អានតួអត្ថបទ

ចិន និងអូស្រា្តលីបានបើកកិច្ចប្រជុំផ្លូវការលើកទី១ ថ្នាក់ក្រសួងការពារជាតិចាប់តាំងពីឆ្នាំ ២០១៩

អ្នក​ទទួល​ខុស​ត្រូវ​ចិន និង​អូស្រា្តលី​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី២៣ មីនា​ថា អ្នកតំណាង​ក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​ជួប​សន្ទនា​គ្នា​ផ្លូវការ​លើកទី១ នា​ថ្ងៃ​ពុធ ទី២២ មីនា​ក្នុង​ទីក្រុង​កង់បេរ៉ា។ ជំនួបលើកទី១ ចាប់​តាំង​ពី​ឆ្នាំ ២០១៩ បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​រដ្ឋាភិបាល​ចិន​បាន​ថ្កោលទោស​ចាស់​ដៃ​លើ​រដ្ឋាភិបាល​ក្រុង​កង់បេរ៉ា​នៅ​ក្នុង​គម្រោង​ដាក់​ពង្រាយ​នាវាមុជទឹកដើរ​ដោយ​នុយក្លេអ៊ែរ​បំពាក់​មីស៊ីល​របស់​អាមេរិក។

ជំនួប​ថ្នាក់​រដ្ឋមន្រ្តីការបរទេសចិន និង​អូស្រា្តលីក្នុង​ក្រុង​ប៉េកាំង​ថ្ងៃទី២១ ធ្នូ ឆ្នាំ ២០២២។
ជំនួប​ថ្នាក់​រដ្ឋមន្រ្តីការបរទេសចិន និង​អូស្រា្តលីក្នុង​ក្រុង​ប៉េកាំង​ថ្ងៃទី២១ ធ្នូ ឆ្នាំ ២០២២។ AP - Zhang Ling
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​ជំនួប​ផ្លូវការ​ថ្នាក់​ក្រសួងការពារជាតិ​រវាង​អូស្រា្តលី និង​ចិន​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ភាគី​អូស្រា្តលី​តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ។ តែ​អ្នកនាំពាក្យ​ក្រសួង​ការពារ​អូស្រា្តលី​រូប​នេះ​ដដែល​មិន​បាន​លំអិត​ថា តើ​ជំនួប​ថ្នាក់ក្រសួង​ការពារជាតិ​រវាង​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ឡើង​ក្នុង​កម្រិត​ណា​ទេ។ អ្វី​ដែល​គេ​ដឹង កិច្ចសន្ទនា​កន្លះ​ថ្ងៃ​ក្នុង​ថ្ងៃ​ពុធ ទី២២ មីនា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិយាកាស​ល្អ ប្រកប​ដោយ​វិជ្ជាជីវៈ និង​បាន​ផ្តោត​សំខាន់​លើ​បញ្ហា​សន្តិសុខ​តំបន់។ អ្វី​ជា​ការ​កត់សម្គាល់ ជំនួប​ថ្នាក់ក្រសួង​ការពារជាតិ​រវាង​អូស្រា្តលី និង​ចិន​ពេល​នេះ​ជា​ជំនួប​ផ្លូវការ​លើកទី១ ចាប់​តាំង​ពី​ឆ្នាំ ២០១៩។

មួយ​វិញ​ទៀត ជំនួប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ចិន​បាន​ថ្កោលទោស​ចាស់​ដៃ​លើ​អូស្រា្តលី​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង់គ្លេស និង​អាមេរិក​កាល​ពី​ថ្ងៃទី១៣ មីនា។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ អូស្រ្តាលី​គ្រោង​ទិញ​នាវាមុជទឹក​ដើរ​ដោយ​នុយក្លេអ៊ែរ​បំពាក់​មីស៊ីល​របស់​អាមេរិក​រហូត​ដល់​ទៅ​ចំនួន ៥គ្រឿង។ លើស​ពី​នេះ អូស្រា្តលី​គ្រោង​សាងសង់​នាវា​មុជទឹក​ថ្មី​ដោយ​ប្រើ​បច្ចេកវិទ្យា​របស់​អាមេរិក និង​អង់គ្លេស។ ក្រុង​ប៉េកាំង​បាន​ចាត់​ទុក​ការ​ធ្វើ​ដំណើរ​រួម​គ្នា​រវាង​អូស្ត្រាលី អង់គ្លេស និង​អាមេរិក​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ថា​ជា​ការ​ដើរ​លើ​ផ្លូវ​ខុស និង​ពោរពេញ​ដោយ​គ្រោះថ្នាក់។

គួរ​រម្លឹក​ថា តាំង​ពី​អំណាច​នៅ​អូស្ត្រាលី​បាន​ធ្លាក់​ក្នុង​ដៃ​ក្រុម​កណ្តាល ឆ្វេង​និយម​នា​ខែ​ឧសភា ឆ្នាំ ២០២២ មក រដ្ឋាភិបាល​ថ្មី​អូស្រ្តាលី​បាន​ព្យាយាម​ស្តារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ជាមួយ​ចិន​ដែល​បាន​ធ្លាក់​ដុនដាប​ខ្លាំង​នៅ​ក្នុង​ជំនាន់​រដ្ឋាភិបាល​អូស្រ្តាលី​អភិរក្សនិយម។ ក្នុង​ឆ្នាំ ២០២២ រដ្ឋមន្រ្តីការពារជាតិ​អូស្រា្តលី​ដែល​បាន​ជួប​សន្ទនា​ចំនួន ២ដង​ជាមួយ​សមភាគី​ចិន​នា​ឱកាស​កិច្ចប្រជុំកំពូល​តំបន់​បាន​សាទរ​ពី​ការ​មាន​កិច្ចសន្ទនា​ប្រក្រតី​ឡើង​វិញ តែ​មិន​បាន​ផ្តល់​លំអិត​លើ​ខ្លឹមសារ​នៃ​ការ​ជជែក​ជា​មួយ​សមភាគី​ចិន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ