អានតួអត្ថបទ
អាមេរិក-ភូមា

អាមេរិក​គំរាម​ចាត់​វិធានការ​ថ្មី​បន្ថែម​ដើម្បី​ប្រឆាំង​នឹង​របប​សឹក​ភូមា

បន្ទាប់​ពី​ឥណ្ឌូណេស៊ី​ ប្រមុខ​ការបរទេស​អាមេរិក​លោក ​អង់តូនី​ ប្ល៊ីងកិន​ ទៅ​បំពេញ​ទស្សន​កិច្ចនៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នា​ថ្ងៃពុធ​ ទី១៥​ ធ្នូ​នេះ​។ ពី​ទីក្រុង​គូឡាឡាំពួ​ លោក ​ប្ល៊ីងកិន​ និយាយ​ថា​អាមេរិក​កំពុង​តែពិចារណា​ពី​វិធានការថ្មី​ដើម្បី​ដាក់​សម្ពាធ​របប​យោធា​ភូមា​ឲ្យ​​ដើរ​វិល​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ​។

ប្រមុខការទូតអាមេរិកលោក អង់តូនី ប្ល៊ីងកិន។
ប្រមុខការទូតអាមេរិកលោក អង់តូនី ប្ល៊ីងកិន។ REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

ភាព​វឹកវរ​នៅក្នុង​ប្រទេស​ភូមា​បាន​កើតឡើង​ចាប់តាំងពី​ខែកុម្ភៈ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី​ អ៊ុងសាន ស៊ូជី ត្រូវបាន​ពួកយោធា​ទម្លាក់ចេញពី​អំណាច​។ មកទល់​នឹង​ពេលនេះ​ នៅតែមាន​ការរាយការណ៍​ជាច្រើនអំពី​សកម្មភាព​បង្រ្កាប​របស់​កងទ័ព​ភូមា​ទៅ​លើ​ក្រុម​អ្នកប្រឆាំង​។

ថ្លែងក្នុង​អំឡុង​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ ប្រមុខការ​ទូត​អាមេរិក​លោក​ប្ល៊ីងកិន បាន​ទទួលស្គាល់​ថា​ស្ថានភាព​ក្នុង​ប្រទេស​ភូមា​នៅមិន​ទាន់​ល្អ​ប្រសើរ​មកវិញ​នៅឡើយទេ​។ ក្រោម​ហេតុផលនេះ​ ទីក្រុងវ៉ាស៊ីនតោន​កំពុង​រិះរក​មធ្យោបាយ​បន្ថែម​ដើម្បី​ដាក់​សម្ពាធ​​របប​សឹកភូមា​ឲ្យ​វិល​បែរងាក​មក​យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​។

វិធានការ​បន្ថែម​ដែល​ទីក្រុងវ៉ាស៊ីនតោន​កំពុងពិចារណា​ អាច​ជា​ការដាក់ទណ្ឌកម្ម​លើ​បុគ្គល​ឬជារួម​លើរបបសឹក​ ក៏ប៉ុន្តែ​លោកប្រមុខការបរទេសអាមេរិក​មិន​បាន​បញ្ជាក់​ប្រាប់លម្អិត​នោះ​ទេ​ថា​តើ​វិធានការថ្មី​អាច​នឹងមានអ្វីខ្លះ។

យ៉ាងណាក៏ដោយ​ លោក ប្ល៊ីងកិន​ បាន​ឲ្យដឹងថា​សហរដ្ឋ​អាមេរិក​កំពុងត្រិះរិះ​ត្រង់​ចំណុច​តើ​ការ​ប្រព្រឹត្ត​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ នៅភូមា​អាច​ជា​អំពើ​ប្រល័យ​ពូជសាសន៍ដែរ​ឬអត់​។ ក្រុម​ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​កាន់​សាសនាអ៊ីស្លាម​នេះ​ ប្រឈម​នឹង​ការ​រើសអើង​យ៉ាងខ្លាំង​នៅ​ក្នុង​ប្រទេសភូមា​ ហើយ​ពួកគេ​រាប់សែន​នាក់​បាន​រត់ភៀសខ្លួន​ទៅកាន់​ប្រទេស​ជិត​ខាង​បង់ក្លាដែស​ ក្នុងឆ្នាំ ២០១៧​ បន្ទាប់ពី​រង​ការ​បង្ក្រាបពី​យោធាភូមា​។

គួរ​បញ្ជាក់ថា​ ការ​គំរាម​ដាក់ទណ្ឌកម្មបន្ថែម​របស់​អាមេរិក​ប្រឆាំង​នឹង​របប​សឹកភូមា​ធ្លាក់មក​នៅប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អង្គការ​សហប្រជាជាតិ​ ព្រមានពី​ការកើនឡើង​គួរឲ្យព្រួយបារម្ភ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា​ ដោយ​កងទ័ព​របបសឹក​នៅតែ​ព្យាយាម​តាម​ប្រមាញ់​បង្ក្រាប​ក្រុម​អ្នកប្រឆាំង​យ៉ាងសកម្ម​។

ថ្មីៗនេះ​មាន​របាយការណ៍​បង្ហាញ​ដែរ​ថា​កងទ័ព​ភូមា​បាន​ចង​និងដុត​សម្លាប់​អ្នក​ភូមិចំនួន​ ១១ ​នាក់ ​ក្នុង​នោះ​មានទាំង​កុមារ​ទៀត​ផង​។ សហរដ្ឋ​អាមេរិក​ដែល​យល់​ថា​របាយការណ៍​គួរ​ឲ្យទុក​ចិត្តបានសម្តែងការ​ខឹង​សម្បា​យ៉ាងខ្លាំង​។ ក៏ប៉ុន្តែ​របប​យោធា​ភូមា​បាន​ចេញ​មុខ​បដិសេធ​ចំពោះ​ការ​អះអាង​របស់​របាយការណ៍​ខាងលើ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ