អានតួអត្ថបទ
ថៃ

អាណត្តិនាយករដ្ឋមន្ត្រី ប្រយុទ្ធ ចាន់អូចា ៖ តុលាការធម្មនុញ្ញ​ថៃ សម្រេច​សេចក្តី​ ចុងក្រោយ​នៅថ្ងៃដាច់​ខែ

តើ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ​ចាន់អូចា ​នឹង​បន្ត​កាន់​អំណាចទៀត ឬក៏​ត្រូវ​ចប់ ? ក្រោយ​​បណ្តឹង​ជំទាស់នឹង​ការ​បន្ត​កាន់​តំណែង​របស់​លោក​ប្រាយុទ្ធ​​ ចាន់អូចា ជា​នាយករដ្ឋមន្ត្រី​​ តុលាការ​ធម្មនុញ្ញថៃ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ថា​នឹង​ផ្តល់​​សេចក្តី​សម្រេច​ចុងក្រោយ​ នៅ​ថ្ងៃ​ទី ៣០ កញ្ញា ២០២២ វេលា​ម៉ោង​បី​រសៀល ម៉ោង​នៅក្នុង​ស្រុក។

តុលាការ​ធម្មនុញ្ញ​នឹង​សម្រេចសេចក្តីចុងក្រោយ នៅថ្ងៃទី ៣០ កញ្ញា ថាតើ​លោក ប្រាយុទ្ធចាន់អូចា កាន់​អំណាច​គ្រប់​៨ឆ្នាំឬ​នៅ
តុលាការ​ធម្មនុញ្ញ​នឹង​សម្រេចសេចក្តីចុងក្រោយ នៅថ្ងៃទី ៣០ កញ្ញា ថាតើ​លោក ប្រាយុទ្ធចាន់អូចា កាន់​អំណាច​គ្រប់​៨ឆ្នាំឬ​នៅ AP - Sakchai Lalit
ផ្សាយពាណិជ្ជកម្ម

តុលាការ​បាន​ទទួល​អំណះអំណាង​ពី​ភាគី​ជា​ច្រើន​ មាន​អាទិ៍មក​​ពី​ខាងលោកប្រយុទ្ធ​ ចាន់​អូចា និង​របាយការណ៍​នៃ​ជំនួបប្រជុំ​ខ្លះ​របស់​គណៈកម្មការ​ទទួល​បន្ទុក​តាក់តែង​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ​តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​អាច​សម្រេច​សេចក្តី​បាន​ហើយ ថា​តើ លោក​ប្រាយុទ្ធ​ ចាន់អូចា ពិត​ជា​ផុត​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ ត្រឹម​៨​ឆ្នាំ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ​២០១៧ មែន​ឬ​យ៉ាងណា។

មាត្រា​១៥៨ នៃ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧  បាន​កំណត់​រយៈពេល​កាន់តំណែង​នាយករដ្ឋមន្ត្រី​ មិន​ឲ្យ​លើស៨ឆ្នាំ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា តើ​ចាប់​រាប់​ពី​ត្រឹម​ណា​ទេ។ ហេតុដូច្នេះ​ហើយ​បាន​ជាក្រុម​អ្នក​គាំទ្រ​​លោក​ប្រាយុទ្ធចាន់ អូចា ចង់​យក​ចំណុច​នេះ​មក​បក​ស្រាយការពារ​ខ្លួន ដោយ​ចង់​ឱ្យ​តុលាការ​គិត​​ពី​ថ្ងៃ​​រដ្ឋធម្មនុញ្ញ​ចូលជាធរមាន ពោលគឺនៅឆ្នាំ​២០១៧ ឬ​ ចាប់​គិត​ ពី​ត្រឹម​ថ្ងៃ​លោក​ប្រាយុទ្ធ​ ចាន់អូចា ឡើង​កាន់មុខតំណែងនាយករដ្ឋមន្ត្រីជាផ្លូវការ នៅឆ្នាំ២០១៩ ក្រោយ​លោក​បានឈ្នះឆ្នោតដោយស្របច្បាប់​។

បើ​គិត​តាមការ​បក​ស្រាយ​ខាង​លើ​នេះ លោក ប្រាយុទ្ធ​ ចាន់អូចា អាច​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ឆ្នាំ ២០២៥ ឬ​២០២៧ ហើយ​អាច​រក្សា​តួនាទី​ជា​នាយករដ្ឋមន្ត្រី​បាន​ទៀត បើ​បក្ស​របស់​លោក​ឈ្នះ​ នៅ​ក្នុង​សម័យ​បោះឆ្នោតសភា​​ នា​ដើម​ឆ្នាំ ក្រោយ។

ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​ប្រឆាំង លោកប្រាយុទ្ធ ចាន់អូចា បាន​កាន់មុខតំណែង​នាយករដ្ឋមន្ត្រី គ្រប់៨ឆ្នាំ ដែល​ជា​រយៈពេល​អតិបរមាកំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ព្រោះ​លោក​បាន​ទទួល​ការ​ប្រថាប់​ត្រា ពី​ព្រះ​មហាក្សត្រ​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ តាំងពី​ថ្ងៃទី ២៤សីហា ២០១៤មក។ កាលពី​ថ្ងៃ​ទី ២៤​សីហា​២០២២ តុលាការ​ធម្មនុញ្ញ​បាន​សម្រេចជា​បណ្តោះ​អាសន្ន ក្នុង​សំឡេង​ភាគ​ច្រើន ៥​ទល់​៤ ព្យួរ​តំណែង​លោក​ប្រាយុទ្ធ ចាន់អូចា ​ពី​មុខតំណែងនាយករដ្ឋមន្ត្រី។ ក្នុងអំឡុងពេលនេះ លោកប្រាយុទ្ធ ចាន់អូចា​ នៅតែបន្តមុខងារជារដ្ឋមន្ត្រីក្រសួង​​ការពារជាតិ​ជាធម្មតា ចំណែក​លោកឧបនាយករដ្ឋមន្ត្រី​ ប្រាវីត វង់ស៊ូវ៉ាន បាន​ឡើងមកធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះ​អាសន្ន ហើយ​បន្ត​បំពេញ​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ រហូត​ដល់​មាន​ការបោះឆ្នោត​ថ្មី ប្រសិនបើ​លោក​ប្រាយុទ្ធ​ ចាន់អូចា ត្រូវ​តុលាការ​សម្រេច​ចុងក្រោយ​ឱ្យ​​បញ្ចប់​អាណត្តិ​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ