អានតួអត្ថបទ
ស្រីលង្កា-វិបត្តិសេដ្ឋកិច្ច

មន្រ្តី​អន្តោប្រវេសន៍​ស្រីលង្កា​បដិសេធ មិន​ឲ្យ​ប្រធានាធិបតី​ស្រីលង្កា​ឡើងយន្តហោះ ចាកចេញពីប្រទេស

រត់គេច​ចេញ​ពី​គេហដ្ឋាន ទាំងតក់ក្រហល់ នៅតែ​ប៉ុន្មានម៉ោងមុន​ដែល​​ក្រុមបាតុករសម្រុកចូលលុយលុយ កាលពីថ្ងៃសៅរ៍ ប្រធានាធិបតី​ស្រីលង្កា​លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ បរាជ័យ​ក្នុងការប៉ុនប៉ង​រត់ចាកចោលប្រទេស។ នៅថ្ងៃ​អង្គារនេះ មន្រ្តីព្រលានយន្តហោះអន្តរជាតិ​នៅទីក្រុង​កូឡុំបូ បដិសេធ បាន​បដិសេធ​មិន​ឲ្យ​ប្រធានាធិបតី និង​ក្រុមគ្រួសារ​ចូល​ទៅបន្ទប់ VIP ដើម្បី​បោះត្រា​លើលិខិតឆ្លងដែន។ ប្រភព​មន្រ្តីស្រីលង្កា ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង AFP បាន​និយាយ​ថា បន្ទាប់ពីរង​អាម៉ាស់មុខ ដោយសារ​តែ​គេ​បដិសេធ​មិន​ឲ្យឡើងជិះយន្តហោះ លោក​ប្រធានាធិបតី ហ្គោតាបាយ៉ា ដែលបាន​អះអាង​ចុះចេញពីតំណែង នៅថ្ងៃ​ពុធ​ស្អែក កំពុង​ប៉ុនប៉ង​ចាកចេញពី​ស្រីលង្កា​តាមផ្លូវទឹក។

រូបប្រធានាធិបតី ស្រីលង្កា និង​ប្អូនប្រុស លោក​បាស៊ីល រ៉ាចាប៉ាក់សេ ដែលបាន​លាលែងចេញពីតំណែង​រដ្ឋមន្រ្តីហិរញ្ញវត្ថុ ត្រូវ​បាន​មន្រ្តីអន្តោប្រវេសន៍​បដិសេធ​មិន​ឲ្យឡើងជិះយន្តហោះ រត់ចោលប្រទេស នៅថ្ងៃទី ១២​កក្កដា ២០២២
រូបប្រធានាធិបតី ស្រីលង្កា និង​ប្អូនប្រុស លោក​បាស៊ីល រ៉ាចាប៉ាក់សេ ដែលបាន​លាលែងចេញពីតំណែង​រដ្ឋមន្រ្តីហិរញ្ញវត្ថុ ត្រូវ​បាន​មន្រ្តីអន្តោប្រវេសន៍​បដិសេធ​មិន​ឲ្យឡើងជិះយន្តហោះ រត់ចោលប្រទេស នៅថ្ងៃទី ១២​កក្កដា ២០២២ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

ប្រឈមនឹងកំហឹងតវ៉ា​របស់​ក្រុមបាតុករ ដែលចោទប្រកាន់​លោក​ថា ជាអ្នកទទួលខុសត្រូវធ្វើ​ឲ្យ​ស្រីលង្កាជួប​វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរពេលនេះ លោក​ប្រធានាធិបតី​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ បាន​និយាយ​ប្រាប់ប្រធានសភា​ថា លោក​នឹង​ចុះ​ចេញពី​តំណែង នៅថ្ងៃ​ពុធ​ទី ១២ កក្កដា ដើម្បី បើកផ្លូវ​ឲ្យមានការផ្ទេរអំណាច​ដោយ​សន្តិភាព។ ប៉ុន្តែ ហេតុអ្វីបានជា​លោក​ប៉ុនប៉ង​ចង់​រត់​ចាកចោល​ប្រទេស​ទៅវិញ។

គេ​វាយតម្លៃថា លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ចង់​ប្រើ​អភ័យឯកសិទ្ធិ​ចុងក្រោយ​ក្នុងនាមជាប្រធានាធិបតី​ដើម្បីចាកចេញពី​ប្រទេស ពោល​គឺ​ដើម្បី​គេចចេញ ពីការចាប់ដាក់ឃុំណាមួយ នៅក្រោយ​ការលាលែង​ចេញពីតំណែង។

នៅថ្ងៃ​សៅរ៍ លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ និង​ក្រុមគ្រួសារ​ត្រូវ​បាន​កងទ័ព​ជួយការពារ ជម្លៀស​ចេញពី​គេហដ្ឋាន​ប្រធានាធិបតី យ៉ាង​តក់ក្រហល់ ដើម្បីជៀសផុត​ពី​ការប្រឈមមុខ​ជាមួយ​ក្រុមបាតុករ ដែលបាន​លើកគ្នា​សម្រុកចូល​លុកលុយ​គេហដ្ឋាន និងវិមានប្រធានាធិបតី។ នៅថ្ងៃ​សៅរ៍ លោក​ត្រូវ​បាន​កងទ័ព​ដឹកតាមកប៉ាល់​ទឹក​សំដៅ មូលដ្ឋានទ័ព​ជើងទឹក​នៅ​ភាគខាងជើង មុន​នឹង​ជិះឧទ្ធម្ភាគចក្រ ត្រលប់​មក​ទីក្រុង​កូឡុំបូ នៅថ្ងៃ​ចន្ទម្សិលមិញ។

តាមប្រភពមន្រ្តីយោធាស្រីលង្កា លោកប្រធានាធិបតី និង​ភរិយាគ្រោង​ឡើង​ជិះ​យន្តហោះ​ នៅ​អាកាសយានដ្ឋាន​នៅទីក្រុង​កូឡុំបូ សំដៅ​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម។ ប៉ុន្តែ ការប៉ុនប៉ង​របស់​លោក​ត្រូវបរាជ័យ ៣លើក ដែលជាហេតុធ្វើ​ឲ្យ​លោក​និង​គ្រួសារ​ត្រូវ​ស្នាក់នៅ​មូលដ្ឋាន​ទ័ព​ក្បែរ​ព្រលាន​យន្តហោះ អស់មួយយប់ថ្ងៃចន្ទ។

នៅ​ថ្ងៃ​អង្គារ​ទី ១២​កក្កដា ២០២២ លោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ នៅតែ​មិនអាច​ឡើងជិះយន្តហោះ​ទៅទីក្រុង​ឌូបៃ បន្ទាប់ពី មន្រ្តីអន្តោប្រវេសន៍​នៅព្រលានយន្តហោះ នៅ​ទីក្រុង​កូឡុំបូ បាន​បដិសេធ​មិន​ឲ្យ​លោក និង​ភរិយា​ចូលទៅក្នុងបន្ទប់​VIP សម្រាប់​បោះត្រា​លើ​លិខិតឆ្លងដែន។

ប្អូនប្រុស​របស់​ប្រធានាធិបតី គឺ​លោក បាស៊ីល រ៉ាចាប៉ាក់សេ ដែលបានលាចុះពីមុខតំណែង​រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៅខែ​មេសា​កន្លងទៅ ក៏ត្រូវ​មន្រ្តីព្រលានយន្តហោះ បដិសេធ​មិន​ឲ្យ​ប្រើ​ផ្លូវពិសេស សម្រាប់អ្នកជំនួញ​ដើម្បី ឡើងជិះយន្តហោះ សំដៅ​ទីក្រុង​ឌូបៃ។ មន្រ្តីយន្តហោះម្នាក់​បាន​និយាយ​ថា អ្នកដំណើរ​នៅលើយន្តហោះ ទៅកាន់​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម បាន​បដិសេធ មិន​ឲ្យ​លោក​ប្អូនប្រុស​ប្រធានាធិបតី ឡើងជិះយន្តហោះ​ជាមួយពួកគេដាច់ខាត។

បន្ទាប់ពី​ត្រូវរងអាម៉ាស់មុខ និង​ខកខាន​មិនអាច​ឡើងជិះយន្តហោះ ដល់​ទៅ ៤លើក លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ទំនង​ជា​បែរទៅប្រើ​មធ្យោបាយ​ផ្លូវទឹក​វិញម្តង។ តាម​ប្រភពកងទ័ព​ស្រីលង្កា លោក​ប្រធានាធិបតី ដែលមានអំណាច​ឥទ្ធិពលច្រើន​លើកងទ័ព​អាចឡើងជិះ កប៉ាល់ល្បាត​របស់​ស្រីលង្កាដើម្បីធ្វើដំណើរ​ទៅ ប្រទេស​កោះមាល់ឌីវ ឬ​ទៅ​ឥណ្ឌា មុន​នឹង​ធ្វើដំណើរ​បន្ត​តាមយន្តហោះទៅកាន់​ប្រទេស​អេមីរ៉ាត អារ៉ាប់រួម។

ក្នុងករណី ដែល លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ រត់ចាកចោលប្រទេស គឺ​នាយករដ្ឋមន្រ្តី លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ ដែល​ក្លាយជា​មេដឹកនាំ​ប្រទេស ដោយ​ស្វ័យប្រវត្តិ ក្នុងពេល​រង់ចាំ ឲ្យ​សភា បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី ដែលត្រូវ​កាន់អំណាច​រហូត​ដល់​ចុងឆ្នាំ ២០២៤។ ប៉ុន្តែ បញ្ហា ត្រង់ថា លោក​នាយករដ្ឋមន្រ្តី​ដែលត្រូវ​បាតុករ​ប្រឆាំង និង​ដុតផ្ទះរបស់​លោក កាលពីថ្ងៃ​សៅរ៍ ក៏បាននិយាយ​ដែរថា លោកនឹងចុះចេញពីតំណែង ដើម្បី​បើកផ្លូវ​ឲ្យគណបក្ស​ទាំងអស់​ចូលរួមដឹកនាំស្រីលង្កា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ