អានតួអត្ថបទ
ជប៉ុន-រុស្ស៊ី

ជប៉ុន​ដំឡើង​សំឡេង​ និង​ចោទ​​រុស្ស៊ី​ ថាក្រសោប​យក​កោះគូរីល​ ដោយ​ខុស​ច្បាប់

តាំងពីផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន​មក ទំនាក់ទំនង​រុស្ស៊ី​ជប៉ុន ធ្លាក់​ចុះ​ដុនដាប​ជា​លំដាប់ ព្រោះ​ជប៉ុន​គាំទ្រ​ទណ្ឌកម្ម​របស់ក្រុម​បស្ចិម​លោក​។ ទំនាក់ទំនង​ការទូតមិន​ល្អ ជម្លោះ​ចាស់​ក៏​រើ​ឡើង​វិញ​។ នៅក្នុង​ការ​ចេញ​ផ្សាយ​សៀវភៅ​ខៀវ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការបរទេសជប៉ុន តូក្យូ បាន​ចោទ​មូស្គូ ថា​បាន​ចាប់​យក​កោះ​ គួរីល ដែល​សហភាព​សូវៀត​ធ្លាប់​ចូល​ឈ្លានពាន​កាលពី​សង្គ្រាម​លោកលើកទីពីត ​មក​ជាធ្វើ​ជា​ដែនដី​រណប​របស់​ខ្លួន​ដោយ​ខុសច្បាប់។

ជប៉ុន​ដំឡើង​សំឡេង​ និង​ចោទ​​រុស្ស៊ី​ ថាក្រសោប​យក​កោះគូរីល​ ដោយ​ខុស​ច្បាប់
ជប៉ុន​ដំឡើង​សំឡេង​ និង​ចោទ​​រុស្ស៊ី​ ថាក្រសោប​យក​កោះគូរីល​ ដោយ​ខុស​ច្បាប់ RFI
ផ្សាយពាណិជ្ជកម្ម

កោះគួរីល Kouriles ដែល​ជា​ប្រជុំ​កូន​កោះភ្នំភ្លើង​​តូចៗ​ចំនួន បួន​ ជា​ដែន​ដី​របស់​ជប៉ុន ដែល​រង​ការ​ត្រួត​ត្រា​ដោយ​ខុស​ច្បាប់​ ពី​សំណាក់​រុស្ស៊ី។ នេះ​ជា​សំណេរ​ជា​លាយ​លក្ខណ៍​អក្សរ ក្នុង​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួងការបរទេស​ជប៉ុន​ ឬ​ហៅ​ថា​សៀវភៅ​ខៀវ ចេញផ្សាយ​នៅថ្ងៃសុក្រ​ទី ២២​មេសា​២០២២។ នេះ​ជា​លើក​ទី​មួយ​គិត​ចាប់​តាំងពី​២០​ឆ្នាំ​មក ដែល​ជប៉ុន​ដំឡើង​សំដី និង​ចោទ​ប្រកាន់​រុស្ស៊ី​យ៉ាង​ដូច្នេះ។

សូម​រំលឹក​ថា ប្រជុំ​កោះ​គួរីល ដែល​ជា​ដែនដី​ខាង​ជើង បើ​ហៅ​តាម​ជប៉ុន ត្រូវ​បាន​ក្រុម​យោធា​សូវៀត ចូល​កាន់​កាប់ ក្នុង​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាម​លោក​លើក​ទីពីរ។ នៅជាប់​កោះ​ហុកៃដូ និង​ជា​កោះគ្មានមនុស្ស​រស់​នៅសោះ តាំងពី​ឆ្នាំ​១៩៤៥មក កោះគួរីល ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​រុស្ស៊ី ប៉ុន្តែ​​​ជា​បូរណភាព​ដែន​ដី​របស់​ជប៉ុន។ ក្រោយ​សង្គ្រាម​លោក ដោយ​ហេតុ​តែជម្លោះ​ដណ្តើម​​ប្រជុំ​កោះ​នេះ ​ជប៉ុន​និង​រុស្ស៊ី​មិន​បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​គ្នាទេ។

កោះគូរីល​​ ជា​ប្រភព​ជម្លោះ​ដែនដី​រវាង​ជប៉ុន​និង​រុស្ស៊ី​យ៉ាង​រ៉ាំរ៉ៃ។ ហើយ​សង្គ្រាមរវាង​​រុស្ស៊ី​និង​អ៊ុយក្រែន​ បាន​ធ្វើ​ស្ថានភាព​ជម្លោះ​កាន់​តែ​ធ្លាក់​អាក្រក់។ បើ​តាម​ការ​​អះអាង​របស់​​ក្រសួងការបរទេស​ជប៉ុន​ដដែល តាំងពី​ខែ​មីនា​២០២២​មក មូស្គូ ​កាត់​ផ្តាច់​រាល់​គ្រប់​ជំនួប​ចរចា​ ដើម្បី​ស្វែង​រក​សន្ធិសញ្ញា​សន្តិភាព​ទ្វេ​ភាគី ជាមួយជប៉ុនដែល​បាន​គាំទ្រ​ក្រុម​លោក​ខាង​លិច ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី។ ជប៉ុន​ថែម​ទាំង​បាន​សម្រេចចិត្ត​​កាលពី​ដើម​ខែ​មេសា ឈប់​នាំចូល​ធ្យូងថ្ម​ពី​រុស្ស៊ី​ទៀត។ សម្រាប់​រុស្ស៊ី ជប៉ុន​បានក្លាយ​ជា​ប្រទេស​អមិត្តដែល​ចង់​បំផ្លាញ​ផលប្រយោជន៍​រុស្ស៊ី ដូច្នេះ​រុស្ស៊ី​មិន​អាច​ពិភាក្សា​ជាមួយ​បាន​ជាដាច់​ខាត។ ​

ផ្ទុយ​ទៅ​វិញ​ ជប៉ុន​បាន​បន្ទន់​ឥរិយាបថ​ជាមួយ​ចិន។ នៅក្នុង​សៀវភៅ​ខៀវ​ប្រចាំ​ឆ្នាំ ជប៉ុន​បាន​គូស​បញ្ជាក់​អំពី​ភាព​សំខាន់​នៃ​ស្តារ​ទំនាក់​ទំនង​ជប៉ុន​ចិន ឱ្យ​មាន​លក្ខណៈស្ថាបនា​និង​ចីរភាព ដោយ​គ្រាន់​តែ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​បន្តិច​បន្តួច​ ទាក់​ទង​នឹង​មហិច្ឆតា​ចិន​ដែល​ចង់​ប្តូរ​ផ្លាស់​ស្ថានភាព​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​កើត​និង​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ