អានតួអត្ថបទ
ហ្វីលីពីន-ភូមា-នយោបាយ

ហ្វីលីពីន​ថា​អ្នក​ស្រី​ស៊ូជី​មាន​សារៈ​សំខាន់​មិន​អាច​ខ្វះ​បាន​ចំពោះ​លទ្ធិ​ប្រជា​ធិប​តេយ្យ​ភូមា

អតីត​មេដឹកនាំ​ស៊ីវិល​អ្នកស្រី​ អ៊ុងសាន ស៊ូជី​ មាន​សារៈសំខាន់​ខ្លាំងណាស់​មិន​អាចខ្វះ​បាន​ឡើយ​ក្នុងការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រទេសភូមា​ឡើងវិញ​។ នេះ​គឺជា​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​ នៅប៉ុន្មាន​ថ្ងៃបន្ទាប់ពី​តុលាការ​ភូមា​កាត់​ទោស​ដាក់​ពន្ធនាគារ​អ្នក​ស្រី​ស៊ូជី​បួនឆ្នាំ​បន្ថែម​ទៀតក្រោម​បទ​បាន​នាំចូល​អាយកូម​ខុស​ច្បាប់។

អតីតមេដឹកនាំស៊ីវិលភូមាអ្នកស្រី អ៊ុងសាន ស៊ូជី។
អតីតមេដឹកនាំស៊ីវិលភូមាអ្នកស្រី អ៊ុងសាន ស៊ូជី។ . AFP/Archivos
ផ្សាយពាណិជ្ជកម្ម

ម្ចាស់​ជ័យ​លាភី​ណូបែល​សន្តិភាព​ភូមា​អ្នកស្រី​ស៊ូជី ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំង​ពី​រដ្ឋ​ប្រហារ​ថ្ងៃទី១​ ខែកុម្ភៈឆ្នាំមុន​ ត្រូវ​បាន​កាត់ទោសនៅ​ថ្ងៃទី១០ ខែមករាពី​បទ​ឧក្រិដ្ឋកម្ម​ចំនួន​៣ និង​ត្រូវ​បាន​កាត់ទោសឲ្យជាប់​ពន្ធនាគាររយៈពេល ៤ឆ្នាំបន្ថែម​។

ក្រោយមកទៀត​ តុលាការ​របប​សឹក​បាន​បន្ថែម​បទចោទ​ប្រកាន់​ចំនួន​៥​ទៀត​ប្រឆាំង​អ្នកស្រី​ស៊ូជី​ ជុំវិញ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ ដែល​ក្នុង​នោះមាន​សំណុំ​រឿង​មួយ​ពាក់ព័ន្ធ​នឹង​​ការ​ជួល​ ទិញ​ និង​ជួសជុល​ថែទាំ​ឧទ្ធម្ភាគចក្រ​មួយគ្រឿង​។

ខណៈ​ប្រទេស​លោកខាងលិច​មួយ​ចំនួន​រួម​មាន​អាមេរិក​ និងន័រវែស​ជាដើម​បាន​ថ្កោល​ទោស​ការ​កាត់​ក្តី​របស់​តុលាការភូមា​ មេដឹកនាំ​អាស៊ី​អាគ្នេយ៍​វិញ​នៅ​ស្ងៀម​មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឡើយ​។

តែ​នៅ​ទីបំផុត​ រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​លោក Teodoro Locsin បាន​បំបែក​ភាព​ស្ងៀម​ស្ងាត់​នេះ​នៅ​ថ្ងៃអាទិត្យ​ ទី១៦​ មករា​ ដោយ​លោក​បាន​​ថ្កោលទោស​ចំពោះ​ការ​កាត់​ទោស​លើ​អ្នកស្រី​អតីត​មេដឹកនាំ​ស៊ីវិល​វ័យ​៧៦​ឆ្នាំ ​ដោយ​តុលាការ​របប​យោធា​។ សម្រាប់​រដ្ឋ​មន្ត្រី​ការ​បរទេស​ហ្វីលីពីន​ អ្នកស្រី ស៊ូជី​ ពិត​ជា​មានសារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ភូមា​។

ទន្ទឹមនេះ​ លោកLocsin ក៏បានបង្ហាញ​ជំហរ​គាំទ្រ​ផងដែរ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ភូមា​ដោយ​នាយករដ្ឋមន្ត្រីខ្មែរ​លោក​ហ៊ុន សែន​កាលថ្ងៃទី៧ មករា​។ លោក ហ៊ុន សែន​ ដែល​ទើប​ចូល​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន​ បាន​ក្លាយ​ជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​ទៅ​ភូមា​ចាប់​តាំងពី​រដ្ឋប្រហារ​កាលពី​ខែកុម្ភៈ​ឆ្នាំទៅមិញ​។

ក្រុម​អ្នករិះគន់​បារម្ភខ្លាចថា​ដំណើរទស្សនៈកិច្ច​របស់​លោកហ៊ុន សែន អាច​ទៅ​បញ្ជាក់​ភាព​ស្រប​ច្បាប់​របស់​របបសឹកភូមា​ តែ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​យល់ថា​វត្តមាន​របស់​មេដឹក​នាំ​ខ្មែរ​អាច​ធ្វើឲ្យ​មាន​ការ​រីកចម្រើន​ទៅមុខ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅភូមា​ ហើយ​សម​នឹង​ទទួល​បាន​ការ​គាំទ្រ​ដោយ​អស់ពីចិត្ត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ