អានតួអត្ថបទ
ភូមា-ព្រះសង្ឃ

ព្រះសង្ឃភូមា​រាប់រយ​អង្គ​រត់គេចខ្លួន​ពី​សមរភូមិ​ប្រយុទ្ធគ្នា​រវាង​កងទ័ព និង​ក្រុមឧទ្ទាម

ការប្រយុទ្ធគ្នា​ដ៏ខ្លាំងក្លា  រវាង​កងទ័ពភូមា និង​ក្រុមឧទ្ទាមជនជាតិ​ភាគតិច នៅ​រដ្ឋ​កាយ៉ា ភាគខាងកើតភូមា បាន​បណ្តាល​ឲ្យ​ព្រះសង្ឃ​ភូមា​ជា​ច្រើន​រយអង្គ បាន​រត់ភៀសខ្លួនចេញពី​វត្តអារ៉ាម។ តាម​សាក្សី​ដែលស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ព្រះសង្ឃ ជាច្រើន​រយអង្គ បាន​ចាកចេញ​ជាមួយ​ប្រជាជន​ពី​ក្រុង​ចំនួន​២ ដែល​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធគ្នា​រវាង​កងទ័ព និង​ក្រុមឧទ្ទាម នៅ​ចុងសប្តាហ៍នេះ។

កងកម្លាំងការពារ​ប្រជាជន (PDF) ដែល​កើតចេញមកពី​ចលនា​ប្រឆាំង​រដ្ឋប្រហារ​យោធាភូមា សែង​គ្នីគ្នា​របស់ខ្លួន ដែលរងរបួស នៅក្នុងការប្រយុទ្ជជាមួយកងទ័ពភូមា​នៅ​រដ្ឋ​កាយីននៅខែធ្នូ​ឆ្នាំ ២០២១
កងកម្លាំងការពារ​ប្រជាជន (PDF) ដែល​កើតចេញមកពី​ចលនា​ប្រឆាំង​រដ្ឋប្រហារ​យោធាភូមា សែង​គ្នីគ្នា​របស់ខ្លួន ដែលរងរបួស នៅក្នុងការប្រយុទ្ជជាមួយកងទ័ពភូមា​នៅ​រដ្ឋ​កាយីននៅខែធ្នូ​ឆ្នាំ ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ចំណោម​ប្រជាជនភូមា ជាង ៥ពាន់នាក់ ដែលបាន​រត់គេចខ្លួនចេញ​ពី​ការប្រយុទ្ធគ្នា​រវាង​កងទ័ព​ភូមា និង​ក្រុមឧទ្ទាម​ជនជាតិភាគតិច នៅរដ្ឋ​កាយ៉ា មានផងដែរ ព្រះសង្ឃ​ភូមារាប់រយ​អង្គ។ សាក្សី​ជា​ព្រះសង្ឃមួយអង្គ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង កាលពីថ្ងៃ​អាទិត្យថា នៅទីក្រុង​ពីរ​ក្នុង​រដ្ឋ​កាយ៉ា ដោយសារ​ការប្រយុទ្ធគ្នា​កាន់តែ​សន្ធោសន្ធៅ​រវាង​កងទ័ព និង​ក្រុមឧទ្ទាម ព្រះសង្ឃ​គ្មាន​ជម្រើសអ្វី​ក្រៅតែ​ពីរត់ភៀសខ្លួន​ចេញពី​វត្ត​នោះទេ។ តាម​សាក្សី​ខាងលើ នៅទីក្រុង​Loikaw Demoso ដែលស្ថិតនៅ​ចម្ងាយតែជាង ២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី ណៃពីដោរ វត្តអារ៉ាម សរុប​ជាង ៤០ ត្រូវបោះបង់ចោល​ស្ងាត់ដូច វាលកប់ខ្មោច។

ព្រះសង្ឃ​បង្ខំចិត្ត រត់ចេញពី​វត្ត ដើម្បី​គេចចេញពី​ការប្រយុទ្ធគ្នា​ដ៏ហិង្សា​រវាង​កងទ័ព និង​ក្រុមឧទ្ទាមភាគតិច។ នេះ​គឺជារឿង​មិនធម្មតា​នៅ​ប្រទេស​ភូមា ជាទី ដែលព្រះសង្ឃ ត្រូវ​គេ​គោរពបូជាខ្លាំង ចំណែក​វត្តអារ៉ាម ត្រូវ​គេ​ចាត់ទុក​ទីកន្លែង​ដ៏សក្ការៈ​ខ្ពង់ខ្ពស់។

តាមប៉ូលិស​មូលដ្ឋាន​ភូមា ទីក្រុង​បាន​ស្ងាត់បាត់មនុស្ស។ ស្ថានភាព​កាន់តែ​ស្មុគស្មាញ ព្រោះថា ក្រុមឧទ្ទាម ដែលមានការគាំទ្រ ពីចលនា​ប្រដាប់អាវុធ ប្រឆាំង​រដ្ឋប្រហារ​យោធាភូមា បាន​ចូល​តាំងទី​នៅ​តាមវត្ត វិហារ និង​ផ្ទះសម្បែង​របស់​ប្រជាជន។ នៅប៉ុន្មានថ្ងៃ​មកនេះ ទីក្រុង​ទាំងពីរ បាន​ក្លាយ​ជា​សមរភូមិប្រយុទ្ធគ្នាដ៏ហិង្សា បន្ទាប់ពី​កងទ័ព ​​បាន​បើកការវាយប្រហារ​តាមផ្លូវអាកាស និង​បាញ់​គ្រាប់ផ្លោង​សំដៅ​ទីតាំង​ជម្រក​របស់ក្រុមឧទ្ទាម។

តាម​ការវាយតម្លៃ​របស់​អង្គការ​សហប្រជាជាតិ មានប្រជាជន​ជាង ៩ម៉ឺននាក់ បាន​រត់គេចខ្លួន​ចេញពីការប្រយុទ្ធគ្នា​នៅ​រដ្ឋ​កាយ៉ា ប៉ុន្តែ កាសែត​ក្នុង​ស្រុក​ភូមាវិញ​រាប់ឃើញ​មានមនុស្ស ជិត​២សែននាក់ ដែលរត់​ផ្លាស់ទី ដោយសារ​ការប្រយុទ្ធគ្នា។

នៅ​សប្តាហ៍មុន អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​សំណុំរឿង​ភូមា ធ្លាប់​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​របបសឹក​លោក​មីន អ៊ុងឡាំង​បញ្ឈប់ជាបន្ទាន់​ការវាយប្រហារ​តាមផ្លូវអាកាស និង​បើក​ផ្លូវ​ឲ្យ​មនុស្សរត់គេច​ពី​កន្លែងគ្រោះថ្នាក់។

ចាប់តាំង​ពីមានរដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​របស់​លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវ​របបសឹក​ចាប់ឃុំខ្លួន និង​កាត់ទោស​ឲ្យជាប់ពន្ធានាគារ សរុប ៦ឆ្នាំ ចលនា​ប្រឆាំង​នឹង​ការធ្វើរដ្ឋប្រហារ​របស់យោធាភូមា បាន​ចាប់កាន់អាវុធ ចូលប្រយុទ្ធកៀកស្មា​ជាមួយ​ក្រុមឧទ្ទាម​ភាគតិច ដែល​ធ្លាប់ជា​សត្រូវ​របស់​កងទ័ពភូមា។

នៅក្នុងជំនួបវីដេអូ ជាមួយ​នាយករដ្ឋមន្រ្តី​សិង្ហបុរី កាលពី​ថ្ងៃ​សុក្រ នាយករដ្ឋមន្រ្តី​កម្ពុជា ដែល​បានធ្វើដំណើរ​ទៅ​ជួប​មេដឹកនាំ​របបសឹក លោក​មីន អ៊ុងឡាំង នៅទីក្រុង​ណៃពីដោរ បាន​លើកសំណើ​មួយចំនួន​ដើម្បី រៀបចំ​ឲ្យ​មានបទឈប់បាញ់​នៅ​ភូមា ពោល​គឺ​នៅបន្ទាប់​ពី មេដឹកនាំ​យោធាភូមា​​បាន​ប្រកាស​ពន្យារ​បទឈប់បាញ់​ជាមួយ​ក្រុមប្រដាប់អាវុធ រហូត​ដល់​ចុងឆ្នាំ ២០២២។

តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាលសិង្ហបុរី ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​Reuters នាយករដ្ឋមន្រ្តី​សិង្ហបុរី មិន​ប្រឆាំង​នឹង​គំនិតរបស់​កម្ពុជា ប៉ុន្តែ សម្រាប់​លោក វា​ស្មុគស្មាញ ព្រោះថា គេ​នៅតែ​មិនអាច​ចូល​ទៅ​ជួបពិភាក្សា​ជាមួយ​គ្រប់ភាគី។

តាមលោក លី ស៊ានឡុង មេដឹកនាំ​យោធា​ភូមា​បាន​សន្យា​នាំសន្តិភាព​ឲ្យភូមា ប៉ុន្តែ ជាមួយ គ្នានោះ កងទ័ព​ភូមា​នៅតែបន្ត​វាយប្រហារ​ទៅលើ​អ្នកនយោបាយ​ប្រឆាំង និង​ចាប់ខ្លួន កាត់ទោស ដាក់ពន្ធនាគារ ​លោកស្រី​អ៊ុងសាន ស៊ូជី។

ប្រមុខ​រដ្ឋាភិបាល​សិង្ហបុរី​បាន​និយាយ​ប្រាប់​នាយករដ្ឋមន្រ្តី​កម្ពុជា ដែរថា រាល់​ការពិភាក្សា​ទាក់ទង​នឹង​ភូមា គេចាំបាច់​ត្រូវ​រាប់បញ្ចូល គ្រប់ភាគី ដែលក្នុងនោះមានផងដែរ លោកស្រី​អ៊ុងសាន ស៊ូជី។ នាយករដ្ឋមន្រ្តី​សិង្ហបុរី​បាន​បញ្ជាក់ដែរថា លោក​នៅបន្តគាំទ្រ​ឲ្យគេ​ផាត់​មេដឹកនាំ​របបសឹកភូមា ពី​កិច្ចប្រជុំអាស៊ាន រហូត​ដល់​ថ្ងៃ​ដែល​របបសឹក​យល់ព្រម​អនុវតផែនការស្តារសន្តិភាព​នៅភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ