អានតួអត្ថបទ
ជប៉ុន-រញ្ជួយដី

មនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់របួសក្នុងគ្រោះរញ្ជួយដីនៅជប៉ុន

នៅ​ក្នុង​ប្រទេស​ជប៉ុន​ មនុស្ស​ ៤នាក់​បាន​ស្លាប់​និង​ជាង​ ១០០នាក់​រងរបួស​បន្ទាប់ពីគ្រោះ​រញ្ជួយដី​ដ៏ខ្លាំង​បាន​វាយប្រហារ​ផ្នែក​ជាច្រើន​នៃ​ឆ្នេរ​ភាគ​ខាង​កើត​ទី​ក្រុងហ្វូគូស្ហ៊ីម៉ា (Fukushima) ​កាល​ពី​យប់​ថ្ងៃ​ពុធ​ ១៦មីនាម្សិលមិញ​។ គ្រោះ​រញ្ជួយដី​ដ៏​ធំ​នេះ​ក៏​បាន​រុញច្រាន​ផងដែរ​ឲ្យ​អាជ្ញាធរ​ជប៉ុន​ទាញ​សញ្ញា​អាសន្ន​ពី​រលក​យក្សស៊ូណាមី​។

អគារនៅតំបន់ Soma ក្នុងក្រុងគូស៊ីម៉ាត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
អគារនៅតំបន់ Soma ក្នុងក្រុងគូស៊ីម៉ាត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។ AP
ផ្សាយពាណិជ្ជកម្ម

គ្រោះ​រញ្ជួយដី​កម្រិត​ ៧,៤រ៉ិចទ័រ​នៅឯឆ្នេរសមុទ្រនៃទីក្រុង​ហ្វូគូស្ហ៊ីម៉ាបានធ្វើរថភ្លើង​ធ្លាក់ចេញពីផ្លូវ​ ផ្លូវ highways បែកមានស្នាមប្រេះ ហើយ​ផលិត​ផល​ទំនិញ​នៅក្នុង​ហាង​ជាច្រើនធ្លាក់បែកខ្ទាត់​ខ្ទាយ។ យ៉ាងណាក៏ដោយ អគ្គិសនី​ត្រូវបានត​ភ្ជាប់​វិញហើយសម្រាប់​ប្រជាជនជប៉ុន​រាប់ពាន់នាក់​ដែល​រស់នៅទីនោះ​។

ចំណែក​ការទាញសញ្ញាអាសន្នពី​រលកយក្សស៊ូណាមិវិញ​ក៏ត្រូវបានអាជ្ញាធរជប៉ុនលុបចោល​វិញហើយដែរ​នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់​ពី​កត់ត្រារកឃើញាថាកម្រិត​កម្ពស់​ទឹក​មិន​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។

គួរជ្រាបថា គ្រោះរញ្ជួយដីនៅតំបន់ឆ្នេរប៉ែកខាង​កើត​ជប៉ុននៅពេលនេះ​បានកើតឡើង នៅប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះបន្ទាប់ពី​ជប៉ុន​រំឭកឡើងវិញនូវការចងចាំ​ពីគ្រោះរញ្ជួយដី រលក​យក្សស៊ូណាមី​ និង​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​ក្នុងតំបន់​កាលពី ១១ឆ្នាំមុន​។

គ្រោះរញ្ជួយដី​បាន​បន្តវាយប្រហារតំបន់ខ្លះទៀត​ក្នុង​ក្រុង​ហ្វូគូស្ហ៊ីម៉ានៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ប៉ុន្តែមិនបង្កជាគ្រោះថ្នាក់ធំដុំឡើយ​។ គ្មានការ​ខូចខាត​ច្រើន​នោះទេ​ ហើយ​មន្ត្រី​ជំនាញ​ជប៉ុន​បាន​និយាយ​ថា​ក៏មិនមានដែរភាព​ខុស​ប្រក្រតី​នៅ​រោងចក្រ​នុយក្លេអ៊ែរ​។

ទាក់ទងរឿងនេះ​ អ្នក​នាំពាក្យរដ្ឋាភិបាលជប៉ុន​លោក Hirokazu Matsuno បាន​និយាយថា​មានមនុស្ស ៤នាក់​ត្រូវ​បាន​រាយការណ៍ថាស្លាប់​ ហើយមាន​មនុស្ស ១០៤ផ្សេងទៀត​រង​របួស​។

គួរបញ្ជាក់ថា​ គ្រោះរញ្ជួយដីបានវាយប្រហារឆ្នេរភាគខាងកើត​ក្ក្រុងហ្វូគូស្ហ៊ីម៉ាកាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅវេលាម៉ោងប្រមាណ ១១កន្លះយប់ ក្នុងជម្រៅប្រមាណ ៦០គីឡូម៉ែត្រ ដោយផ្តើមពី​កម្រិត ៦,១ រ៉ិចទ័រ។

ប្រទេសជប៉ុនជារឿយៗរងការវាយប្រហារដោយគ្រោះរញ្ជួយដី​ ប៉ុន្តែគ្រោះថ្នាក់ដ៏ធំដែល​នៅ​តែ​ស្ថិតក្នុងការចងចាំរបស់ប្រជាជនជប៉ុនជាប់ជានិច្ចគឺ​គ្រោះថ្នាក់ដ៏មហន្តរាយកាលពីឆ្នាំ ២០១១ដែលបាន​បណ្តាលឲ្យមនុស្ស​ប្រមាណ ១៨ ៥០០នាក់ស្លាប់ឬបាត់ខ្លួន និងដែលភាគច្រើន​នៅ​ក្នុង​​​រលក​យក្សស៊ូណាមី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ