អានតួអត្ថបទ
ស្រីលង្កា

ប្រធានាធិបតី​ស្រីលង្កា​រត់ចោល​គេហដ្ឋាន នៅមុន​ការសម្រុកចូល​របស់​ក្រុមបាតុករ

ស្រីលង្កាកាន់តែលង់ជ្រៅក្នុងវិបត្តិនយោបាយ និង​សេដ្ឋកិច្ច។ ប្រឈម​នឹង​កំហឹង​តវ៉ា​របស់​ក្រុមបាតុករ ប្រធានាធិបតី​ស្រីលង្កា លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​បាន​រត់​ភៀសខ្លួន​ចេញ​ពី​គេហដ្ឋាន នៅមុន​ការសម្រុកចូល​របស់​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល។ ទូរទស្សន៍ជាតិ​ស្រីលង្កា បាន​បង្ហាញ​បាតុករ​ស្រីលង្កា​រាប់រយនាក់ ឡើង​ផ្លោះរបង សម្រុក​ចូល​វិមាន​ប្រធានាធិបតី និង​ក្រសួងហិរញ្ញវត្ថុ នៅថ្ងៃសៅរ៍​ទី ៩​កក្កដា​នេះ។

បាតុករប្រឆាំង​រដ្ឋាភិបាល​បាន​សម្រុក​ចូល​ក្នុង​គេហដ្ឋាន​របស់​លោកប្រធានាធិបតី​ស្រីលង្កា​នៅថ្ងៃទី ៩​កក្កដា ២០២២
បាតុករប្រឆាំង​រដ្ឋាភិបាល​បាន​សម្រុក​ចូល​ក្នុង​គេហដ្ឋាន​របស់​លោកប្រធានាធិបតី​ស្រីលង្កា​នៅថ្ងៃទី ៩​កក្កដា ២០២២ via REUTERS - NEWS CUTTER
ផ្សាយពាណិជ្ជកម្ម

គេហដ្ឋាន​របស់​ប្រធានាធិបតី​ស្រីលង្កា​នៅទីក្រុង​កូឡុំបូ ត្រូវ​ក្រុមបាតុករ​ស្រីលង្កា​រាប់រយនាក់ សម្រុកចូល លុកលុយពេញទី នៅ​ថ្ងៃសៅរ៍​នេះ នៅក្រោម​ក្រសែភ្នែក​ឈរមើល​របស់​ក្រុមប៉ូលិស និង​កងកម្លាំង​ប្រដាប់អាវុធ ដែល​ទប់លែងជាប់​ក្រុមបាតុករ​ដ៏មានកំហឹង។

តាម​ប្រភព​កងទ័ព​ស្រីលង្កា​ដែលដកស្រង់សំដី ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP ​លោក​ប្រធានាធិបតី​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ត្រូវ​បាន​ជម្លៀស​ចេញពី​គេហដ្ឋាន ទៅកាន់​កន្លែង​មាន​សុវត្ថិភាព តាំង​ពីថ្ងៃ​សុក្រ បន្ទាប់ពី ក្រុមបាតុករ​បាន​ប្រកាស​លើកគ្នា​សម្រុក​ចូល​គេហដ្ឋាន​របស់​ប្រធានាធិបតី នៅ​ចុងសប្តាហ៍នេះ។

នៅថ្ងៃ​សុក្រ​ ប៉ូលិស​បាន​ប្រកាស​ដាក់​បម្រាមគោចរ ដើម្បី​ទប់ស្កាត់​គម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល នៅ​រដ្ឋធានី​កូឡុំបូ។ ប៉ុន្តែ បម្រាមគោចរ​របស់​ប៉ូលិស​ត្រូវ​លុបចោល​ទៅវិញ នៅបន្ទាប់ពី បក្ស​ប្រឆាំង សកម្មជនការពារ​សិទ្ធិមនុស្ស និង​ចៅក្រម​ព្រមាន​ដាក់ពាក្យប្តឹង​មេប៉ូលិស​ស្រីលង្កា។ ប្រជាជនស្រីលង្កា​ទៀតសោត​បាន​ផ្គើន​បម្រាម​គោចរ​របស់​រដ្ឋាភិបាល ដោយ​បាន​ចាប់បង្ខំ​ឲ្យ​រថភ្លើង​ដឹក​ពួកគេ​ទៅ​ធ្វើបាតុកម្ម​នៅទីក្រុង​កូឡុំបូ។ នៅថ្ងៃ​សៅរ៍ ទូរទស្សន៍​ស្រីលង្កា​បាន​បង្ហាញ​បាតុករ​រាប់ពាន់នាក់​រុញ បំប៉ើង​របាំងរនាំង​របស់​ប៉ូលិស ដើម្បី​សម្រុក​ចូលក្នុង​ក្រសួង​ហិរញ្ញវត្ថុ។

អាជ្ញាធរ​ស្រីលង្កា​បានប្រកាស​ពង្រាយ​ទាហាន និង​ប៉ូលិស ជិត ២ម៉ឺននាក់ ដើម្បី ធានារក្សា​សន្តិសុខ​ឲ្យប្រធានាធិបតី លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ដែល​ក្រុមបាតុករ​ទាមទារ​ឲ្យចុះ​ចេញពីតំណែង ក្នុងបទចោទប្រកាន់ថា ជាអ្នកទទួលខុសត្រូវ​លើ​វិបត្តិសេដ្ឋកិច្ច វិបត្តិទំនិញឡើងថ្លៃ និង​ការខ្វះខាត​ប្រេងប្រើប្រាស់ នៅក្នុងប្រទេស។

តាមសេចក្តីថ្លែងការណ៍ របស់​រដ្ឋាភិបាល នាយករដ្ឋមន្រ្តីថ្មី​របស់​ស្រីលង្កា ដែលកំពុង​ស្ថិតក្រោមការយាមការពារ​សុវត្ថិភាព​របស់​កងទ័ព​បាន​កោះប្រជុំ​បន្ទាន់​គណៈរដ្ឋមន្រ្តី និង​ទាមទារ​ឲ្យ​សភា​បើកការប្រជុំ​បន្ទាន់ដែរ នៅថ្ងៃ​សៅរ៍នេះ ដើម្បី​រកដំណោះស្រាយ​ដ៏បាន​​ឆាប់​បំផុត សម្រាប់​វិបត្តិលើកនេះ។

ខ្វះទុនបម្រុងអន្តរជាតិ ដោយសារ​ការគ្រប់គ្រង​មិនល្អ និងការបាត់បង់ចំណូលពីខាងទេសចរណ៍​ដោយសារ​វិបត្តិកូវីដ ស្រីលង្កាបាន​ធ្លាក់ខ្លួន​ក្នុង​វិបត្តិ​ប្រាក់បំណុល លែង​មាន​លុយ​សម្រាប់​ទិញនាំចូល​ថ្នាំ ស្បៀងអាហារ និង​ប្រេង។ ការខ្វះខាត​ប្រភព​សំខាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ បូកផ្សំ​នឹង​ការកើនឡើង​នៃ​កម្រិតអតិផរណា (រហូត​ដល់​៥៤%) បាន​ទៅដុតរោល​ធ្វើ​ឲ្យ​ប្រជាជន​ស្រីលង្កា​ផ្ទុះកំហឹង ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដោយ​លែងខ្លាច​ការបង្រ្កាប​របស់​ប៉ូលិស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ