អានតួអត្ថបទ

នីតិវិធី​នៅ​​​​តុលាការយុត្តិធម៌​អន្តរជាតិរបស់​វ៉ានូទូ ជា​ពន្លឺ​នៃក្តី​​សង្ឃឹម​សម្រាប់​​អាកាសធាតុ

ជា​រៀងរាល់​ឆ្នាំ និង​​ក្លាយ​ជា​ប្រពៃណី នៃ​សន្និសីទ​អាកាសធាតុ​ ​ថ្ងៃសៅរ៍​ជា​ថ្ងៃ​មហាបាតុកម្ម​របស់​ក្រុម​សង្គម​និង​សកម្មជន​ស៊ីវិល​ដើម្បី​អាកាសធាតុ។ ជា​បាតុកម្ម​រំលឹកមេដឹកនាំ​ដែល​កំពុង​ជួប​ប្រជុំ​គ្នា ​អំពី​ភាព​បន្ទាន់​នៃការ​ពន្លឿន​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ​សម្រាប់​COP២៧ឆ្នាំ​នេះ មាន​តែ​ការ​ជួប​ជុំ​គ្នា​តិច​តួច​ក្នុង​ទីធ្លា​មុខ​កន្លែង​រៀប​ចំ​សន្និសីទ។ អាជ្ញាធរ​អេហ្ស៊ីប​បាន​ប្រកាស​ថា​ គ្មានជា​ដាច់ខាត​​ការ​ដង្ហែក្បួន​បាតុកម្ម​ ​ តាម​ដង​ផ្លូវ​ និង​រដ្ឋធានី​។ ប៉ុន្តែ​សកម្មជន​ដើម្បីអាកាសធាតុ អាច​រំពឹង​និង​មើល​ឃើញ​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ តាម​រយៈ​សកម្មភាព របស់​ប្រទេស​កូនកោះនៅ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក​ វ៉ានូទូ នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ​។

សកម្មជន​អាកាសធាតុ ​ធ្វើ​បាតុកម្ម​នៅ​មុខ​កន្លែង​រៀប​សន្និសទ​COP២៧ នៅ​ Charm el-Cheikh ប្រទេស​អេហ្ស៊ីប
សកម្មជន​អាកាសធាតុ ​ធ្វើ​បាតុកម្ម​នៅ​មុខ​កន្លែង​រៀប​សន្និសទ​COP២៧ នៅ​ Charm el-Cheikh ប្រទេស​អេហ្ស៊ីប AP - Peter Dejong
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​២០២១ រដ្ឋាភិបាល​វ៉ានូទូ ប្រទេស​កូនកោះ​មួយ​ក្នុង​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ដែល​ប្រឈម​ដោយ​ផ្ទាល់និង​មុន​គេ ពីការ​ប្រែប្រួល​អាកាសធាតុ បាន​ចង់​សុំ​យោបល់​ពី​ស្ថាប័ន​យុត្តិធម៌​របស់​អង្គការ​សហប្រជាជាតិ។ នៅ​ឆ្នាំ​នេះ គំនិត​ផ្តួច​ផ្តើម​របស់​វ៉ានូទូ បានត្រូវ​ពន្លឿន តាម​រយៈ​ការ​រៀប​ចំ​នីតិវិធី​ជា​ផ្លូវ​ការ​ ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ​​ដែល​នឹង​ត្រូវ​បោះឆ្នោត​អនុម័ត​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ។

ដឹកនាំមុខ​​ដោយ​វ៉ានូទូ គម្រោង​របស់​​១៥ប្រទេស (មាន​ជាអាទិ៍​អាល្លឺម៉ង់ កូស្តារីកា បង់ក្លាដែស ឬ​នូវែលហ្សេឡង់)​ ចង់​ឱ្យ​តុលាការ​អន្តរជាតិបញ្ជាក់ អំពី​សិទ្ធិ​និ​ងកាតព្វកិច្ច​របស់​រដ្ឋ​នីមួយៗ ក្នុង​ការថែរក្សា​និង​ការពារ​ផែន​ដី​យ៉ាងណា​សម្រាប់​អនាគត ដោយ​ផ្អែក​​លើ​ច្បាប់​អន្តរជាតិ។ តុលាការ​អន្តរជាតិ​ត្រូវ​​​ឆ្លើយបំភ្លឺ​ផង​ដែរ ថា​តើ​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​មាន​ទំនាក់​ទំនង​នឹង​សិទ្ធិមនុស្ស យ៉ាងណា ? ហើយ ប្រទេស​អ្នក​បញ្ចេញ​ឧស្ម័នការបូនិក មាន​ភាពចាំបាច់​យ៉ាងណា ចំពោះ​អតីតកាល បច្ចុប្បន្នកាល និង​អនាគតកាល ?

គំនិតផ្តួច​ផ្តើម​នេះ កំពុង​លាន់​រងំ​ក្នុង​ស្នូល​នៃ​ក្រុមអ្នក​ការពារ​ផែនដី​ដែល​កំពុង​ចូល​រួម​ក្នុង​សន្និសីទ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​COP២៧ នៅ​ក្រុង​ឆាមអែលឆែក​ប្រទេស​អេហ្ស៊ីប។ តំណាង​អង្គការ​Greenpeace ​ចាត់​ទុក យុទ្ធនាការ​របស់​វ៉ានូទូ ថាជា​ពន្លឺនៃ​ក្តី​សង្ឃឹម​ដែល​អាច​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​អន្តរជាតិ។

ប៉ុន្តែ​សំណើរបស់​វ៉ានូទូ អាច​នឹង​ត្រូវ​រារាំង​ដោយ​ក្រុមប្រទេស​អភិវឌ្ឍ​ន៍​ធំៗ ដែល​ប្រឆាំង​នឹង​គំនិត​ទាមទារ​សំណង​ ឬ​ទំនួល​ខុសត្រូវ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ។ នៅក្នុង​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥ សហរដ្ឋ​អាមេរិកស្នើ​បញ្ចូល​ដោយ​ជោគជ័យ​ នូវ​ឃ្លាមួយ​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ប៉ារីស មិនមែន​ជា​មូលដ្ឋាន​សម្រាប់​ទាមទារ​សំណង​ឬ​ទំនួល​ខុស​ត្រូវ​នៃ​ការ​ប្រែប្រួលអាកាសធាតុ​ទេ។ សកម្មភាព​របស់​រដ្ឋ ឬ​ក្រុមហ៊ុន​ណា​មួយ​នៅលើពិភពលោក ​នៅ​ចំពោះ​មុខ​​​តុលាការ​អន្តរជាតិ​មាន​តម្លៃ​ត្រឹម​ជា​ការ​ពិគ្រោះ​ផ្តល់​យោបល់​ប៉ុណ្ណោះ។

គ្រាន់​តែ​ថា យោបល់​របស់​តុលាការអន្តរជាតិ​ មាន​ទម្ងន់​ និង​មាន​តម្លៃ​ផ្នែក​សីលធម៌​ខ្លាំង ដែល​តុលាការ​ជាតិ តុលាការ​តំបន់ ឬ​តុលាការ​​ផ្សេងៗ​ អាច​សម្រេច​តាម។ នេះ បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ជំនាញ​ច្បាប់​អន្តរជាតិ​នៅ​សកលវិទ្យាល័យ Leiden ប្រទេស​ហូឡង់​ដែល​ជា​​ប្រឹក្សា​របស់​រដ្ឋាភិបាល​វ៉ានូទូ ក្នុង​សំណុំ​រឿង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ