អានតួអត្ថបទ
នូវែលសេឡង់

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ហ្សាស៊ីនដា អារឌែនប្រកាសលាឈប់ពីមុខតំណែង

នាយករដ្ឋមន្រ្តី ​នូវែលសេឡង់ លោកស្រី​ហ្សាស៊ីនដា អារឌែន បាន​ប្រកាស​លាលែង​ពីមុខ​តំណែង ក្នុងហេតុផល​គ្មាន​កម្លាំង ថាមពល​ដើម្បី​ដឹកនាំប្រទេស មួយអាណត្តិបន្ថែមទៀត។ ការប្រកាស​របស់លោកស្រី​ហ្សាស៊ីនដា អារឌែន នៅថ្ងៃ ព្រហស្បតិ៍នេះ ធ្វើឡើងនៅ​ប៉ុន្មានខែ​មុន​ដែល​នូវែលសេឡង់​ត្រូវរៀបចំ​ការបោះឆ្នោត សភា ដែលត្រូវប្រព្រឹត្តទៅ នៅ​ខែ​តុលា​ចុងឆ្នាំនេះ។

FILE PHOTO: New Zealand Prime Minister Jacinda Ardern addresses members of the media during a joint news conference hosted with Australian Prime Minister Anthony Albanese, following their annual Leaders’ Meeting, at the Commonwealth Parliamentary Offices in Sydney, Australia, July 8, 2022. REUTERS/Loren Elliott/File Photo
FILE PHOTO: New Zealand Prime Minister Jacinda Ardern addresses members of the media during a joint news conference hosted with Australian Prime Minister Anthony Albanese, following their annual Leaders’ Meeting, at the Commonwealth Parliamentary Offices in Sydney, Australia, July 8, 2022. REUTERS/Loren Elliott/File Photo REUTERS - LOREN ELLIOTT
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែត នៅទីក្រុង​Wellington នៅថ្ងៃ​ព្រហស្បតិ៍នេះ លោកស្រី នាយករដ្ឋមន្រ្តី ហ្សាស៊ីនដា អារឌែន​និយាយ​ថា លោកស្រី​នឹង​ចុះចេញ​ពីតំណែង​ជាផ្លូវការ នៅ​ប៉ុន្មាន​សប្តាហ៍ខាងមុខ ក្នុង​ហេតុផល​ថា លោកស្រី​លែង​មាន​ថាមពលគ្រប់គ្រាន់​ដើម្បីអាច​ដឹកនាំ​ប្រទេស​មួយអាណត្តិ​បន្ថែមទៀត។

“ខ្ញុំជាមនុស្ស។ ពួកយើងបាន​ផ្តល់​ឲ្យអស់​ពី​សមត្ថភាព​ដែលយើង​មាន និងរយៈពេល​វែងបំផុត​តាមតែអាចធ្វើ​ទៅបាន។ ប៉ុន្តែ មានពេល​មួយ វា​ត្រូវដល់ទីបញ្ចប់។ សម្រាប់​ខ្ញុំ ពេលវេលា​នោះបាន​មកដល់​ហើយ” នេះជា​ប្រសាសន៍​របស់​លោកស្រី ហ្សាស៊ីនដា អារឌែន នៅក្នុងកិច្ចប្រជុំ​របស់​គណបក្ស​ពលករ របស់​លោកស្រី។

មានវ័យ ៤២ឆ្នាំ លោកស្រី នាយករដ្ឋមន្រ្តី​ហ្សាស៊ីនដា អារឌែន​ ដឹកនាំ​ប្រទេស​នូវែលសេឡង់​បាន​៥ឆ្នាំ និង​២ខែ។ ចូលកាន់តំណែង​ជា​នាយករដ្ឋមន្រ្តីវ័យក្មេងបំផុត របស់​នូវែលសេឡង់ នៅ​ឆ្នាំ ២០១៧ ​លោកស្រី ហ្សាស៊ីនដា អារឌែន​បានជួយ​នាំ​ឲ្យ​គណបក្ស​ពលករ​របស់លោកស្រី​ទទួលជ័យជំនះ យ៉ាងធំធេង នៅក្នុង​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ ២០២០ សម្រាប់​ដឹកនាំ​ប្រទេស​មួយ​អាណត្តិ​បន្តទៀត។

ប៉ុន្តែ នៅក្រោយ ​មានស្នាដៃ​ច្រើន​ក្នុងការដឹកនាំប្រទេស ជាពិសេស​នៅក្នុង​កាលៈទេសៈ វិបត្តិកូវីដ ការវាយប្រហារ​ភេរវកម្ម​នៅ​វិហាអ៊ីស្លាម និង​គ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើង រដ្ឋាភិបាល​របស់​លោកស្រី អារឌែន​បាន​ធ្លាក់កូដប្រជាប្រិយ​មកវិញ នៅ​មួយឆ្នាំ​មកនេះ ដោយសារ​បញ្ហា​ទំនិញឡើងថ្លៃ លទ្ធភាព​នៃ សេដ្ឋកិច្ច​ដើរថយក្រោយ និងការឡើងកូដប្រជាប្រិយ​របស់​បក្ស​ប្រឆាំង។

ទោះជា​ការស្ទង់មតិចុងក្រោយ​បង្ហាញ​ថា គណបក្សចម្រុះ ស្តាំ និងកណ្តាល​និយម​ទំនង​ទទួលជ័យជំនះច្រើន នៅ​ក្នុង​ការបោះឆ្នោត នៅខែតុលាខាងមុខ លោកស្រី អារឌែន​បាននិយាយការពារ​ខ្លួនថា ​លោកស្រី​សម្រេចចិត្ត​លាឈប់​ពីមុខតំណែង មិនមែន​ដោយសារ​គិត​ថា គណបក្ស​របស់​លោកស្រី​មិនអាច​ឈ្នះឆ្នោតនោះទេ ប៉ុន្តែ មកពីលោកស្រី​ជឿ​ថា គណបក្ស​របស់​លោកស្រី​នឹងឈ្នះឆ្នោតសាជាថ្មី។ ម្យ៉ាងលោកស្រី បាន​សម្រេចចិត្តលាលែង​ពីតំណែង​នៅពេលនេះ ក៏ព្រោះថា មុខតំណែង​ដ៏ខ្ពង់ខ្ពស់នេះ អម​មក​ជាមួយ​នូវ​ការទទួលខុសត្រូវ​ខ្ពស់។ ការទទួល​ខុសត្រូវ​ក្នុងការដឹងថា តើ​អ្នកជាមនុស្ស​ត្រឹមត្រូវ សម្រាប់​ដឹកនាំ ឬលែង​អាច​ដឹកនាំ​តទៅទៀតបាន។

តាម​លោកស្រី ហ្សាស៊ីនដា អារឌែន នៅ​បីថ្ងៃ​ក្រោយ​លាឈប់ពីមុខតំណែង​នាយករដ្ឋមន្រ្តី គណបក្ស​ពលករ​របស់​លោកស្រី​នឹង​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី សម្រាប់​កាន់តំណែង​នាយករដ្ឋមន្រ្តី បន្ត​ពីលោកស្រី។ លោកស្រី​អារឌែន​បញ្ជាក់ដែរថា លោកស្រី នឹង​បន្តការងារ​ជា​សមាជិកសភា​ពីពេលនេះ រហូត​ដល់​ថ្ងៃ​បោះឆ្នោតសភា នៅ​ខែ​តុលា​ចុងឆ្នាំនេះ។

ជា​ស្រីទី២ក្នុងលោក បន្ទាប់ពី​នាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលសម្រាលកូន​នៅក្នុង​ពេល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី លោកស្រីហ្សាស៊ីនដា អារឌែន ធ្លាប់បាននិយាយ​ថា លោកស្រី​ចង់ចំណាយពេល​មើល​កូនស្រី Neve ដែលដល់អាយុ​ចូលសាលារៀន​នៅ​ចុងឆ្នាំនេះ។

នាយករដ្ឋមន្រ្តី​អូស្ត្រាលី លោក​អង់តូនី អាល់បាល់នីស បាន​ថ្លែងកោតសរសើរ​លោកស្រី អារឌែន​ថា ជា​ប្រមុខរដ្ឋាភិបាល​ដែល​បានបង្ហាញ​ដល់​ពិភពលោកថា តើ​គេ​អាច​ដឹកនាំ​ប្រទេស​ដោយ​ភាពវ័យឆ្លាត និង​កម្លាំង​បាន​យ៉ាងដូចម្តេច។​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ