តី​​ ព្រម​ឱ្យ​ទស្សនិកជនក្នុង​ស្រុក​​ចូល​មើល​ការ​ប្រកួត​ និ​ងអម​​ដោយ​លក្ខខណ្ឌ​មួយចំនួន​ផង។

ចំនួន​ទស្សនិកជន ក្នុង​កន្លែង​ប្រកួត​មិនត្រូវ​ឱ្យ​លើស​ពី​១ម៉ឺន​នាក់ និង​មិន​ត្រូវ​ឱ្យមាន​ច្រើន​លើស​ពាក់​កណ្តាល​ នៃសមត្ថភាព​ទទួល​មនុស្ស​របស់​មណ្ឌល​ប្រកួត​ទេ។

ការ​ប្រកួត​អាច​នឹង​ត្រូវ​ធ្វើ​ដោយ​បិទ​ទ្វារតែ​ម្តង​ផង ប្រសិន​បើ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ មាន​សន្ទុះ​ជា​ថ្មី​ឡើង​វិញ​នៅ​ជប៉ុន ឬ​ប្រសិន​បើ​ស្ថានភាព​រាតត្បាត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រកាស​ដាក់ប្រទេស​ក្នុងភាព​អាសន្ន​ឬ​ចាត់​វិធានការប្រឆាំង​នឹង​កូវីដ​១៩ ក្រោយ​ថ្ងៃទី ១២​កក្កដា២០២១។ នេះ​បើ​តាមការ​លម្អិត​បន្ថែមរបស់​គណៈកម្មការរៀប​ចំ​កីឡា​​អូឡាំពិក​​នៅក្នុង​សេចក្តី​ថ្លែងការណ៍រួម​​ ចេញ​ផ្សាយ​ក្រោយ​ជំនួប​ប្រជុំ​៥​ភាគី​ ដែល​រួម​មាន ៖ គណៈកម្មការ​រៀប​ចំ​អូឡាំពិកតូក្យូ ២០២០ រដ្ឋាភិបាល​ជប៉ុន រដ្ឋាភិបាល​ក្រុង​តូក្យូ គណៈកម្មការ​អូឡាំពិក​អន្តរជាតិ និង​គណៈកម្មការ​ប៉ារ៉ាឡាំពិក​អន្តរជាតិ។

ជំនួប​ប្រជុំ​ក៏​បាន​ចេញ​សេចក្តីណែនាំ​បន្ថែម​ ដល់​​ទស្សនិកជន​ ថា​ត្រូវ​ពាក់​ម៉ាស់​ជាប់​រហូត​ ​ និង​មិន​ត្រូវ​និយាយ​ឮ ឬ​ស្រែក​ហោកញ្ជៀវ​ទេ នៅ​ពេល​ទស្សនា។ ត្រូវ​ធ្វើ​ដំណើរ​ត្រង់​ ចេញ​ពីផ្ទះ​ទៅ​កន្លែង​ប្រកួត​និង​ត្រលប់​ពី​កន្លែង​ប្រកួត​ទៅ​ផ្ទះវិញ។ វិធានការ​លម្អិត​នៃ​ការ​ចូល​ទស្សនា​ការ​ប្រកួត​​ នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ពីរ​បី​ថ្ងៃ​ខាង​មុខ។

ទាក់ទង​នឹងការ​ចូល​រួម​មើល​​កម្មវិធី​ប្រកួត​កីឡាប៉ារ៉ាឡាំពិក ដែល​ប្រព្រឹត្ត​ត​ចាប់​​ពី​ថ្ងៃ​ ២៤​សីហា​ដល់​ថ្ងៃទី ៥​កញ្ញាវិញ គណៈកម្មការ​នឹងផ្តល់​សេចក្តី​​សម្រេច​នៅ​ថ្ងៃ​១៦​កក្កដា​ ត្រូវ​ជាមួយ​សប្តាហ៍​មុន​ការ​បើក​កម្មវិធី​កីឡាអូឡាំពិក​។

សូម​បញ្ជាក់​ថា​សេចក្តី​សម្រេច​អនុញ្ញាត​ឱ្យ​មាន​ទស្សនិកជន​ចូល​មើល​ការ​ប្រកួត​កីឡា​អូឡាំពិកនេះ ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​សេចក្តីណែនាំ​របស់​អ្នក​ជំនាញ​សុខភាព។ កាលពី​ថ្ងៃទី ១៨ មិថុនា ទឹប្រឹក្សា​កូវីដ១៩​របស់​រដ្ឋាភិបាល​ជប៉ុន​លោក ស្ហ៊ីហ្សេរុ អូមី បាន​អះអាង​ថា​ការ​ប្រកួត​កីឡាអូឡាំពិក​គួរ​តែ​គ្មាន​ទស្សនិកជន ព្រោះ​នេះ​ជា​​មធ្យោបាយ​កាត់​បន្ថយ​ការរីកសាយភាយ​នៃមេរោគ​កូរ៉ូណាថ្មី​ដ៏​មាន​ប្រសិទ្ធភាព​ជាង​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ