អានតួអត្ថបទ
ជប៉ុន-អ៊ុយក្រែន

ជប៉ុន​សន្យាបន្ថែម​ជំនួយ​ហិរញ្ញវត្ថុ​៥៥០០​លាន​​ដល់​អ៊ុយក្រែន

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូមីអូ គីស៊ីដា បាន​ប្រកាស​សន្យា​នៅថ្ងៃចន្ទទី ២០កុម្ភៈ ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ៥៥០០​លាន​ដុល្លារ​ដល់​អ៊ុយក្រែន។ ជាង​នេះទៅ​ទៀត ជប៉ុន​បាន​ផ្តួចផ្តើម​រៀប​ចំ​ជំនួប​​ប្រជុំ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​ទាំង​៧​នៅ​លើ​​ពិភពលោក​ ដោយ​អញ្ជើញ​ប្រធានាធិបតី​អ៊ុយក្រែន​ឱ្យ​មក​ចូល​រួម​តាម​វីដេអូផង​ នៅថ្ងៃ​សុក្រ​ទី ២៤ កុម្ភៈ​២០២៣ ដែល​ត្រូវ​ចំ​ខួប​មួយ​ឆ្នាំ​គត់​នៃសង្គ្រាមរុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន។

នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​បន្ថែម​ហិរញ្ញវត្ថុ​ ជួយ​អ៊ុយក្រែន​
នាយករដ្ឋមន្ត្រី​ជប៉ុន ប្រកាស​បន្ថែម​ហិរញ្ញវត្ថុ​ ជួយ​អ៊ុយក្រែន​ AP
ផ្សាយពាណិជ្ជកម្ម

ជប៉ុន​បាន​សម្រេច​ចិត្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ចំនួន​៥៥០០​លាន​ដុល្លារ ដល់​អ៊ុយក្រែន​ ព្រោះ​ជាជំនួយ​ចាំបាច់​ សម្រាប់​​ប្រជាពលរដ្ឋដែល​​រងគ្រោះក្នុង​ភ្លើង​​សង្គ្រាម និង​សម្រាប់​ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រទេស​ដែល​បំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​។ នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្វូមីអូ គីស៊ីដា​ នៅក្នុង​សន្ទរកថា​មួយ​ពី​ទីក្រុង​តូក្យូ។

បើ​តាមការិយាល័យ​លោក​នាយករដ្ឋមន្ត្រី​ដដែល តូក្យូ​ធ្លាប់​បាន​ផ្តល់​ហិរញ្ញវត្ថុ​ចំនួន​៦០០​លាន​ដុល្លារ ព្រមទាំង​ជំនួយ​មនុស្សធម៌​បន្ទាន់​តម្លៃ​រាប់​រយ​លាន​ដុល្លារ​ដល់​អ៊ុយក្រែន​រួច​មក​ហើយ។ ហើយ​ឆ្នាំ​នេះ ក្នុង​នាម ​ជា​ប្រធាន​ផ្លាស់​វេន​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​G7 និង​ក្នុង​នាម​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ​ជប៉ុននឹង​គាំទ្រ​អ៊ុយក្រែន​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ផង និង​សម្របសម្រួល​ឱ្យ​មាន​កិច្ច​ខិត​ខំប្រឹង​ប្រែង​ពិភពលោក​ក្នុង​ការការពារ​សណ្តាប់​ធ្នាប់​អន្តរជាតិ ដែល​បើក​ទូលាយ និង​សេរី​ ដោយ​ឈរ​លើ​មូលដ្ឋាន​​ច្បាប់​អន្តរជាតិ។

ជាង​នេះ​ទៅ​ទៀត លោក​នាយករដ្ឋមន្ត្រី បាន​ប្រកាស​រៀប​ចំ​ជំនួប​ប្រជុំមេដឹកនាំ​ក្រុមប្រទេស​ហ្សេ៧ ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី​ ​តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃ​សុក្រ​ទី ២៤​កុម្ភៈ ចំ​ថ្ងៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បើក​​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែនផង។ ជំនួប​កំពូលក្រុម​ប្រទេស​​ហ្សេ៧ ៖ ​អាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង អ៊ីតាលី អង់គ្លេស និង​កាណាដា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​ឧសភា​ នៅ​ក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា។

សេចក្តីប្រកាស​បន្ថែម​ជំនួយ​ហិរញ្ញវត្ថុ​របស់ជប៉ុន ប្រព្រឹត្ត​ទៅ​ចំ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចនៅក្រុង​កៀវ​ ​ដោយ​ឥតព្រាង​ទុក​ និង​ជា​លើក​ទីមួយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៨ និង​សង្គ្រាម​ផ្ទុះ​ឡើង។

មាន​ធម្មនុញ្ញសន្តិនិយមមិន​គាំទ្រ​សង្គ្រាម​ ជប៉ុន​បានជួយ​ឧបត្ថម្ភ​ក្រុង​កៀវ​នូវ​​សម្ភារៈ​ សម្រាប់​ការពារ​ខ្លួន និង​បាន​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​អ្នក​ដែល​ចង់​រត់គេច​ពី​ជម្លោះ​​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ