នាយករដ្ឋមន្រ្តីឥណ្ឌាអំពាវនាវឲ្យធ្វើកំណែទម្រង់លើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនៅក្នុងកិច្ចប្រជុំ G២០
កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេស G២០ បានចាប់ផ្តើមក្នុងថ្ងៃសុក្រ ទី២៤ កុម្ភៈនៅទីក្រុងបង់ហ្កាឡ័រក្នុងប្រទេសឥណ្ឌា។ នៅក្នុងសុន្ទរកថាថ្លែងបើកកិច្ចប្រជុំក្នុងនាមជាប្រធានប្តូរវេន G២០ នាយករដ្ឋមន្រ្តីឥណ្ឌាលោកណារិនដ្រា មូឌីបានអំពាវនាវឲ្យធ្វើកំណែទម្រង់លើស្ថាប័នអន្តរជាតិ ដូចយ៉ាងធនាគារពិភពលោក។ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ G២០ បានធ្វើឡើងនៅក្នុងបរិបទសង្រ្គាមអ៊ុយក្រែន និងចំពេលដែលប្រទេសសឹងទាំងអស់កំពុងប្រឈមនឹងកំណើនអតិផរណា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៤
« កំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ » នេះជាកម្មវត្ថុអាទិភាពរបស់ប្រមុខរដ្ឋាភិបាលឥណ្ឌាលោកណារិនដ្រា មូឌីក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រទេសមហាអំណាចឧស្សាហកម្ម និងក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំងហៅកាត់ G២០។ « ការជឿទុកចិត្តលើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិត្រូវបានធ្លាក់ចុះ។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន គឺមកពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងនេះមានការយឺតយ៉ាវក្នុងការធ្វើកំណែទម្រង់ » នេះជាការថ្លែងរបស់លោកមូឌីនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថ្ងៃទី១។ តាមលោកមូឌី គេត្រូវតែធ្វើការរួមគ្នាដើម្បីពង្រឹងធនាគារអភិវឌ្ឍន៍ពហុភាគីក្នុងគោលដៅដោះស្រាយបញ្ហាប្រឈមសកល ដូចជាការប្រែប្រួលអាកាសធាតុ និងកម្រិតបំណុលខ្ពស់។
នៅក្នុងរឿងបំណុលនេះ នាយករដ្ឋមន្រ្តីឥណ្ឌាចង់សំដៅលើក្រុមប្រទេសអភិវឌ្ឃដែលកំពុងជំពាក់បំណុលគេវណ្ឌ ក។ នៅក្នុងន័យនេះ G២០ មានពេលដល់ថ្ងៃសៅរ៍ ទី២៥ កុម្ភៈដើម្បីព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយក្នុងការកាត់បន្ថយបំណុលពីក្រុមប្រទេសក្រីក្រខ្លាំងជាងគេ។ គួរបញ្ជាក់ថាក្នុងឆ្នាំ ២០២០ G២០ បានឯកភាពគ្នាលើក្របខណ្ឌរួមមួយដើម្បីពិនិត្យមើលឡើងវិញលើបំណុលរបស់ប្រទេសក្រីក្រខ្លាំង។ តែមកដល់ពេលនេះ ការដាក់ឲ្យអនុវត្តកំពុងមានភាពយឺតយ៉ាវ។ អាមេរិកបានចង្អុលមុខចិនដែលជាម្ចាស់បំណុលធំរបស់ប្រទេសអាហ្រ្វិកជាច្រើនថាជាអ្នកយកជើងរាទឹក។
ចំណែករដ្ឋមន្រ្តីហិរញ្ញវត្ថុចិនបានអំពាវនាវឲ្យធ្វើការវិភាគលើដើមចមនៃបញ្ហាបំណុលឲ្យបានស៊ីជម្រៅ និងប្រកបដោយភាពត្រឹមត្រូវ។ ក្រៅពីបញ្ហាបំណុល G២០ ក៏គ្រោងនិយាយពីកំណែទម្រង់លើច្បាប់សារពើពន្ធអន្តរជាតិ ពិសេសការយកពន្ធលើក្រុមហ៊ុនឌីជីថលគ្រាក់ៗក្នុងលោក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ