អានតួអត្ថបទ
ម៉ាឡេស៊ី-ឥណ្ឌូណេស៊ី

ប្រមុខដឹកនាំ​ថ្មី​​ម៉ាឡេស៊ី ទៅបំពេញ​ទស្សនកិច្ច​នៅ​​ឥណ្ឌូណេស៊ី

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អានវ៉ារ អ៊ីប្រាហ៊ីម និង​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូកូ វីដូដូ បាន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ ការពារ​វិស័យផលិតកម្ម​​ប្រេង​ដូង។ សេចក្តី​ប្រកាស​ធ្វើឡើង​នៅថ្ងៃចន្ទទី​៩​មករា​នេះ នា​ឱកាសដែល​លោក អានវ៉ារ អ៊ីប្រាហ៊ីម កំពុង​​បំពេញ​ទស្សនកិច្ច​នៅបរទេស​ជា​លើក​ទីមួយ​ ក្នុង​នាម​ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី។

ប្រមុខដឹកនាំ​ថ្មី​​ម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម (ឆ្វេង) និង​ ប្រធានាធិបតី​​​ឥណ្ឌូណេស៊ី​ ចូកូ វីដូដូ​
ប្រមុខដឹកនាំ​ថ្មី​​ម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម (ឆ្វេង) និង​ ប្រធានាធិបតី​​​ឥណ្ឌូណេស៊ី​ ចូកូ វីដូដូ​ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ធ្លាប់​តែ​ជា​មេ​​បក្ស​ប្រឆាំង​ម៉ាឡេស៊ីអស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ លោក អានវ៉ារ អ៊ីប្រាហ៊ីម​ទើប​បាន​ទទួល​តំណែង​ជា​នាយករដ្ឋមន្ត្រី​ នៅថ្ងៃទី ២៤​វិច្ឆិកា​២០២២ បន្ទាប់​ពី​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​បក្សនយោបាយ​តូចៗ​ក្រោយ​ការ​បោះឆ្នោត​ដែល​គ្មានអ្នក​ឈ្នះ​ដាច់ និង​ដែល​សភា​ ទើប​បោះឆ្នោត​ផ្តល់​ទំនុកចិត្ត​​លើ​រូប​លោក​ឱ្យដឹកនាំប្រទេស។ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី លោក​បាន​ជ្រើសរើសធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បរទេស​ជា​លើក​ដំបូង​បង្អស់​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។

លោក អានវ៉ារ អ៊ីប្រាហ៊ីម បាន​សម្តែង​អំណរគុណដល់​​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី​ដែល​តែង​គាំទ្រ​រូប​លោក​កន្លង​មក ដោយ​ព្រលយ​ទៅកាន់​អ្នក​កាសែត​ថា “​ពេល​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ភាព​លំបាក រស់​ក្នុង​ភាព​មិន​ច្បាស់លាស់​និង​ទុក្ខសោក ​ឥណ្ឌូណេស៊ី​បាន​ទទួល​ខ្ញុំ ដូច​ទទួល​មិត្ត​ពិត”។

ចំណែក​​​លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ីវិញ ក្នុង​ជំនួប​នៅ​ភាគ​ខាងត្បូង​​ក្រុង​ហ្សាការតា ជាមួយ​​លោកអានវ៉ារ ​អ៊ីប្រាហ៊ីម ​លោកបាន​​ប្រកាស​ពង្រឹងកិច្ចសហប្រតិបត្តិការ​ក្រុមប្រឹក្សា​ប្រទេស​ផលិត​កម្ម​ដូង​ប្រេង ដើម្បី​ភាព​រឹង​មាំ​នៃ​វិស័យ​ប្រេង​ដូង។ ជា​ការ​រឹត​ចំណង​​សម្ព័ន្ធភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើងអើង​​លើ​វិស័យ​នាំ​ចេញ​ប្រេង​ដូង ដែល​​ប្រទេស​ទាំង​ពីរ ​ជា​អ្នក​នាំចេញ​​ដ៏​ចម្បង​គេ។

ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី បាន​ប្តឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ឱ្យ​ជួយដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប​ដែល​កំហិត​ការ​ប្រើប្រាស់​ប្រេង​ជីវៈ​ឥន្ធនៈ​ចម្រាញ់​ពី​ប្រេងដូង​ ដាំ​ដោយ​ការ​កាប់​ព្រៃឈើ។ កាលពី​ខែ​មុន សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្រមព្រៀង​គ្នា​ចេញ​បម្រាម​ហាមឃាត់​ការ​នាំ​ចេញ​ផលិតផល​ សណ្តែក ឬ​ប្រេង​ដូង​ ដែល​មានពាក់​ព័ន្ធ​នឹង​ការកាប់​ព្រៃឈើ។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ក៏​បាន​អរគុណ​ម៉ាឡេស៊ី​ដែរ ដែល​ចូល​រួម​វិនិយោគ​ក្នុង​គម្រោង​ស្ថាបនា​រដ្ឋធានី​ថ្មី​លើ​កោះ​ប័រនេអូ។​ ​​ពាណិជ្ជកម្ម​ទ្វេភាគី បញ្ហា​ព្រំដែន​រួម ព្រមទាំង​សិទ្ធិការងារ​របស់ពលករ​អន្តោប្រវេសន៍​ ដែល​ឥណ្ឌូណេស៊ី​បាន​ផ្អាក​មួយ​រយៈ​ជាមួយ​ម៉ាឡេស៊ី​ត្រូវ​បាន​លើក​មក​ជជែក​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ដោយ​មិន​ភ្លេច​ទេ​​វិបត្តិ​ភូមា ព្រោះ​ឥណ្ឌូណេស៊ី​ជា​ប្រធាន​ផ្លាស់​វេន​អាស៊ាន​នៅឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ