អានតួអត្ថបទ
ភូមា

ភូមា មាន​ការប្រយុទ្ធ​គ្នា​ជា​ថ្មី​រវាង​កងកម្លាំង​រដ្ឋាភិបាល​និង​ឧទ្ទាម​នៅ​រដ្ឋ​រ៉ាឃីន

ការ​ប្រយុទ្ធ​គ្នា​នៅ​រដ្ឋ​រ៉ាឃីន ឬ​តំបន់​អារ៉ាខាន រវាង​កង​កម្លាំង​រដ្ឋាភិបាលយោធា​ភូមា និង​ក្រុម​ឧទ្ទាម​ បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី ៤​កុម្ភៈ សប្តាហ៍​មុន។ ហេតុការណ៍​​ថ្មី​នេះ​ ផ្ទុះ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយពី​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​អំពាវនាវ​ឱ្យ​ភូមា​បញ្ឈប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា។

ការ​ប្រយុទ្ធ​គ្នា​នៅរដ្ឋ​រ៉ាឃីន កាលពី​ឆ្នាំ​២០១៩
ការ​ប្រយុទ្ធ​គ្នា​នៅរដ្ឋ​រ៉ាឃីន កាលពី​ឆ្នាំ​២០១៩ Reuters
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រដាប់​អាវុធ​អារ៉ាខាន ជា​កងកម្លាំង​ឧទ្ទាម​ ​ដ៏​ខ្លាំង​ជាង​គេ​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ភូមា ដែលបាន​កាន់​អាវុធ​តស៊ូ​តាំង​ពី​ជា​ច្រើនទសវត្សរ៍មកហើយ ដើម្បី​ទាមទារ​ស្វ័យភាព​ ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ឱ្យ​បាន​កាន់​តែច្រើន។

នៅ​ខែវិច្ឆិកា​២០២០ តាម៉ាដាវ កងកម្លាំង​យោធា​រដ្ឋាភិបាល​ បាន​ចុះកិច្ចព្រមព្រៀង​ឈប់​បាញ់​ជាមួយ​កងកម្លាំង​ឧទ្ទាម​អារ៉ាខាន​ ពោល​គឺ​មុន​រដ្ឋប្រហារ​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​បន្តិច ដែល​ជា​អ្នក​ផ្តួចផ្តើម​កិច្ចសន្យា​ឈប់​បាញ់នេះ។

ក្រោយ​រដ្ឋប្រហារ តំបន់​ភាគ​ខាង​លិច​នេះ​ប្រទេស​ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​ជាងគេ​ ប៉ុន្តែ​នៅ​ថ្ងៃសុក្រ​ទី ៤​កុម្ភៈ ស្រាប់​តែ​កង​កម្លាំង​យោធា​ តាម៉ាដាវ បានជ្រៀត​ចូលទៅក្នុង​មូលដ្ឋាន​ទ័ព​ឧទ្ទាម​អារ៉ាខាន ត្រង់​ចំណុច​ជាប់​ព្រំដែនជាមួយ​បង់ក្លាដែស ហើយ​ការ​ប្រយុទ្ធគ្នា​ក៏​បានផ្ទុះឡើង​មួយ​ប្រាវ​រយៈ​ពេល​ប្រមាណ​បី​ម៉ោង។ សមាជិក​​នៃ​កងយុទ្ធជន​អារ៉ាខានម្នាក់​បានស្លាប់។ ភាព​តាន​តឹង​យោធា​អាច​ផ្ទុះ​​រាលដាល​បាន​គ្រប់​វេលា។ នេះ​បើ​តាម​អ្នកនាំពាក្យ​របស់​ក្រុម​ឧទ្ទាម​ ដោយ​សុំ​មិនបញ្ចេញឈ្មោះ។

លោក Zaw min Tun ​អ្នក​នាំពាក្យ​​រដ្ឋាភិបាល​សឹក​ភូមា​វិញ បាន​បញ្ជាក់​ព័ត៌មាន​ថា​ពិត​ជា​មានការប្រយុទ្ធ​គ្នា​នៅ​តំបន់​រ៉ាឃីន​មែន ហើយ​កងកម្លាំងយោធា​តាម៉ាដាវ​ជាច្រើននាក់​បាន​ស្លាប់​និង​រង​របួស ប៉ុន្តែ​ជា​ការវាយប្រហារ​បង្ក​ឡើងដោយ​ពួកបះបោរ​​ប្រដាប់​អាវុធ​រ៉ូហ៊ីងយ៉ា។ រដ្ឋាភិបា​លកំពុង​ធ្វើ​អង្កេត​រកមូលហេតុ​នៃ​វត្តមានរបស់​កងកម្លាំង​អារ៉ាខាន។ នេះ​បើតាម​សេចក្តី ប្រកាស​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាលដដែល។

សូម​បញ្ជាក់​ថា គឺ​នៅ​ក្នុង​រដ្ឋ​រ៉ាឃីននេះហើយ​ដែលកាលពី​ឆ្នាំ​២០១៧ កង​កម្លាំងយោធា​ភូមា​បាន​បើក​ប្រតិបត្តិការ​ប្រឆាំង​ជនជាតិ​ភាគ​តិច​កាន់​សាសនា​អ៊ីស្លាម រ៉ូហ៊ីងយ៉ា យ៉ាង​សន្ធោសន្ធៅនោះ។ ហេតុការណ៍​នេះ​បាន​ជំរុញ​ឱ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា ជាង​៧សែន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​បង់ក្លាដែស និង​ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​បើក​អង្កេត​ពី​បទ​ប្រល័យ​ពូជសាសន៍​ផង។ នៅ​ឆ្នាំ​២០១៩-២០២០ មាន​ការ​ប្រយុទ្ធ​តតាំង​គ្នា​យ៉ាង​សន្ធាប់​រវាងកងយុទ្ធជន​ឧទ្ទាម​អារ៉ាខាន និង​កង​កម្លាំង​យោធា​ភូមា។ ប្រជាពលរដ្ឋក្នុង​តំបន់​​ប្រមាណ​២សែន​ត្រូវ​ធ្វើ​បំលាស់​ទី។ សម្រាប់​អង្គការ​ក្រៅរដ្ឋាភិបាល​ អំពើ​ហិង្សា​នេះ​អាច​ចាត់​ទុក​បាន​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ បន្ថែម​ពីលើ​នេះ ភូមា​ត្រូវ​រង​អំពើ​ហិង្សា​ ​ក្រោយ​រដ្ឋប្រហារ​ដែលបណ្តា​លឱ្យ​ជន​ស៊ីវិល​ជាង​១៥០០​នាក់​បាត់​បង់​ជីវិត ៩ពាន់​នាក់​ជាប់​ឃុំឃាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ