អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ស្វ៊ីស

ប្រឈម​នឹង​ការឡើង​កំពស់ទឹកសមុទ្រ ប្រជាជន​លើ​កោះ​ឥណ្ឌូណេស៊ី​ដាក់ពាក្យប្តឹងក្រុមហ៊ុន​ស៊ីម៉ង់​ស្វ៊ីស

ប្រឈមនឹង​ការជន់លិចផ្ទះសម្បែង ដោយសារ​ការឡើង​កំពស់ទឹកសមុទ្រ ប្រជាជន​នៅលើ​កូនកោះ​ឥណ្ឌូណេស៊ី បានដាក់ពាក្យបណ្តឹង​ ប្តឹង​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់ស៊្វីស ឈ្មោះ Holcim។ ក្រុមហ៊ុនស៊ីម៉ង់ ​ស្វ៊ីស​លែង​មាន​វត្តមាន​ធ្វើជំនួញ​នៅ​ឥណ្ឌូណេស៊ី នៅ​ឆ្នាំ ២០១៩ ប៉ុន្តែ ប្រជាជន​លើកូនកោះ​ឥណ្ឌូណេស៊ី ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​បរទេស​មួយនេះ ក្នុងបទចោទប្រកាន់ ទទួល​ខុសត្រូវ​លើ​ការបញ្ចេញឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់​ដែលធ្វើឲ្យផែនដីឡើងកំដៅ និង​ការប្រែប្រួល​អាកាសធាតុ។

អ្នកនេសាទ​ឥណ្ឌូណេស៊ី​នៅលើ​កោះ Kai
អ្នកនេសាទ​ឥណ្ឌូណេស៊ី​នៅលើ​កោះ Kai Juergen Freund / WWF
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតស៊ីម៉ង់​ស្វ៊ីស Holcim បាន​ចាកចេញពី ឥណ្ឌូណេស៊ី តាំង​ពីឆ្នាំ ២០១៩ បន្ទាប់ពីលក់ភាគហ៊ុន​ទៅ​ឲ្យក្រុមហ៊ុនក្នុងស្រុក​ឥណ្ឌូណេស៊ី។ មួយវិញទៀត ក្រុមហ៊ុន ស៊ីម៉ង់ Holcim ក៏​មិនដែល​ធ្លាប់​បោះទីតាំង​នៅលើ​កោះ Pulau Pariដែលជា​ម្ចាស់បណ្តឹង​នោះដែរ។ ប៉ុន្តែ នោះមិនសំខាន់ទេ។ សម្រាប់​ប្រជាជន​នៅលើ​កោះ Pulau Pariដែលស្ថិតនៅ​មិនឆ្ងាយប៉ុន្មាន​ពី​រដ្ឋធានី​ហ្សាកាតា ក្រុមហ៊ុន​ស៊ីម៉ង់​ស្វ៊ីស ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុនអន្តរជាតិធំៗ​ជាង ៥០ នៅក្នុង​លោក ដែលបាន​ចូលរួម​បំពុល​បរិស្ថាន បញ្ចេញ​ឧស្ម័នកាបូនិក ឧស្ម័នផ្ទះកញ្ចក់ ដែលជាដើមហេតុ​នៃការប្រែប្រួល​អាកាសធាតុ។

ការសិក្សា​ធ្លាប់បង្ហាញថា ក្រុមហ៊ុន​ស៊ីម៉ង់​ស្វ៊ីស បាន​បញ្ចេញ​ឧស្ម័ន​កាបូនិក ៧ពាន់លាន​តោន​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ២០២១ ស្មើនឹង​០,៤២%​នៃការបញ្ចេញឧស្ម័នកាបូនិកសរុប​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ក្នុង​ពិភពលោក។

ដោយយល់ឃើញថា ក្រុមហ៊ុន​ស្វ៊ីស ទទួលខុសត្រូវ​លើ​ការបញ្ចេញ​ឧស្ម័នកាបូនិក ដែលរួមចំណែក​ធ្វើ​ឲ្យ​ផែនដី ឡើងកំដៅ និង​ការរលាយទឹកកក​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​កំពស់ទឹក​សមុទ្រ​កើនឡើង និង​គំរាមកំហែងជន់លិច​ផ្ទះសម្បែង និងមុខរបរ នៅលើ​កោះ យ៉ាងដូច្នេះ ទើប​នៅ​ពាក់កណ្តាល​ខែ​កក្កដា ប្រជាជន​នៅលើ​កូនកោះ ឥណ្ឌូណេស៊ី សម្រេច​ដាក់ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ស៊្វីស នៅ​ទីក្រុង​Zoug​ ដែល​មាន​ទីស្នាក់ការកណ្តាល​របស់​ក្រុមហ៊ុន​Holcim។

នេះបើតាម​​អង្គការក្នុងស្រុក​ស្វ៊ីស ឈ្មោះ Entraide Protestante Suisse ដែល​ផ្តល់ជំនួយផ្នែកច្បាប់​ដល់​ប្រជាជន​ឥណ្ឌូណេស៊ី។

ទៅតាម​ពាក្យបណ្តឹង របស់​ប្រជាជនឥណ្ឌូណេស៊ី ភាគីដើមចោទ ទាមទារ​ឲ្យក្រុមហ៊ុន​ផលិតស៊ីម៉ង់ស្វ៊ីស សន្យា​ចាត់វិធានការ​ជាក់ស្តែង ដើម្បី កាត់បន្ថយ​ឲ្យបាន​ច្រើនបំផុត ការបញ្ចេញឧស្ម័ន​កាបូនិក។ ទីពីរ ពួកគេ​ទាមទារ​ឲ្យ​ក្រុមហ៊ុនស្វ៊ីសផ្តល់ជំនួយហិរញ្ញវត្ថុ សម្រាប់​ការដ្ឋាន​ពង្រឹងប្រព័ន្ធ​ការពារ​ឆ្នេរកោះ ដូចជា ការដាំដើមកោងកាង និង​ជួយសង់ផ្ទះ​ឲ្យខ្ពស់ផុតពីទឹក រួមទាំងជំនួយ​សម្រាប់​បង្កើត​ហេដ្ឋារចនា​សម្ព័ន្ធ​ទឹកសាប។

សម្រាប់​អ្នកទទួលខុសត្រូវផ្នែកច្បាប់​របស់​វេទិកា​ឥណ្ឌូណេស៊ី​សម្រាប់​បរិស្ថាន ពាក្យបណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុនស៊ីម៉ង់​ស្វ៊ីស ដែលទើបមាន​ជាលើកទី១ នឹង​អាច​បើកផ្លូវ​ឲ្យ​សហគមន៍ដទៃទៀត ដែល​រងគ្រោះ​ដោយសារ​ការប្រែប្រួលអាកាសធាតុ និងការឡើង​កំពស់ទឹកសមុទ្រ ដាក់ពាក្យបណ្តឹង ប្តឹង​ក្រុមហ៊ុន​ឧស្សាហកម្ម​ដែល​ទទួល​ខុសត្រូវ​លើ​ការបញ្ចេញឧស្ម័នកាបូនិក។

នៅ​ឥណ្ឌូណេស៊ី ក្រៅតែ​ពីបញ្ចេញ ឧស្ម័នកាបូនិក ក្រុមហ៊ុន​ឧស្សាហកម្ម​ស៊ីម៉ង់ ជាអ្នកទទួលខុសត្រូវផងដែរ លើ​ការបាក់ស្រុត​ដីចូល​ទឹកសមុទ្រ ដោយសារ​តែ​បូមខ្សាច់​សម្រាប់ វិស័យសំណង់។ ឥណ្ឌូណេស៊ីជាប្រទេស​កោះធំជាងគេ​ក្នុងពិភពលោក ដែលមាន​កូនកោះ ជាង ១៦០០០។ ប៉ុន្តែ កោះជាង ២០០០​អាច​ប្រឈម​នឹង​ការជន់លិច​ទៅក្នុង​ទឹកសមុទ្រ​ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០៥០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ