អានតួអត្ថបទ
សហភាពអឺរ៉ុប-ភូមា

សហភាពអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​លើ​របបសឹកភូមា

នៅក្រោយ​ហេតុការណ៍ សម្លាប់ ដុតមនុស្ស​ឲ្យឆេះខ្លោច នៅ​ភាគខាងកើត​ប្រទេស​ភូមា ដែល​អង្គការ​មនុស្សធម៌ ចោទប្រកាន់​ថា ជា​ស្នាដៃ​របស់​កងទ័ពភូមា សហភាព​អឺរ៉ុប តាមរយៈ​មន្រ្តីទូត​របស់ខ្លួន​​បាន​ព្រមាន កាលពីថ្ងៃ​ព្រហស្បតិ៍ ទី ៣០​ធ្នូ ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម ទៅលើ​របបសឹកភូមា។ សហភាពអឺរ៉ុប​គាំទ្រ​ផងដែរ ការអំពាវនាវ​របស់​សហរដ្ឋអាមេរិក​ដែល​ចង់​ឲ្យមាន​បម្រាមអន្តរជាតិ លើ​ការលក់ នាំចូល​សព្វាវុធ ទៅកាន់ប្រទេស​ភូមា។

មេដឹកនាំយោធា ភូមា លោក មីន អ៊ុងឡាំង​នៅក្នុង​ពិធី​ព្យហយាត្រា​កងទ័ព កាលពី​ខែ​មីនា ឆ្នាំ ២០២១ នៅ​ជាង​មួយខែ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាលស៊ីវិល និង​ចាប់​លោកស្រី​អ៊ុងសាន ស៊ូជីដាក់ឃុំ​តាំងពីខែ កុម្ភៈ ឆ្នាំ ២០២១
មេដឹកនាំយោធា ភូមា លោក មីន អ៊ុងឡាំង​នៅក្នុង​ពិធី​ព្យហយាត្រា​កងទ័ព កាលពី​ខែ​មីនា ឆ្នាំ ២០២១ នៅ​ជាង​មួយខែ​ក្រោយ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាលស៊ីវិល និង​ចាប់​លោកស្រី​អ៊ុងសាន ស៊ូជីដាក់ឃុំ​តាំងពីខែ កុម្ភៈ ឆ្នាំ ២០២១ REUTERS - Stringer .
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីអាមេរិក សហភាពអឺរ៉ុប​បាន​ចេញមុខ គាំទ្រ​ឲ្យ​មាន​បម្រាម​លក់ និង​នាំចូលអាវុធ ទៅកាន់ប្រទេស​ភូមា។ សហភាពអឺរ៉ុប​បានប្រកាស​ផងដែរ​ត្រៀមខ្លួន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​លើ​របបសឹក​ភូមា នៅក្រោយ​ហេតុការណ៍ ដុតសម្លាប់​ប្រជាជន​ស៊ីវិល​ភូមា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍មុន។

នៅក្រោយព័ត៌មានចុះផ្សាយ​ថា គេ​បាន​ប្រទះឃើញ​សាកសព​មនុស្ស ឆេះខ្លោច ក្នុង​រថយន្តដែលគេ​ដុតបំផ្លាញ ប៉ុន្មាន​គ្រឿង នៅរដ្ឋ​កាយ៉ា ភាគខាងកើត​ប្រទេស​ភូមា អង្គការ​អង់គ្លេស Save The children បាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍ នៅ​សប្តាហ៍នេះថា បុគ្គលិកពីររូប ដែលបាន​បាត់ខ្លួន នៅ​ក្នុង​ហេតុការណ៍ កាលពីថ្ងៃ​សុក្រ ស្ថិតក្នុងចំណោម​ប្រជាជន​ស៊ីវិល​៣៥នាក់ ដែលត្រូវ​បានគេ​សម្លាប់ និង​ដុតបំផ្លាញ​សាកសព។

កងទ័ព​ភូមា​មិនបាន​និយាយ​ចំ​ពី​ហេតុការណ៍​ដុតសម្លាប់​ប្រជាជនស៊ីវិល ដែលនៅក្នុង​នោះ មានទាំងមនុស្ស​ស្រី​និង​កុមារ។ ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍​របស់​ខ្លួន កងទ័ព អះអាងថា ខ្លួន​បាន​បាញ់​សម្លាប់​ភេរវជន​ប្រដាប់អាវុធ​មួយចំនួន ដែល​ជា​សមាជិក​របស់​ក្រុមប្រឆាំង នៅ​ក្នុងភូមិមួយ បន្ទាប់ពី​ពួកគេ​ទាំងនោះ​មិន​ព្រមបញ្ឈប់​រថយន្ត នៅច្រកត្រួតពិនិត្យ​របស់កងទ័ព។

សម្រាប់​លោក​ហ្សូសែហ្វ បូរែល ការវាយប្រហារ ដោយ​យកប្រជាជន​ស៊ីវិល និង​មន្រ្តីអង្គការ​មនុស្សធម៌ ជា​ផ្ទាំងស៊ីបយ៉ាងដូច្នេះ គឺជារឿង​មិនអាចទទួល​យកបាននោះទេ។ វា​ជាការរំលោភ​យ៉ាងច្បាស់ក្រឡែត សិទ្ធិមនុស្ស និង​ច្បាប់អន្តរជាតិ។ នៅចំពោះមុខ​នៃ​ការផ្ទុះអំពើហិង្សា នៅភូមា សហគមន៍អន្តរជាតិ​ត្រូវ​ចាត់វិធានការ​បន្ថែម និង​ចាំបាច់ ដែល​នៅក្នុងនោះ​មានផងដែរ សេចក្តីសម្រេច​របស់​អង្គការសហប្រជាតិ​សម្រាប់​ការហាមនាំចូល និង​លក់អាវុធ​ទៅប្រទេស​ភូមា។

សូមបញ្ជាក់ថា ចាប់តាំង​ពីកងទ័ពធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី នៅ​ដើមខែ កុម្ភៈ ឆ្នាំនេះ សហភាពអឺរ៉ុប បាន​មូលមតិ​ជាមួយ​សហរដ្ឋអាមេរិក ដោយបាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​របបសឹកភូមា។ មន្រ្តីយោធា និង​ក្រុមហ៊ុនភូមា ដែលជាប់ពាក់ព័ន្ធ​នឹងមេដឹកនាំ​យោធា​ភូមា ចំនួន​៣០​បាន​ស្ថិតក្នុងបញ្ជីខ្មៅ​របស់​សហភាពអឺរ៉ុប។ មានន័យថា ពួកគេ​មិនអាច​ដាក់ជើងជាន់​ដីសហភាពអឺរ៉ុប ចំណែក​ទ្រព្យសម្បត្តិរបស់​ពួកគេ ដែល​មាននៅ​ទឹកដីអឺរ៉ុប ត្រូវ​គេ​បង្កក​មិន​ឲ្យ​បើកយកទៅប្រើប្រាស់បាន។ សហភាពអឺរ៉ុបធ្លាប់​បាន​ចេញបម្រាម ផងដែរ​មិន​ឲ្យ​ប្រទេស​សមាជិក​នៅអឺរ៉ុប​លក់​គ្រឿងបរិក្ខា សំភារៈ ទាំងឡាយណា​ដែល​កងទ័ព អាច​យកទៅ​កែច្នៃ ​ប្រើប្រាស់​សម្រាប់​បង្រ្កាប ហិង្សា​ទៅលើ​បាតុករ​ភូមា។ លើសពីនោះទៀត ​សហភាពអឺរ៉ុប​បាន​ផ្អាក​រាល់ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ភូមា ក្នុងក្តីបារម្ភថា របបសឹកភូមា​អាច​បង្វែរ​យកទៅប្រើសម្រាប់​ប្រយោជន៍​របស់កងទ័ព ដោយ​រក្សា​ទុក​តែ​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ភូមាតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ