អានតួអត្ថបទ
ចិន-អប់រំ

ចិន​ចាត់​វិធានការថ្មី​ប្រឆាំង​ក្រុមហ៊ុន​បង្រៀន​សិស្ស​ក្រៅម៉ោង

បន្ទាប់​ពីរឹង​បន្តឹង​​វិស័យ​បច្ចេកវិទ្យា អាជ្ញាធរ​ចិន​ចាប់ផ្តើមងាក​មក​មួល​ខ្ចៅ​វិស័យ​អប់​រំម្តង។ ​ នៅ​ថ្ងៃ​ចន្ទទី ២៦​កកក្កដា​នេះ ទីផ្សារ​ភាគ​ហ៊ុន​​របស់​សាលា​ឯកជន​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង ដោយរដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​បាន​ដាក់​វិធានការថ្មី តម្រូវ​ឱ្យ​ក្រុមហ៊ុន​បើក​បង្រៀនសិស្ស​ក្រៅម៉ោង​​ ត្រូវ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី ដូច​សមាគមនានា​ដែល​បង្កើត​ឡើង​ដោយ​គ្មាន​បំណង​រកប្រាក់​កម្រៃ។ ហេតុអ្វី​បាន​ជា​ចិន​សម្រេច​ធ្វើ​យ៉ាង​ដូច្នេះ ?

កុមារ​ចិន​នៅ​ទីក្រុង​ប៉េកាំង
កុមារ​ចិន​នៅ​ទីក្រុង​ប៉េកាំង AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

ឪពុកម្តាយ​ចិន មាន​ទម្លាប់​និង​​មិន​ខ្លាច​នឹង​ចំណាយ​ថវិកា​ជួល​គ្រូ​មក​បង្រៀន​កូន​បន្ថែម​ឡើយ ដើម្បី​ឱ្យ​បានពិន្ទុ​ និងរៀន​ពូកែ ជាង​គេ។ ​គំនិត​ងប់​ងល់​​ចង់​ឃើញកូន​មាន​​ជោគជ័យ​ និង​​បាន​រៀន​សូត្រ​ខ្ពង់ខ្ពស់​ខ្លាំង បាន​ធ្វើ​ឱ្យ​វិស័យ​អប់​រំ​ចិន​​ក្លាយ​ជា​ឧស្សាហកម្ម​ដែល​មាន​លក្ខណៈ​ប្រកួតប្រជែង​ខ្លាំង និង​ស្រួច​ស្រាវ​បំផុត។ ការបង្រៀន​ក្រៅម៉ោង​ ការ​រៀន​ត្រៀម​ប្រលង ​ជា​ទីផ្សារ​ដែល​​​​ធំណាស់នៅ​ក្នុង​ប្រទេស​ចិន និង​មាន​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ភាគហ៊ុន​ផង។ ក្រុមហ៊ុន​ខ្លះ​មាន​ឈ្មោះ​ល្បី​ដល់​សហរដ្ឋ​អាមេរិក​។ ​បើ​តាម​ការិយាល័យ​​ L.E.K. Consulting ទីផ្សារ​រៀន​គួរ​មាន​ទំហំ​ដល់​ទៅ ២៦០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨។

ប៉ុន្តែ​ទម្ងន់ការងារ​របស់​សិស្សានុសិស្ស​ចិន និង​តម្លៃ​សិក្សា​ដ៏​ខ្ពស់​ នៅ​ក្នុង​ប្រទេស​ចិន រង​ការ​រិះគន់កាន់​តែ​ខ្លាំង​ឡើងៗ។ ដូច្នេះ​ដើម្បី​សម្រាល​បន្ទុកការងាររបស់​ក្មេង និង​បន្ធូរ​សម្ពាធ​ហិរញ្ញវត្ថុ​របស់​អ្នក​ជា​ឪពុកម្តាយ ​រដ្ឋាភិបាល​ចិន បាន​សម្រេច​ចាត់វិធានការ​ថ្មី តម្រូវ​ឱ្យ​ក្រុមហ៊ុន​រក​ស៊ី​បង្រៀន​ក្មេង​ក្រៅ​ម៉ោង​ ចុះ​ឈ្មោះ​ក្នុង​បញ្ជី​ជា​សមាគម​ដែល​គ្មាន​បំណង​រក​ប្រាក់​កម្រៃ​ និង​ពុំ​អាច​ទទួល​បង្រៀន​ក្មេង​នៅ​ថ្ងៃ​ចុងសប្តាហ៍ ថ្ងៃ​បុណ្យ​ឈប់​សម្រាក និង​ក្នុង​ពេល​វិស្សមកាលទេ។

ក្រុមហ៊ុនបង្រៀន​ក្មេង​ក្រៅម៉ោង ក្លាយ​ជា​សមាគម​ដែល​គ្មាន​បំណង​រក​កម្រៃ ជា​វិធានការ​មួយ​ដែល​​ប៉េកាំង​សម្រេច​ឡើង​ក្នុងអត្ថន័យ​ចង់​ជំរុញ​អត្រា​កំណើត លើ​ផ្ទៃ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដើរ​បន្ថយ​ល្បឿន។ បន្ទុក​ហិរញ្ញវត្ថុ​ជា​ឧបសគ្គ​ដ៏​ចំបង​មួយ ដែល​រារាំង​គូស្វាមី​ភរិយា​ក្មេងៗចិន​​ច្រើន​​យកកូនលើស​ពី​ម្នាក់ បើ​ទោះ​បី​ជា​ពេល​នេះ​ចិន​បាន​លុប​ច្បាប់​កូន​ទោល​ និង​អនុញ្ញាត​ឱ្យ​គ្រួសារមួយ​មាន​កូន​ដល់​បី​នាក់​ក៏ដោយ។

ប៉ុន្តែ​ ​គ្រាន់​តែ​បាន​ឃើញ​វិធានការ​ថ្មី​ភ្លាម ភាគហ៊ុន​​របស់​ក្រុមហ៊ុន​បង្រៀន​ក្មេង​ បាន​ដាំក្បាលចុះ​យ៉ាង​ខ្លាំង។ ក្រុមហ៊ុន New Oriental Education ដែល​ជាសាលាបង្រៀនថែមម៉ោង​ឯកជន​​ជើងឯក​ បាន​បាត់​បង់​ភាគហ៊ុន​អស់​៤០% នៅ​ថ្ងៃចន្ទ​នេះ។ Koolearn Technology ជំនាញ​ខាង​បង្រៀន​តាមអនឡាញ ខាត​អស់​៣៥% ចំណែក​សាលារៀន​ត្រៀម​ចូល​មហាវិទ្យាល័យបរទេស China Maple Leaf Educational ​ ធ្លាក់​ចុះ​អស់​១៦% នៅ​ក្នុង​ទីផ្សារមូលប័ត្រ​ហុងកុង។ ជា​សរុប​ភាគហ៊ុន​សាលារៀនគួរ​ នៅ​ទីផ្សារមូលប័ត្រ​ហុងកុង​បាន​ធ្លាក់​ចុះ​អស់​៣%នៅរសៀល​ថ្ងៃចន្ទទី ២៦កក្កដា​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ