អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ធ្យូងថ្ម

ឥណ្ឌូណេស៊ី​ដកហូតអាជ្ញាប័ណ្ណ​ពីក្រុមហ៊ុន​ធ្វើអាជីវកម្ម​ធ្យូងថ្ម និង​ព្រៃឈើ

បន្ទាប់ពី​ហាមការនាំចេញ​ធ្យូងថ្ម សម្រាប់ផ្គង់ផ្គង់​តម្រូវការរោងចក្រ​អគ្គិសនី​ក្នុងស្រុក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ប្រកាស នៅថ្ងៃ​ព្រហស្បតិ៍ទី ៦​មករា ថា​បាន​សម្រេច​ដកហូត​អាជ្ញាបណ្ណ​ជាង ២០០០​ពីក្រុមហ៊ុន​ធ្វើអាជីវកម្ម រ៉ែ ធ្យូងថ្ម និង​ក្រុមហ៊ុន​ធ្វើសម្បទាន​ដៃព្រៃ នៅ​ឥណ្ឌូណេស៊ី។ កាលពី​ថ្ងៃ ពុធ ជប៉ុន​ដែលជា​អតិថិជន​ដ៏សំខាន់​របស់​ឥណ្ឌូណេស៊ី បាន​ទទូចសុំ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដកចេញ បម្រាម ដែល​ជះផលដ៏អាក្រក់ ដល់​សេដ្ឋកិច្ច និង​ជីវិតរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ជប៉ុន។

កម្មករ​នៅ​ក្បែរ​កប៉ាល់​ដឹកនាំចេញ​ធ្យូងថ្ម​នៅ​ខេត្តភាគខាត្បូង​កោះ​ស៊ូម៉ាត្រា របស់​ឥណ្ឌូណេស៊ី នៅថ្ងៃ ៤មករា នៅ​ក្រោយ​រដ្ឋាភិបាល​ចេញបម្រាម​នាំចេញ ធ្យូងថ្ម ចាប់ពីថ្ងៃ ទី ១​មករាឆ្នាំ ២០២២
កម្មករ​នៅ​ក្បែរ​កប៉ាល់​ដឹកនាំចេញ​ធ្យូងថ្ម​នៅ​ខេត្តភាគខាត្បូង​កោះ​ស៊ូម៉ាត្រា របស់​ឥណ្ឌូណេស៊ី នៅថ្ងៃ ៤មករា នៅ​ក្រោយ​រដ្ឋាភិបាល​ចេញបម្រាម​នាំចេញ ធ្យូងថ្ម ចាប់ពីថ្ងៃ ទី ១​មករាឆ្នាំ ២០២២ via REUTERS - ANTARA FOTO
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​ដែលនាំចូល​ធ្យូងថ្ម​ដ៏សំខាន់​ពី​ឥណ្ឌូណេស៊ី ប្រមាណ ២​លាន​តោន​ក្នុង​មួយខែ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដកចោល​ភ្លាម បម្រាម​នាំចេញ​ធ្យូងថ្ម ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​ប្រកាស​ចូលជាធរមាន ចាប់ពីថ្ងៃទី​១ ខែ​មករា ដើម្បី​ផ្គត់ផ្គង់បន្ទាន់ តម្រូវការ​សេដ្ឋកិច្ច​ក្នុងស្រុកឥណ្ឌូណេស៊ី។

នៅក្នុង​លិខិត​ផ្ញើទៅកាន់​ក្រសួងថាមពល និង​ធនធាន​រ៉ែ​ឥណ្ឌូណេស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដកចេញ​ជា​បន្ទាន់ បម្រាម​នាំចេញ​ធ្យូងថ្មទៅជប៉ុន ព្រោះថា ជប៉ុន​គ្មាន​ប្រភព​ផ្គង់ផ្គង់​ថាមពល​ច្រើនដែលត្រូវ​​ជ្រើសរើស​នោះទេ។ ម្យ៉ាង ការនាំចូលធ្យូងថ្ម​មក​ជប៉ុន​មិនធ្វើ​ឲ្យប៉ះពាល់​ដល់​ការផ្គត់ផ្គង់ រោងចក្រ​អគ្គិសនី នៅ​ឥណ្ឌូណេស៊ី​នោះទេ ព្រោះ ធ្យូងថ្ម ដែល​ជប៉ុននាំចូល មាន​គុណភាពខ្ពស់​ជាងធ្យូងថ្ម ដែល​ឥណ្ឌូណេស៊ី​ត្រូវការ​ប្រើប្រាស់​ក្នុងស្រុក។

បម្រាមនាំចេញ​ធ្យូងថ្ម​ពីឥណ្ឌូណេស៊ី ដែល​មាន​ស្តុកទុកធ្យូងថ្ម ជាង ១៧ពាន់​លាន​តោន បាន​ធ្វើ​ឲ្យ​តម្លៃ​ធ្យូងថ្ម​ឡើងខ្ពស់ នៅក្នុង​បរិបទ​ដែល​តម្រូវការធ្យូងថ្ម​មានកាន់តែ​ច្រើន ដើម្បី​ឆ្លើយតប​នឹង​ការងើបស្ទុះឡើង​នៃ​សេដ្ឋកិច្ច​សកល​នៅក្រោយ​វិបត្តិកូវីដ និង​តម្រូវការថាមពល នៅរដូវត្រជាក់។

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​គ្រោងនឹង​សម្រេច​នៅ​ថ្ងៃ​ពុធ​ទី ៥​មករាថា តើ​ត្រូវ​ដក​ចេញ បម្រាម​នាំចេញ​ធ្យូងថ្ម ដែរឬទេ។ ប៉ុន្តែ គម្រោង​ប្រជុំ​ជាមួយ​ភាគី​តំណាងក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ ធ្យូងថ្ម នៅ​ថ្ងៃ​ពុធ ត្រូវ​បាន​លុបចោល ដោយ​គ្មាន​ការបញ្ជាក់​មូលហេតុ។

នៅថ្ងៃ ព្រហស្បតិ៍ គឺ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ហ្សូកូ វីដូដូ ដែលបាន​ប្រកាស​​នៅតាមទូរទស្សន៍​ជាតិ​ពីដំណឹង​ដក​អាជ្ញាបណ្ណ​ជាង​២០០០​ពីក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ ធ្យូងថ្ម និង​ព្រៃឈើ។ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ពន្យល់​ថា ការលំបាក​ក្នុងការគ្រប់គ្រង​ធនធានធម្មជាតិ ជាហេតុផល​ដែល​ធ្វើឲ្យ រដ្ឋាភិបាល​សម្រេច​ដកអាជ្ញាប័ណ្ណ​ពីក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ ធ្យូងថ្ម។

តាម​ប្រធានាធិបតី​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​បាន​សម្រេច​ដក​អាជ្ញាប័ណ្ណ ពីក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ និង​ធ្យូងថ្ម ប្រមាណ ២០៧៨ ក្រុមហ៊ុន ដែល​ប្រើប្រាស់​អាជ្ញាប័ណ្ណ​មិនត្រឹមត្រូវ ឬ​គ្មានផែនការច្បាស់លាស់​ក្នុងការធ្វើ​អាជីវកម្ម។ លើសពីនោះ រដ្ឋាភិបាល​បាន​ដកហូត​ផងដែរ អាជ្ញាប័ណ្ណ​ពីក្រុមហ៊ុន​ជាង ២០០​ដែលធ្វើ​អាជីវកម្ម​លើ​ដីព្រៃ ឥណ្ឌូណេស៊ី សរុប ជាង ៣១ ០០០​គីឡូម៉ែត្រ​ការ៉េ ដែលស្មើ​នឹង​ទំហំផ្ទៃដី​ប្រទេស​បែលហ្ស៊ិកមួយ។

ការប្រកាស​ដកហូត​អាជ្ញាប័ណ្ណ​ពីក្រុមហ៊ុនធ្វើ​អាជីវកម្ម​រ៉ែធ្យូងថ្ម ធ្វើឡើង​នៅក្នុង​កាលៈទេសៈ​ដែល​រដ្ឋាភិបាល​កំពុង​ផ្ទុះសង្រ្គាម​ជាមួយ ក្រុមហ៊ុនធ្វើអាជីវកម្ម​ធ្យូងថ្ម ដែល​រដ្ឋាភិបាល​ចោទប្រកាន់​ថា មិនបាន​គោរពតាម​កាតព្វកិច្ច របស់ខ្លួន​ក្នុងការផ្គត់ផ្គង់ ថាមពល​ធ្យូងថ្ម ទៅ​ឲ្យ​រោងចក្រ​ផលិតអគ្គិសនីក្នុងស្រុក។

សម្រាប់​ក្រសួងថាមពល​ និងធនធាន​រ៉ែ​ឥណ្ឌូណេស៊ី ដើម្បី នាំចេញ យកទៅលក់​ក្នុង​តម្លៃ​ខ្ពស់ ក្រុមហ៊ុន​បានរំលោភ​ច្បាប់ ដែលបាន​ទាមទារ​ឲ្យគេ​រក្សា​ទុក​ធ្យូងថ្ម ២៥% នៃ​ការផលិត និង​លក់​ក្នុង​តម្លៃថោក(៧០ដុល្លារ ក្នុងមួយតោន) សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក។

តាម​ក្រុមហ៊ុន​ផលិតអគ្គិសនី​រដ្ឋ​ឥណ្ឌូណេស៊ី ចាប់តាំង ពីថ្ងៃ​ហាម​មិន​ឲ្យនាំចេញ​ធ្យូងថ្ម កាលពី​ថ្ងៃទី ១​មករា  ធ្យូងថ្ម ពី​៧ ទៅ ១៣​លាន​តោន ត្រូវបាន​បង្វែរ សម្រាប់​តម្រូវការរបស់​​រោងចក្រ​ផលិត​អគ្គិសនី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ