អានតួអត្ថបទ

ជន​រ៉ូហ៊ីងយ៉ា ២០០នាក់ បាន​ដល់ ឥណ្ឌូណេស៊ី ខណៈ​អ្នក​ជិះ​ទូក​២៦នាក់​ស្លាប់​​លើសមុទ្រ

​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា ប្រមាណ​២០០នាក់ បាន​ភៀសខ្លួន​តាម​ទូក​ទៅដល់​ ឥណ្ឌូណេស៊ី នៅថ្ងៃច័ន្ទ បន្ទាប់ពី​ត្រូវ​ខ្វះ​ស្បៀងអាហារ​​ ១ ខែ ​នៅ​លើសមុទ្រ។ ពួក​គេបានត្រូវ​ទាហាន​ជើងទឹកឥណ្ឌូណេស៊ី​និង​ឥណ្ឌា រួម​គ្នា​​ជួយ​យក​អាសា ទើប​បាន​ទៅ​ចុះ​ចត​នៅកោះ អាឆេ របស់ ឥណ្ឌូណេស៊ី។ ​

ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ជាង២០០នាក់ បានភៀសខ្លួនតាមទូកទៅដល់ ឥណ្ឌូណេស៊ី នៅថ្ងៃច័ន្ទ។
ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ជាង២០០នាក់ បានភៀសខ្លួនតាមទូកទៅដល់ ឥណ្ឌូណេស៊ី នៅថ្ងៃច័ន្ទ។ AP - Zik Maulana
ផ្សាយពាណិជ្ជកម្ម

ជន​ជាតិ​រ៉ូហ៊ីងយ៉ា ជិត​២០០​នាក់ នោះ​ ជិះទូក​ឈើធំមួយ ប្រវែង​១០ម៉ែត្រ។ ក្មេង​ប្រុសរ៉ូហ៊ីងយ៉ា ម្នាក់ ​អាយុ​១៤ឆ្នាំ​ បាន​និយាយ​ភាសា​អង់គ្លេស​តិចតួច ប្រាប់​អ្នក​កាសែត​នៅ​ឥណ្ឌូណេស៊ី ថា ពួក​គេ​ចេញពី​ប្រទេស​បង់ក្លាដែស ដោយ​ត្រៀម​ទឹក​សម្រាប់​​៧ថ្ងៃ និង​អាហារ​សម្រាប់​១០ថ្ងៃ​។ ជាអកុសល ធ្វើ​ដំណើរ​បាន​តែ​១អាទិត្យ សម្រាប់តែ​ម៉ាស៊ីន​ទូក​ខូច តម្រូវ​ឲ្យ​ពួក​គេ​ទ្រាំរស់​អត់បាយ​ក្រហាយទឹក ​១ខែលើ​លំហសមុទ្រ។

ជន​ភៀសខ្លួន​ រ៉ូហ៊ីងយ៉ា ម្នាក់ទៀត ត្រូវទីភ្នាក់​ងារ​​សារព័ត៌មាន​បារាំង​អាអេហ្វប៉េ​ស្រង់​សម្តីថា ក្នុង​ដំណើរ​ផ្សងព្រេង​នេះ​ ​​មនុស្ស​យ៉ាងហោច ២៦នាក់​ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើទូក ហើយ​សាកសព​​ពួក​គេ​ទាំង​នោះ ត្រូវ​​​​ទម្លាក់​ចោលចូល​ក្នុង​សមុទ្រ។​

ក្នុងរយៈ​ពេល​ ២ ខែ​នេះ ​ទូក​ផ្ទុក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា  ​ចំនួន​ ៤ ហើយ​ បានទៅ​ដល់​ច្រាំង​សមុទ្រ​ឥណ្ឌូណេស៊ី។ សរុប​ជន​ភៀសខ្លួន​ ជាង​ ៤៧០ នាក់​។​ អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​​ជន​ភៀសខ្លួនប្រចាំ​ទីក្រុង​ហ្សាកាតា​ បាន​កោត​សរសើរ​ឥណ្ឌូណេស៊ី ដែល​យល់ព្រម​ឲ្យ​ជន​ភៀសខ្លួន​ រ៉ូហ៊ីងយ៉ា ចុះច​ត​។ ក៏​ប៉ុន្តែ ឧត្តម​ស្នង​ការអង្គការសហប្រជាជាតិ ក៏​នៅ​ព្រួយ​បារម្ភ​ចំពោះ​ទូក​មួយ​ទៀត ដែល​មាន​មនុស្ស​ប្រមាណ ​១៨០ នាក់ កំពុងតែ​បាត់​ដំណឹង​ឈឹ​ង​សូន្យ។ ប្រសិន​បើ​ទូក​នេះ លិច​ក្នុង​សមុទ្រ​និង​ស្លាប់​អ្នក​ជិះទូក​ទាំង​នោះមែន គឺ​ឆ្នាំ​២០២២​ ជា​សំណាងអាក្រក់​សម្រាប់​ជនជាតិ​​ រ៉ូហ៊ីងយ៉ា ​ភៀសខ្លួន​តាម​ទូក ដែល​អង្គការ​សហប្រជាជាតិ​ បញ្ជាក់​សរុប​​ទិន្នន័យ​ថា ប្រមាណ​៤០០នាក់ ស្លាប់​នៅ​ក្នុង​សមុទ្រ។

ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ របបសឹក​ភូមា បាន​ធ្វើទុក្ខ​បុកម្នេញ ប្រើហិង្សា និង​កាប់សម្លាប់ ​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា ​កាន់​សាសនា​អ៊ីស្លាម​ ដែល​ជា​កត្តា​ជំរុញ​បង្ខំ​ឲ្យ​ពួក​គេ​រត់​ចោល​ស្រុកភូមា​ ទៅជ្រកក្រោន​​នៅ​ជំរំ​ប្រទេស​បង់ក្លាដែស និង​ប្រទេស​ដទៃទៀត។ ក្នុង​ជំរំ​ភៀសខ្លួន​ខ្លះ គ្មាន​អនាម័យ គ្មាន​ការ​ថែទាំត្រឹមត្រូវ និង​គ្មាន​ការ​សិក្សា​អប់រំ​សមរម្យ​​សម្រាប់​ក្មេងៗ។​ អ្នកភៀសខ្លួន​មួយ​ចំនួន ​ត្រូវ​បង្ខំចិត្ត​ប្រថុយ​នឹងគ្រោះថ្នាក់​ដល់​អាយុជីវិត ធ្វើ​ដំណើរ​បន្ត​តាម​សមុទ្រ​ ដោយ​គ្មាន​គោល​ដៅពិត​ប្រាកដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ