អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី

ប្រជាជនជប៉ុនកំពុងព្រួយបារម្ភពីការបំភិតបំភ័យផ្លូវយោធាពីប្រទេសរុស្ស៊ី

ខណៈ​ដែល​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​កំពុង​បន្ត​មាន និង​ចំ​ពេល​ដែល​ពិភពលោក​ទាំង​មូល​កំពុង​ផ្តោត​ចក្ខុ​លើ​សង្រ្គាម​មួយ​នេះ ប្រទេស​រុស្ស៊ី​ក៏​កំពុង​បន្ត​ការ​បំភិតបំភ័យ​ផ្លូវ​យោធា​លើ​ប្រទេស​ជប៉ុន​ដែរ។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ កងទ័ព​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​នៅ​ក្បែរ​ប្រជុំកោះ​គូរីល។ រូបភាព​បំភិតបំភ័យ​ពី​កងទ័ព​រុស្ស៊ី​នេះ​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ដល់​ប្រជាជន​ជប៉ុន​ដែល​ខ្លាច​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី​ដូច​អ៊ុយក្រែន។

នាយករដ្ឋមន្រ្តីជប៉ុនលោកហ៊្វូមីអូ គីស្ហ៊ីដា
នាយករដ្ឋមន្រ្តីជប៉ុនលោកហ៊្វូមីអូ គីស្ហ៊ីដា AP - Rodrigo Reyes Marin
ផ្សាយពាណិជ្ជកម្ម

រវាង​ប្រទេស​រុស្ស៊ី និង​ប្រទេស​ជប៉ុន ភាព​តានតឹង​ដែល​កំពុង​មាន​ស្រាប់​កំពុង​ឡើង​កម្តៅ​ថែម​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ មិន​ដល់​មួយ​ខែ​ផង កងទ័ព​រុស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​លើកទី៣ នៅ​ក្បែរ​ប្រជុំកោះ​គូរីល​ដែល​មាន​ចម្ងាយ​តែ​ប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​កោះ​ហុកកៃដូ។ ទន្ទឹម​គ្នា​នេះ ការ​ដាក់​សម្ពាធ​ពី​កងទ័ព​រុស្ស៊ី​ក៏​មាន​នៅ​ក្នុង​សមុទ្រ​ជប៉ុន​ដែរ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៤ មេសា​ថ្មីៗ​នេះ កងទ័ព​រុស្ស៊ី​បាន​បាញ់​គ្រាប់មីស៊ីលចម្ងាយ​ឆ្ងាយ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​នា​ដំណាច់​ខែ​កុម្ភៈ។

ទង្វើ​របៀប​នេះ​របស់​រុស្ស៊ី​បាន​ធ្វើ​ឲ្យ​ប្រជាជន​ជប៉ុន​រស់​ក្នុង​ទីក្រុង​តូក្យូ​ព្រួយបារម្ភ​ជា​ពន់ពេក។ « ចាប់​ពី​ពេល​នេះ​ត​ទៅ រុស្ស៊ី​ចាត់​ទុក​ជប៉ុន​ដូច​ប្រទេស​អមិត្ត​មួយ។ យូរ ឬ​ឆាប់ យើង​នឹង​រងគ្រោះ​នៅ​ថ្ងៃ​ណា​មួយ។ នៅ​ពេល​ខ្ញុំ​ឃើញ​អ៊ុយក្រែន​ខ្ទេចខ្ទីរ​ដោយ​គ្រាប់បែក គ្រាប់មីស៊ីល ខ្ញុំ​និយាយ​ខ្លួន​ឯង​ថា បើ​គ្រាប់មីស៊ីល​រុស្ស៊ី​ធ្លាក់​លើ​ក្រុង​ជប៉ុន​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន វា​នឹង​មាន​មនុស្ស​ស្លាប់​ច្រើន។ ខ្ញុំ​បារម្ភ​ខ្លាំង​ណាស់ » នេះ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នករស់​ក្នុង​ទីក្រុង​តូក្យូ​ម្នាក់។

« ទាំង​អស់​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យខ្លាច។ គេ​និយាយ​ច្រើន​ថា ចិន​អាច​ចូល​ឈ្លានពាន​តៃវ៉ាន់​នៅ​ថ្ងៃ​ណា​មួយ តែ​ខ្ញុំ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ច្រើន​ដង​ថា មុន​នឹង​ចិន​ឈ្លានពាន​តៃវ៉ាន់ តើ​មិនមែន​ជប៉ុន​ទេ​ឬ​ដែល​នឹង​រង​ការវាយប្រហារ​ពី​រុស្ស៊ី​មុន​គេ » នេះ​ជា​ការ​បន្ថែម​របស់​អ្នករស់​ក្នុង​ទីក្រុង​តូក្យូ​ដដែល។ បើ​តាម​ក្រុម​អ្នកជំនាញ មាន​យន្តហោះ​ប្រដេញ ទម្លាក់​គ្រាប់បែក​យ៉ាង​តិច ៣២០គ្រឿង នាវាពិឃាត និង​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​សរុប​ចំនួន ២៦០គ្រឿង​ត្រូវ​បាន​រុស្ស៊ី​បញ្ជូន​ទៅ​ដាក់​ក្បែរ​ប្រទេស​ជប៉ុន។

នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ហ៊្វូមីអូ គីស្ហ៊ីដា​បាន​សម្តែង​ក្តី​បារម្ភ​យ៉ាង​ខ្លាំង។ តែ​លោក​បដិសេធ​មិនព្រម​ឱនក្បាល​នៅ​ចំពោះ​មុខ​ការ​បំភិតបំភ័យ​ម្តង​ហើយ​ម្តង​ទៀត​របស់​រុស្ស៊ី​ទេ។ គួរ​បញ្ជាក់​ថា ជប៉ុន និង​រស្ស៊ី​កំពុង​បន្ត​មាន​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​គូរីល។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នៅ​ក្នុង​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ជប៉ុន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ជាមួយ​បស្ចិមលោក។ តើ​ទង្វើ​របស់​ជប៉ុន​នេះ​ឬ​ដែល​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ដំឡើង​សាច់ដុំ​ដាក់​ជប៉ុន​កាន់​តែ​ធំ​នៅ​ពេល​នេះ?៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ