អានតួអត្ថបទ

អង្គការសហប្រជាជាតិស្នើឲ្យសម្រាលបំណុលចំនួន ៣០% សម្រាប់ ៥២ប្រទេសដែលងាយរងគ្រោះ

នៅ​ថ្ងៃ​ពុធ ទី២២ កុម្ភៈ អង្គការសហប្រជាជាតិ​តាម​រយៈ​កម្មវិធី​ដើម្បី​អភិវឌ្ឃ​ហៅកាត់ PNUD បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​បំណុល​ចំនួន ៣០% សម្រាប់ ៥២ប្រទេស​ដែល​ងាយ​រងគ្រោះ​ខ្លាំង។ សំណើ​នេះ​បាន​ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G២០ ត្រៀម​បើក​កិច្ចប្រជុំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ តាម PNUD បើ​គ្មាន​ការ​ជួយ​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ​ទេ ពិភពលោក​អាច​ប្រឈម​នឹង​វិបត្តិ​នៃ​ការ​អភិវឌ្ឃន៍​ទ្រង់ទ្រាយ​ធំ។

អង្គការសហប្រជាជាតិស្នើឲ្យសម្រាលបំណុលចំនួន ៣០% សម្រាប់ ៥២ប្រទេសដែលងាយរងគ្រោះ។
អង្គការសហប្រជាជាតិស្នើឲ្យសម្រាលបំណុលចំនួន ៣០% សម្រាប់ ៥២ប្រទេសដែលងាយរងគ្រោះ។ AP - Aijaz Rahi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ៥២ ដែល​កំពុង​ប្រឈម​នឹង​ភាព​ងាយរងគ្រោះខ្លាំង មាន ២៣ប្រទេស​ស្ថិត​ក្នុង​តំបន់​អាហ្រ្វិកសាហារ៉ា។ តាម​កម្មវិធី​របស់​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឃ​ហៅកាត់ PNUD ប្រទេស​ទាំង​នេះ​លែង​មាន​លទ្ធភាព​ដើម្បី​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ខ្លួន និង​កំពុង​ជាប់​បំណុល​គេ​វ័ណ្ឌ​ជាមួយ​នឹង​អត្រា​ការប្រាក់​ខ្ពស់​ដែល​បាន​រារាំង​ប្រទេស​ទាំង​នេះ​មិន​ឲ្យ​ងើបក្បាល​រួច។ លោក Achim Steiner អ្នក​រដ្ឋបាល​របស់​អង្គការ PNUD បាន​ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​ក្នុង​ក្រុង​ប៉ារីស​ថា ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ក្រុម​ប្រទេស​ទាំង​នេះ​តំណាង​ឲ្យ​តែ​ប៉ុន្មាន​ភាគរយ​ប៉ុណ្ណោះ​នៃ​ផលិតផល​សរុប​ក្នុង​លោក។ ក៏​ប៉ុន្តែ ក្រុម​ប្រទេស​ទាំង​នេះ​តំណាង​ឲ្យ ៤០% នៃ​ចំនួន​អ្នកក្រីក្រ​សរុប​ក្នុង​លោក។

តាម​លោក Achim Steiner បើ​អ្វីៗ​មិន​ត្រូវ​បាន​ធ្វើ​ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល​នៅ​ក្នុង​បណ្តា​ប្រទេស​ទាំង​នោះ​ទេ ពិភពលោក​អាច​ប្រឈម​នឹង​វិបត្តិ​នៃ​ការ​អភិវឌ្ឃន៍​ទ្រង់ទ្រាយ​ធំ។ អង្គការ PNUD បាន​ផ្តល់​ជា​ដំណោះស្រាយ​ថា គេ​ត្រូវ​ដាក់​លុយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ពិនិត្យ​មើល​ឡើង​វិញ​នូវ​បំណុល​របស់​ក្រុម​ប្រទេស​ផុយស្រួយ និង​កាត់​បន្ថយ​អត្រា​ប្រាក់កម្ចី​រយៈពេល​យូរ។ ដោយឡែក សេដ្ឋវិទូ​ចំនួន ២នាក់​របស់​អង្គការ PNUD យល់​ថា ការ​យល់ព្រម ឬ​អត់​ក្នុង​ការ​កាត់​បន្ថយ​បំណុល ហើយ​ការ​កាត់​បន្ថយ​បំណុល​​ក្នុង​ចំនួន​តិច ឬ​ច្រើន​អាស្រ័យ​លើ​ការ​ចូលរួម ឬ​ការ​មិន​ចូលរួម​របស់​ម្ចាស់បំណុល ពោល​មិនមែន​អាស្រ័យ​លើ​កូនបំណុល​ទេ។

ដោយឡែក អង្គការ PNUD បាន​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ឡើង​វិញ​លើ​បំណុល​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន​ទាំង​អស់។ គួរ​បញ្ជាក់​ថា បញ្ហា​បំណុល​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឃ​បាន​ធ្លាក់​ធ្ងន់ធ្ងរ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០២២ មាន​រហូត​ដល់ ២៥ប្រទេស​បាន​ប្រើ​ថវិកា​របស់​ខ្លួន​ជាង ២០% ដើម្បី​សងបំណុល​គេ ពោល​ច្រើន​ជាង​កាល​ពី ៦ឆ្នាំ​មុន​ដែល​មាន​តែ ៦ប្រទេស​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ