អានតួអត្ថបទ
ភូមា-តុលាការសឹកភូមា

របបសឹកភូមា​បន្ថែមបទចោទប្រកាន់​​៥ទៀត ប្រឆាំងលោកស្រីអ៊ុងសាន ស៊ូជី

អតីតមេដឹកនាំ​ភូមា លោកស្រី អ៊ុងសាន ស៊ូជីដែលត្រូវ​របបសឹក​ចាប់ឃុំខ្លួន និង​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំហើយនោះ ត្រូវ​បាន​របបសឹក​ដាក់ពាក្យ​​ចោទប្រកាន់​សាជាថ្មី​ក្នុង​រឿង​ប្រព្រឹត្តអំពើពុករលួយ។ តាម​ប្រភព​អ្នកស្និទ្ធនឹង​សំណុំរឿង ដែល​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP បាន​សាកសួរនៅថ្ងៃ​សៅរ៍​ទី ១៥​មករា របបសឹកភូមាប្រកាស​ ​បទចោទប្រកាន់​ចំនួន ៥ ស្តីពីរឿង​ពុករលួយ​ប្រឆាំង​លោកស្រី​អ៊ុងសាន ស៊ូជី។

លោកស្រីអ៊ុងសាន ស៊ូជី​ត្រូវ​តុលាការរបបសឹកភូមា​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​៤ឆ្នាំ កាលពីថ្ងៃទី​១០​មករា ក្នុង​បទនាំចូល​អាយកូម​ខុសច្បាប់
លោកស្រីអ៊ុងសាន ស៊ូជី​ត្រូវ​តុលាការរបបសឹកភូមា​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​៤ឆ្នាំ កាលពីថ្ងៃទី​១០​មករា ក្នុង​បទនាំចូល​អាយកូម​ខុសច្បាប់ AP - Markus Schreiber
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណុំរឿងពុករលួយ​​​ ​លោកស្រីអ៊ុងសាន ស៊ូជី​ ប្រឈម​នឹង​បទចោទប្រកាន់​ចំនួន ៥ ដែលនៅក្នុង​នោះ មានមួយ ជាប់ទាក់ទង​នឹង​​រឿង​ជួល ទិញ និងជួសជុលថែទាំ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង។ តាម​កាសែត​ក្នុងស្រុកភូមា ដែលគ្រប់គ្រង​​ដោយ​របបសឹក ជ័យលាភីណូបែល​សន្តិភាព​ភូមា​ លោកស្រី​អ៊ុងសាន ស៊ូជី​ ត្រូវចោទប្រកាន់​ថា បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ថវិកា តាមរយៈការរំលោភច្បាប់​ស្តីពី​ការជួល និង​ទិញ​ឧទ្ធម្ភាគចក្រ។

តាមប្រភពដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP លោក​ វីន មីន អតីត​ប្រធានាធិបតី ភូមា របស់​រដ្ឋាភិបាល​របស់​លោកស្រី អ៊ុងសាន ស៊ូជី ក៏ត្រូវ​ជាប់ក្នុង​បទចោទប្រកាន់​ថ្មីនេះដែរ។

នៅ​ខែ​ធ្នូ​ឆ្នាំមុន កាសែត​រដ្ឋ​ភូមា​ Global New Light of Myanmar ធ្លាប់បាន​ចុះផ្សាយ​ថា លោកស្រី​អ៊ុងសាន ស៊ូជី និង​លោក​វីន មីនដែលជា ប្រធានាធិបតីក្នុង​រដ្ឋាភិបាល​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​ នឹង​ត្រូវ​កាត់ទោស​ក្រោមច្បាប់​ប្រឆាំង​អំពើពុករលួយ ​ក្នុងសំណុំរឿងជួលឧទ្ធម្ភាគចក្រ។ នៅក្នុងបទចោទប្រកាន់​ផ្សេងទៀត លោកស្រី អ៊ុងសាន ស៊ូជី​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស ពីបទទទួលសំណូក និង​រំលោភអំណាច ក្នុង​សំណុំរឿង​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ។ ក្រៅពីនេះ អតីត​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ភូមា កំពុង​ត្រូវ​តុលាការ​ជំនុំជម្រះផងដែរ​ពីរឿង​រំលោភកិច្ចការសម្ងាត់រដ្ឋ ដែល​នឹង​អាច​ធ្វើ​ឲ្យ​លោកស្រី​ប្រឈម​នឹង​ការដាក់ទោស​ជាប់ពន្ធនាគារ​១៥ឆ្នាំ។

លោកស្រី​អ៊ុងសាន ស៊ូជី​ទើប​ត្រូវ​បានតុលាការ​របបសឹក​កាត់ទោសកាលពីថ្ងៃទី​១០​មករា ឲ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពីបទនាំចូល​ អាយកូម ខុសច្បាប់។ ចាប់តាំង​ពីត្រូវបាន​មេដឹកនាំ​យោធា​ភូមា ចាប់ឃុំខ្លួន​នៅ​កន្លែង​សម្ងាត់​ ចាប់ពីថ្ងៃ​ធ្វើ​រដ្ឋប្រហារ​យោធា នៅ​ថ្ងៃទី ១​កុម្ភៈ ២០២១ លោកស្រី អ៊ុងសាន ស៊ូជី​ត្រូវ​បាន​តុលាការ​របបសឹកភូមា កាត់ទោស២ដង​​ និង​ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ សរុប ៦ឆ្នាំ។

ការជំនុំជម្រះ​លើកទី២ កាលពីថ្ងៃ​ចន្ទ ត្រូវ​បានធ្វើឡើង​ដោយ​បិទទ្វារ ចំណែក​មេធាវី​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ត្រូវ​ហាម​មិន​ឲ្យនិយាយ​ជាមួយអ្នកកាសែត ឬ​អង្គការ​អន្តរជាតិ។

​គណបក្សសម្ព័ន្ធជាតិ​ដើម្បី ប្រជាធិបតេយ្យ របស់​លោកស្រី​អ៊ុងសាន ស៊ូជី​បាន​ចោទប្រកាន់របបសឹក​ថា បាន​ធ្វើ​រដ្ឋប្រហារ​ ប្លន់យកអំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ ដែលដឹកនាំ​ដោយ​លោកស្រី​អ៊ុងសាន ស៊ូជី។ ដោយ​បង្កើន​បទចោទប្រកាន់ជាច្រើន ប្រឆាំង​លោកស្រី​អ៊ុងសាន ស៊ូជី ដែលមានតាំង​ពីការរំលោភ​ការសម្ងាត់រដ្ឋ ការនាំចូល​អាយកូម និង​បន្ថែមបទចោទប្រកាន់ថ្មីទាក់ទង​នឹង​រឿង​ប្រព្រឹត្តអំពើពុករលួយ របបសឹក​ភូមា​ត្រូវ​បានក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស និង​ក្រុមគាំទ្រ​លោកស្រី​អ៊ុងសាន ស៊ូជី ចោទប្រកាន់​ថា កំពុង​ព្យាយាមរារាំង​មិន​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី​ត្រលប់​មក​ធ្វើ​នយោបាយ។ ជាមួយបទចោទប្រកាន់ដ៏ច្រើន និង​ការសម្រេច​ផ្តន្ទាទោសជាបន្តបន្ទាប់ គេ​បារម្ភថា លោកស្រី​អ៊ុងសាន ស៊ូជី​ ដែលសព្វថ្ងៃ​មានអាយុ​៧៦ឆ្នាំ​នឹង​ត្រូវ​ចំនាយវេលាចុងក្រោយនៃជីវិត​របស់​លោកស្រី​នៅក្នុង​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ