អានតួអត្ថបទ
ស្រីលង្កា

ប្រធានាធិបតី​ស្រីលង្កា​រត់ភៀសខ្លួន​ចេញពី​ប្រទេស តាមយន្តហោះ​យោធា

ស្រីលង្កាត្រូវ​បាន​ដាក់​ក្នុងស្ថានភាព​ប្រកាស​អាសន្ន បន្ទាប់ពី​ប្រធានាធិបតី លោក​ហ្គោតាបាយ៉ា រាចាប៉ាក់សេ បាន​រត់ភៀសខ្លួន​ចេញពី​ប្រទេស សំដៅ​កោះម៉ាល់ឌីវ នៅ​ថ្ងៃ​ពុធនេះ។ អ្នកនាំពាក្យ​របស់​សភា ស្រីលង្កា បាន​ប្រកាស​នៅថ្ងៃនេះ​ដែរ​ថា លោក​នាយករដ្ឋមន្រ្តី រ៉ានីល វីក្រេមេស៊ីងហ្កេ ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធានាធិបតី​ស្តីទី ក្នុង​ពេល​ដែល​ប្រធានាធិបតី​ស្ថិតនៅ​ក្រៅប្រទេស។ ដំណឹង​នេះបានទៅបន្ថែម​កំហឹង របស់​ក្រុមបាតុករ​ស្រីលង្កា ដែលបាន​ទាមទារ​ថា ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី​ត្រូវ​តែ​ចុះចេញ​ពី​តំណែង។

ប្រធានាធិបតីស្រីលង្កា លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ កាលនៅក្នុងពិធីបើកអង្គសភា នៅ​ឆ្នាំ ២០២០
ប្រធានាធិបតីស្រីលង្កា លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ កាលនៅក្នុងពិធីបើកអង្គសភា នៅ​ឆ្នាំ ២០២០ AP - Eranga Jayawardena
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​កូឡុំបូ ស្ថានការណ៍​ចាប់ផ្តើម​ជ្រួលច្របល់​ឡើងវិញ បន្ទាប់ពី​ប្រធានាធិបតី ស្រីលង្កា លោក​ហ្គោតាបាយ៉ា បាន​រត់ភៀសខ្លួន ចេញពី​ប្រទេស តាមយន្តហោះ​យោធា កាលពី​ពាក់កណ្តាល​អាធ្រាត្រ យប់ថ្ងៃ​អង្គារ។

តាម​អ្នកទទួលខុសត្រូវ​ផ្នែកអន្តោប្រវេសន៍​នៅព្រលានយន្តហោះក្រុង​កូឡុំបូ បន្ទាប់ពី​គេបោះត្រា​លើលិខិត​ឆ្លងដែន លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ភរិយា និង​អង្គរក្ស ពីរនាក់ បានឡើង​ជិះយន្តហោះពិសេស​របស់​កងទ័ពជើងអាកាស សំដៅ ប្រទេស​កោះម៉ាល់ឌីវ។ តាមមន្រ្តីយោធា​ស្រីលង្កា ម៉ាល់ឌីវ​គ្រាន់តែ​ជា​ចំណតបណ្តោះអាសន្ន មុន​នឹង​លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ធ្វើដំណើរ​ទៅកាន់ប្រទេស​ទី៣។

ការរត់គេចខ្លួន​ចេញពីប្រទេស បានសម្រេច ​របស់ប្រធានាធិបតី បាន​ធ្វើ​ឲ្យប្រជាជន​ស្រីលង្កា​ខឹងក្តៅក្រហាយ​សាជាថ្មី ពី​អសមត្ថភាព និងការគ្មានការទទួល​ខុសត្រូវ​របស់​រដ្ឋអំណាច។ តាមប្រធានសភាស្រីលង្កា លោក​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ អាយុ ៧៣ឆ្នាំ បានសន្យា​ចុះ​ចេញពីតំណែង នៅថ្ងៃពុធនេះ ប៉ុន្តែ លោក​បែរជា​លួចចាកចេញពីប្រទេស ដោយ​គ្មាន​ប្រកាស​ចុះចេញពីតំណែង​ជាផ្លូវការ។

នៅថ្ងៃពុធ ប្រធាន​រដ្ឋសភា​ស្រីលង្កា​បាន​ចេញមុខ​តាមទូរទស្សន៍​មក​ប្រកាស​ថា លោកនាយករដ្ឋមន្រ្តី​​រ៉ានីល វីក្រេមេស្ហ៊ីងហ្កេ ត្រូវ​បានតែងតាំង​ជា​ប្រធានាធិបតី​ស្តីទី បន្ទាប់ពី លោកប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ​លែងមាន​វត្តមាននៅក្នុង​ប្រទេស។

នៅក្នុង​ដំណាក់កាលអន្តរកាល ប្រធានាធិបតីស្តីទី មាន​ពេល​៣០ថ្ងៃ ដើម្បី​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីថ្មី។

នៅព្រឹកថ្ងៃពុធ នៅតែប៉ុន្មានម៉ោង ក្រោយ​ប្រធានាធិបតី ចាកចោលប្រទេស នាយករដ្ឋមន្រ្តី​លោក​រ៉ានីល វីក្រេមេស្ហ៊ីងហ្កេ​បាន​ប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពអាសន្ន នៅទូទាំងប្រទេស ចំណែក​រដ្ឋធានីកូឡុំបូ​ត្រូវ​អនុវត្ត​បម្រាមគោចរ ក្នុង​គោលដៅ​កាត់បន្ថយ​កម្លាំង​បាតុកម្ម។ យ៉ាងណាក៏ដោយ ក្រុមបាតុករ​ដែលទាមទារ​ឲ្យនាយករដ្ឋមន្រ្តី​ចុះចេញពីតំណែងដែរនោះ នៅ​តែ​មិនខ្លាច​កោតក្រែង​បម្រាមគោចរ និង​បានលើកគ្នា ទៅឡោមព័ទ្ធ​ការិយាល័យធ្វើការ​របស់​នាយករដ្ឋមន្រ្តី។ ការប៉ះទង្គិច​បាន​កើតឡើង នៅពេល ប៉ូលិស និង​ទាហាន​បាញ់​គ្រាប់បែកផ្សែង ជាច្រើន​គ្រាប់ ដើម្បី រារាំង កុំ​ឲ្យ​បាតុករ​អាច​សម្រុកចូល​កន្លែងធ្វើការ​របស់នាយករដ្ឋមន្រ្តី ដូចដែលពួកគេ​បាន​ធ្វើ​ទៅលើ​គេហដ្ឋាន និង​វិមានប្រធានាធិបតី។

បាតុករស្រីលង្កា​ធូរចិត្ត ដែល​ឃើញ​បងប្អូនត្រកូល​រ៉ាចាប៉ាក់សេ ដែល​ពួកគេ​ចោទថា ជា​ចោរលួច​លុយ​ប្រជាជន ត្រូវ​ខ្ទាត​ចេញ​ពី​អំណាចនៅទីបំផុត។ ប៉ុន្តែ បន្ទាប់ពីនេះ តើ​ស្រីលង្កា​នឹង​អាចងើបដកខ្លួន​ចេញពី​វិបត្តិនៅពេលនេះដែរឬទេ? បាតុកម្ម​របស់​ប្រជាជន​ផ្ទុះឡើង​ក៏ដោយសារតែ ការគ្រប់គ្រង​មិនបាន​ល្អ​របស់​រដ្ឋាភិបាល ដែលបានធ្វើ​ឲ្យ​ស្រីលង្កា ជួបវិបត្តិ​សេដ្ឋកិច្ចធ្ងន់ធ្ងរ គ្មានលុយទិញនាំចូលប្រេង គ្មាន​លុយសងបំណុល ចំណែក ប្រជាជន​ស្រីលង្កា​ជួបជីវភាព​ខ្វះខាត ខ្វះសព្វ ខ្វះគ្រប់ មិនថា ប្រេង ហ្គាស ស្បៀង និង​ថ្នាំពេទ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ