អានតួអត្ថបទ
ចិន-អាស៊ាន

ចិនប្រាប់​ប្រទេស​សមាជិក​អាស៊ាន​កុំ​ឲ្យ​ក្លាយជា​កូនអុក​​របស់​គេ

មួយថ្ងៃ​ក្រោយ ប្រមុខការបរទេស​អាមេរិក លោក​អង់តូន ប្លីងកិន​និយាយ​ស្វាគម​ថៃ ដែលបាន​ដើរតួនាទី​ជួយ​អាមេរិក​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាង យី ឯណោះវិញ បាន​និយាយ​ផ្តាំប្រាប់​ប្រទេស​សមាជិក​អាស៊ាន កុំឲ្យក្លាយជា​កូនអុក ក្នុងប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់ទីស្នាក់ការ​របស់​អាស៊ាន នៅទីក្រុង​ហ្សាកាតា កាលពីថ្ងៃ​ចន្ទ ទី ១១​កក្កដា ប្រមុខការបរទេស​ចិន នៅ​បាន​បង្ហើបខ្លះៗ​នូវ​ខ្លឹមសារ​ក្នុងជំនួបពិភាក្សា​របស់​លោក​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ នៅ​កោះបាលី។

រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាងយី នៅពេល​ជួបជាមួយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅបាលីនៅថ្ងៃសៅរ៍ ទី​៩​កក្កដា
រដ្ឋមន្រ្តីការបរទេស​ចិន លោក​វ៉ាងយី នៅពេល​ជួបជាមួយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក នៅបាលីនៅថ្ងៃសៅរ៍ ទី​៩​កក្កដា REUTERS - POOL
ផ្សាយពាណិជ្ជកម្ម

នៅ​ទីស្នាក់ការ​របស់​លេខាធិការដ្ឋាន​អាស៊ាន នៅទីក្រុង​ហ្សាកាតា ប្រមុខ​ការបរទេស​ចិន លោក​វ៉ាងយី បាន​បង្ហើប​ឲ្យគេដឹងខ្លះៗ​ពី​ខ្លឹមសារ​នៃជំនួបពិភាក្សា​របស់​លោក​ជាមួយ រដ្ឋមន្រ្តីការបរទេស​អាមេរិក កាលពីថ្ងៃ​សៅរ៍។ តាម លោក​វ៉ាង យី លោក​បាននិយាយប្រាប់​ប្រមុខការការបរទេស​អាមេរិក​ថា អាមេរិក និង​ចិន គួរ​ពិភាក្សាគ្នា ដើម្បី​បង្កើត​ច្បាប់វិន័យ ដែល​លើកទឹកចិត្ត​ឲ្យមាន​សហប្រតិបត្តិការ ប្រកប​ដោយ​វិជ្ជមាន​រវាង​ចិន និងអាមេរិក ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។

នៅ​ថ្ងៃ​សៅរ៍ ប្រមុខការបរទេស​ចិន​បាន​ជួបពិភាក្សា រយៈពេល ៥ម៉ោង​ជាមួយ​រដ្ឋមន្រ្តីការបរទេស​អាមេរិក។ ភាគីអាមេរិក ចាត់ទុក​ជំនួប​នៅកោះ​បាលី មាន​លក្ខណៈ​ស្ថាបនា មាន​ប្រយោជន៍​​និងស្មោះ​ត្រង់ ​ចំណែកចិនវាយតម្លៃថា ជំនួប​ចិន អាមេរិក​ស្តែង​ឲ្យ​ឃើញពីការប្រឹងប្រែង​របស់​ប្រទេស​ទាំងពីរ​ដើម្បី​បន្ធូរបន្ថយភាពតានតឹង និង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ជម្លោះ​កាន់​តែ​រីកធំ ពិបាក​នឹង​គ្រប់គ្រង។

នៅលេខាធិការដ្ឋាន​របស់អាស៊ាន នៅទីក្រុង​ហ្សាកាតា រដ្ឋមន្រ្តីការបរទេស​ចិនទទួលស្គាល់ថា ភាពតានតឹង​កាន់តែ​ខ្លាំង រវាង​មហាអំណាច​ចិន និងអាមេរិក នៅប៉ុន្មាន​ឆ្នាំមកនេះ បានធ្វើ​ឲ្យ​ប្រទេស​ជិតខាងរបស់​ចិន នៅក្នុងតំបន់ ដែលក្នុងនោះមានផងដែរ សមាជិកអាស៊ាន រង​ការដាក់សម្ពាធ ដែលត្រូវ​ជ្រើសរើសយក​ភាគី​មួយ ក្នុងចំណោម​ភាគីជម្លោះទាំងពីរ។ សម្រាប់​ប្រមុខការបរទេស​ចិន គេ​គួរ​ទុកដាក់​តំបន់អាស៊ីអាគ្នេយ៍​ឲ្យនៅដាច់​ឆ្ងាយ​ពីមហិច្ឆតាភូមិសាស្រ្ត​នយោបាយ និង​អន្ទាក់នៃច្បាប់ព្រៃ និង​ថា ប្រទេសនៅអាស៊ីអាគ្នេយ៍ គួរជៀសវាង​កុំ​ឲ្យធ្លាក់ខ្លួនក្លាយជាកូនអុក ដែលគេ​អាច​ប្រើ​នៅការប្រកួតប្រជែង​រវាង​ប្រទេស​មហាអំណាច។

ជាទីតាំង​យុទ្ធសាស្រ្ត​ដ៏មានសារៈសំខាន់ អាស៊ីអាគ្នេយ៍​បានក្លាយជា​តំបន់ប្រកួតប្រជែង គ្នា​នៅ​សតវត្សរ៍​ទី ២១ រហូត​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវជាប់ កៀប​នៅក្នុង​ការប្រជែងគ្នា​របស់​ប្រទេសមហាអំណាច ចិនអាមេរិក។ យ៉ាងណាក៏ដោយ ប្រមុខ​ការបរទេស​ចិន អះអាងថា ជោគវាសនា​របស់​អាស៊ី ត្រូវ​តែ​ស្ថិតក្នុងដៃ​របស់​អាស៊ី។

រដ្ឋមន្រ្តីការបរទេសចិន​បាន​អំពាវនាវ​ផងដែរ​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ចេញមុខប្រឆាំង​នឹង​សហប្រតិបត្តិការ​ក្លែងកា្លយ ដែល​បាន​ផាត់ចោល​ប្រទេស​មួយចំនួន នៅក្នុង​តំបន់។ នៅត្រង់ចំណុចនេះ លោក​វ៉ាង យី ចង់​និយាយ​សំដៅ​ដល់​កិច្ចព្រមព្រៀង​សន្តិសុខ និង​ការដោះដូរ​ពាណិជ្ជកម្ម ដែល​អាមេរិកបាន​ផ្តួចផ្តើម ប៉ុន្តែ ដោយ​បិទទ្វារ​មិនស្វាគមចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ