អានតួអត្ថបទ
ហ្វីលីពីន-គ្រឿងញៀន

គ្រឿង​ញៀន ៖ ​ហ្វីលីពីន​ធ្វើ​ឧទ្ធរណ៍​ប្រឆាំង​នឹងសេចក្តី​សម្រេច​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

រដ្ឋាភិបាល​ហ្វីលីពីន​បាន​ប្រកាស​នៅថ្ងៃសុក្រ​ទី ២៧​មករា ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ដែល​ម្សិលមិញ បាន​ប្រកាស​អនុញ្ញាត​ឱ្យ​បើក​អង្កេត​ឡើង​វិញ​ជុំ​វិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នៅក្នុង​ប្រទេស​ហ្វីលីពីន។ បើ​តាម​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន របស់​រដ្ឋាភិបាលហ្វីលីពីន ក្រោម​អាណត្តិ​លោក​ ឌុយទែរតេ ពី​ឆ្នាំ​២០១៦ដល់​ឆ្នាំ​២០២២ មាន​ទម្រង់​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ក្រុមគ្រួសារ​និង​សាច់ញាតិ​ជនរងគ្រោះ ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន
ក្រុមគ្រួសារ​និង​សាច់ញាតិ​ជនរងគ្រោះ ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន AP - Bullit Marquez
ផ្សាយពាណិជ្ជកម្ម

ចៅក្រម​នៃតុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ បាន​ចេញ​សេចក្តី​សម្រេច​ម្តង​រួច​ហើយ​កាលពី​ខែ​កញ្ញា​២០២១ បើក​ការ​ស៊ើប​អង្កេត​ពេញ​លេញ​មួយ​ ជុំ​វិញ​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់​រដ្ឋាភិបាល​ហ្វីលីពីន។ ​ការ​អង្កេត​ត្រូវ​ផ្អាក​ទៅ​វិញ នៅ​វិច្ឆិកាឆ្នាំ​​២០២១ដដែល ក្រោយ​ពី​រដ្ឋាភិបាល​ហ្វីលីពីន​បាន​សុំទទួល​បន្ទុក​​ធ្វើ​អង្កេត​ដោយខ្លួន​ឯង​។ ប៉ុន្តែ​បន្ទាប់​ពី​​​​បាន​វិភាគ​​យ៉ាង​ល្អិតល្អន់​នូវរាល់​ឯកសារ​ផ្តល់​ដោយ​ហ្វីលីពីន តុលាការ​គ្មាន​ជំនឿ​លើ​ការងារ​អង្កេត​របស់​ហ្វីលីពីន​ទេ ទើបតុលាការ​ព្រហ្មទណ្ឌ​ផ្តល់សេចក្តី​សម្រេច​អនុញ្ញាត​ជា​ថ្មី​​ឱ្យ​បើក​ការ​អង្កេត​សំណុំ​រឿងប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​ក្រោម​ផ្លាក​​បង្ក្រាប​គ្រឿង​ញៀន​នៅក្នុង​ប្រទេសហ្វីលីពីន​​នេះ​ឡើង​វិញ។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​នៅថ្ងៃ​ទី ២៦​មករា។

​ការ​អង្កេត​របស់​​​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ច្រក​ផ្លូវ​តែ​មួយ​គត់​ដែល​​អាច​វែក​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​និងក្រុម​គ្រួសារ​ ពី​នយោបាយបង្ក្រាប​គ្រឿងរបស់​រដ្ឋាភិបាល​លោក​ឌុយទែរតេបាន​។ បើ​តាម​ប្រតិកម្ម​អបអរ​របស់​នាយកអង្គការ​ការពារសិទ្ធិមនុស្ស Humain Rights Watch ប្រចាំ​តំបន់​អាស៊ី​ តែ​​សម្រាប់​រដ្ឋអាជ្ញា​និង​ក្រសួង​យុត្តិធម៌​​ហ្វីលីពីនវិញ គឺ​មាន​តែ​ តុលាការ​មូលដ្ឋាន​​ប៉ុណ្ណោះ​ដែល​មាន​សមត្ថកិច្ច​ពេញ​លេញ​ធ្វើ​អង្កេត​លើ​សំណុំ​រឿង​សង្ស័យ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិនេះបាន។ ហ្វីលីពីន​បាន​ប្រកាសភ្លាម​ជំហរ​ចង់​ធ្វើ​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សេចក្តី​សម្រេច ​​របស់​តុលាការ​ព្រហ្មទណ្ឌកាលពីថ្ងៃ​ព្រហស្បតិ៍ និង​បញ្ជាក់​ជំហរ​​បន្ត​បើក​ប្រតិបត្តិការ​​បង្ក្រាប​គ្រឿង​ញៀន​ តាម​លំអាន​របស់​អតីត​ប្រធានាធិបតី​ឌុយទែរតេ។ ប្រធានាធិបតី​ហ្វីលីពីន​ថ្មី លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ ដែល​បាន​ជាប់​ឆ្នោត​កាលពី​ខែ​ឧសភា​២០២២ដោយសារ​ចង​សម្ព័ន្ធ​ជាមួយ​កូនស្រី​លោក​ឌុយទែរតេ បាន​សន្យា​ធ្វើ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន ដោយ​ផ្តោត​លើ​វិធានការ​ការពារ​និង​អប់រំ និង​មិន​ប្តូរ​ចិត្តចូល​​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​វិញ​ទេ។

សូម​បញ្ជាក់​ថា ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ យុទ្ធនាការ​បង្ក្រាបគ្រឿង​ញៀន​ជាង​២០ម៉ឺន​ករណី ​បាន​សម្លាប់​​មនុស្ស​ជា​ផ្លូវការ​អស់​យ៉ាងហោច​៦១៨១នាក់ តែ​​អាច​ពី ១២០០០នាក់​ដល់​បីម៉ឺន​នាក់ បើ​តាម​ការ​ស្មាន​របស់​រដ្ឋ​អាជ្ញាអន្តរជាតិ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​យល់ថាយុទ្ធនាការ​បែប​នេះ​មានទម្រង់​ជាឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ