អានតួអត្ថបទ
ហ្វីលីពីន-តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

ហ្វីលីពីនប្រកាស​ គ្មាន​ចេតនា​ ចូល​ជា​សមាជិក តុលាការព្រហ្មទណ្ឌអន្តរជាតិ

ប្រធានាធិបតី​ហ្វីលីពីន លោក ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បាន​ប្រកាស​នៅថ្ងៃចន្ទទី ១ សីហា ២០២២​នេះ ថា​ហ្វីលីពីន នឹង​មិន​ ចូល​ពាក់ព័ន្ធ​នឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ។ ការ​ប្រកាស​បញ្ជាក់​ជំហរជា​ថ្មី នៅ​​ថ្ងៃ​នេះ ប្រព្រឹត្ត​ទៅ​ចំពេល​ដែល​រដ្ឋអាជ្ញា​របស់​តុលាការ​​ កំពុង​ស្វះ​ស្វែង​បើក​អង្កេត​ឡើង​វិញ​ជុំ​វិញ​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក ឌុយទែរតេ អតីត​ប្រធានាធិបតី​ហ្វីលីពីន​។

លោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. ប្រកាស​មិន​សហការជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ
លោក​ប្រធានាធិបតី​ហ្វីលីពីន Ferdinand Marcos Jr. ប្រកាស​មិន​សហការជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ AP - Aaron Favila
ផ្សាយពាណិជ្ជកម្ម

ជាប់​ឆ្នោត​កាលពីខែ​ឧសភា​ឆ្នាំ​២០២២ ក្លាយ​ជា​ប្រធានាធិបតី​ថ្មី របស់​ហ្វីលីពីន និង​ជា​អ្នក​មាន​នយោបាយ​ការពារ​យ៉ាង​មុត​មាំ​ ការ​ប្រយុទ្ធ​ប្រឆាំងនឹង​គ្រឿង​ញៀន​​ លោកប្រធានាធិបតី ហ្វ៊ែរឌីណង់ ម៉ាកូស ជូញ៉រ បាន​អះអាង​នៅចំពោះ​មុខ​អ្នក​សារព័ត៌មាន ថា ហ្វីលីពីន​ គ្មាន​ចេតនា ត្រលប់​​ចូល​ជា​សមាជិក​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​វិញ​ទេ ហើយហ្វីលីពីន នឹង​មិន​សហការ​ជាមួយ​ស្ថាប័ន​នេះ ក្នុង​ករណីមាន​ការ​បើក​អង្កេត​ណាមួយ​ឡើយ។

ហ្វីលីពីន បាន​ប្រកាស​ដក​ខ្លួន​ចេញពី​តុលាកា​ព្រហ្មទណ្ឌអន្តរជាតិ នៅ​ឆ្នាំ​២០១៩ បន្ទាប់​ពី​តុលាការ​បាន​បើក​អង្កេត​បឋម​​សំណុំ​រឿង​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​ដឹកនាំ​ដោយ​លោក រ៉ូឌ្រីហ្គោ ឌុយទែរតេ កាលល​នៅ​ជា​ប្រធានាធិបតីហ្វីលីពីន។ កាលពី​ខែ​កញ្ញា​ឆ្នាំទៅ​ ចៅក្រម​តុលាការ​នេះ​ បាន​ថែម​ទាំង​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​បើក​អង្កេត​តែ​ម្តង​ លើ​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿង​ញៀន ដែល​បើ​តាមក្រុម​​ចៅក្រមដដែល មាន​ទម្រង់​ជា​ទង្វើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ព្រោះ​កងកម្លាំង​មាន​សមត្ថកិច្ច​នៃ​​រដ្ឋាភិបាល​ហ្វីលីពីន​ ​ទំនង​ជា​បាន​ ​សម្លាប់​ជី​វិត​មនុស្ស​អស់​ជា​ច្រើន​ពាន់​នាក់។

បន្ទាប់​ពី​ព្យួរ​ការ​ស៊ើប​អង្កេត​អស់​រយៈពេល​៧​ខែ តាម​សំណើ​របស់​ក្រុង​ម៉ានីល រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ លោក ការីម ខាន់ Karim Khan បាន​ប្រកាស​កាលពី​ខែ​មិថុនា២០២២​ បន្ត​ការ​អង្កេត​ឡើង​វិញ​ និងឱ្យ​បាន​លឿន​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន ព្រមទាំង​​បាន​ជូន​ដំណឹង​ប្រាប់​ហ្វីលីពីន ​ថា​តុលាការ​ព្រហ្មទណ្ឌ​ចាប់​បើក​ការ​អង្កេត​ឡើង​វិញ​។ ក្រុង​ម៉ានីល​ មាន​ពេល​រហូត​ដល់​ថ្ងៃទី ៨ កញ្ញា ក្នុង​ការ​ផ្តល់​ចម្លើយ​ជា​ផ្លូវ​ការ​ជូន​តុលាការ​។ ប៉ុន្តែ​ប្រធានាធិបតីហ្វីលីពីន​កំពុង​កាន់​អំណាច​ ​គ្មាន​ចេត​នា​សហការ​ជាមួយ​ស្ថាប័ន​នេះ​ទេ។ ចំណែក​តុលាការ​ព្រហ្មទណ្ឌវិញ​ថ្វីបើ​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​បើក​សវនការ​ប្រឆាំង​នឹង​លោក ឌុយទែរតេ​ក្តី ក៏​វិន័យ​របស់​តុលាការ​មិន​អនុញ្ញាត​ឱ្យ​កាត់​ទោស​អតីត​ប្រធានាធិបតី​ហ្វីលីពីន​ដោយ​កំបាំង​មុខ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ