អានតួអត្ថបទ
កូវីដ១៩-កីឡា

កីឡាអូឡាំពិកតូក្យូ​​ប្រព្រឹត្ត​ទៅ​បិទទ្វារ ស៊ីហ្កេម​នៅវៀត​ណាម​លើកពេល​ទៅ​ឆ្នាំក្រោយ

ប្រឈម​នឹង​ការ​ស្ទុះ​ឡើង​នៃ​ករណី​ឆ្លង​កូវីដ​១៩ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ចិត្ត​នៅ​ព្រហស្បតិ៍​ទី ៨​កក្កដា ដាក់​ក្រុង​តូក្យូ​ ក្នុង​ភាព​អាសន្ន​ជា​ថ្មី​ ក្នុង​អំឡុងពេល​នៃ​ការ​ប្រកួត​កីឡា​អូឡាំពិក​តែ​ម្តង។ ទន្ទឹម​គ្នា​នេះ​ដែរ គណៈកម្មការរៀបចំ​ការ​ប្រកួត​កីឡា​​អាស៊ីអាគ្នេយ៍​ SEA Games បាន​ប្រកាស​លើក​ កម្មវិធី​ប្រកួត​កីឡា​ស៊ីហ្កេម​លើក​ទី ៣១ នៅ​ប្រទេស​វៀតណាម ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​វិញ​។

ស៊ីហ្កេម​លើក​ទី​៣១ លើកពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​វិញ
ស៊ីហ្កេម​លើក​ទី​៣១ លើកពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២​វិញ © Wikipedia
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកួតកីឡា​ស៊ីហ្កេម​គ្រោង​ធ្វើ​ ​ពី​ថ្ងៃទី ២១​វិច្ឆិកា ដល់​ថ្ងៃទី ២​ធ្នូ ២០២១ នៅក្រុង​ ហាណូយ ក្រុង​ហូជីមិញ និ​ង​១០ខេត្តក្រុង​ផ្សេង​ទៀតនៃ​​ប្រទេស​វៀតណាម ទំនង​ជា​មិន​អាច​ប្រព្រឹត្ត​ដូច​ការ​គ្រោង​ទុក​ទេ។ ដោយហេតុ​មាន​ការ​គំរាមកំហែង​ខ្លាំង​ពី​ជំងឺ​រាតត្បាត​កូវីដ​១៩ រដ្ឋាភិបាល​វៀតណាម​សំណូម​ពរ​​លើក​ពេល​ទៅ​ធ្វើ​នៅខែ​មេសា ឬ​ឧសភា ឆ្នាំ​២០២២​វិញ ត្រង់​ចន្លោះ​ព្រឹត្តិការណ៍​​កីឡាអូឡាំពិក​រដូវ​រងារ​ក្រុង​ប៉េកាំង នៅ​ខែ​កុម្ភៈ​២២ និង​កីឡា ខំមិនវៀល​ នៅ​កក្កដា។ កីឡាស៊ីហ្កេម​ តែង​ទាក់ទាញ​អ្នក​ចូល​រួមប្រមាណ​ជិត​២​ម៉ឺន​នាក់ ក្នុង​នោះ ៧០០០នាក់​ជា​អត្តពលិក មក​ពី​១១​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

ចំនួន​អ្នក​វិជ្ជមាន​កូវីដ​១៩​​យ៉ាង​ខ្លាំង នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​វៀតណាម។ ​ជិត​ ២៣៥០០​នាក់ នៅ​ថ្ងៃព្រហស្បតិ៍​ទី​៨កក្កដា ទល់​នឹង​ប្រមាណ​៣០០០នាក់​កាលពី​ខែ​ដើម​ខែមេសា។ ជា​​កំរិតដ៏​​ទាបទេ​​បើ​ប្រៀប​ទៅ​នឹង​ប្រទេសជិត​ខាង ប៉ុន្តែ​អត្រា​អ្នក​ទទួល​វ៉ាក់សាំង​ក៏​ទាប​ខ្លាំង​ជាង​បំផុត​ដែរ​នៅក្នុង​តំបន់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​ត្រូវ​មាន​វិធានការ​ខ្លាំង។

ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​ អាជ្ញាធរ​វៀតណាម​បាន​សម្រេច​​បិទ​ខ្ទប់​ក្រុង​ហូជីមិញ ចាប់​ពី​ថ្ងៃសុក្រ​ទី ៩​កក្កដា​សម្រាប់​រយៈ​ពេល​ពីរសប្តាហ៍ និង​បាន​ដាក់​បម្រាម​មិន​ឱ្យ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក ពី​រដ្ឋធានី​ទៅ​កាន់​ទាំង​១៤​ក្រុង​ផ្សេង​នៃ​ប្រទេស។

ដូច​គ្នា​នេះ​ដែរ នៅ​ប្រទេស​ជប៉ុន  នៅ​ពីរសប្តាហ៍​មុន​ការ​បើកកីឡាអូឡាំពិក​​ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​នៅថ្ងៃព្រហស្បតិ៍​ទី ៨​កក្កដា​២០២១ នេះ​ដាក់​ក្រុង​តូក្យូ​ ក្នុង​ភាព​អាសន្ន​ជា​ថ្មី​និង​ជា​លើក​ទីបួន ពេញ​មួយ​អំឡុងពេល​ប្រកួត​កីឡា​អូឡាំពិក​អន្តរជាតិ​តែម្តង។ ដាក់​ក្រុង​ក្នុង​ភាព​អាសន្ន​​របស់​ជប៉ុន ថ្វី​បើ​មិន​តឹង​តែង​ខ្លាំង​ដូច​បណ្តាប្រទេស​ដទៃ​ទៅ​លើ​ពិភពលោក ដោយ​មាន​ត្រឹម​ការ​ណែនាំ​ឱ្យ​លក់​គ្រឿង​ស្រវឹង​ឬ​ត្រូវ​ឆាប់​បិទ​ហាង​​មែន ប៉ុន្តែគណៈកម្មការ​រៀប​ចំ​កម្មវិធី​អូឡាំពិក​ត្រូវ​ធ្វើ​សេចក្តី​ដ៏​លំបាក​ខ្លាំង​មួយ​ទៀត ​ការ​ប្រកួត​ត្រូវ​ប្រព្រឹត្ត​ដោយ​បិទ​ទ្វារ គ្មាន​ទស្សនិកជន​ចូល​រួម​សោះ មិនមែនឱ្យ​ចូល​កន្លះ​សាល​​ដូច​សេចក្តី​សម្រេច​កាលពី​ថ្ងៃទី​២១​មិថុនា២០២១ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ