អានតួអត្ថបទ

កងទ័ពកូរ៉េខាងត្បូងថា កូរ៉េខាងជើង​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិក​ពិត

មួយថ្ងៃ​ក្រោយ ការចុះផ្សាយព្រោងព្រាត ព័ត៌មាន​បែកលេចធ្លាយ​របស់​ក្រសួងការពារ​ជាតិអាមេរិក ដែល​ថា គ្រាប់មីស៊ីលខ្លះ​របស់​កូរ៉េខាងជើង​ជា​គ្រាប់ក្លែងក្លាយ​មិនដំណើរការ កូរ៉េខាងជើង នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​បាញ់​គ្រាប់មីស៊ីល​បាលីស្ទិកប្រភេទថ្មី។ ការបាញ់​មីស៊ីលបាលីស្ទិក​របស់កូរ៉េខាងជើង​បានធ្វើ​ឲ្យមានការភ័យស្លន់ស្លោ​នៅកោះហុកកៃដូ ភាគខាងជប៉ុន ជាទីដែល​រដ្ឋាភិបាល​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​រត់ជ្រកកោន ដើម្បីជៀសវាង គ្រោះថ្នាក់ ដោយសារ​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង។

ទូរទស្សន៍នៅទីក្រុងសេអ៊ូល​ផ្សាយព័ត៌មានស្តីពីកូរ៉េខាងជើង បាញ់​គ្រាប់មីស៊ីល​បាលីស្ទិកប្រភេទថ្មី នៅថ្ងៃព្រហស្បតិ៍ទី​១៣មេសា ២០២៣​
ទូរទស្សន៍នៅទីក្រុងសេអ៊ូល​ផ្សាយព័ត៌មានស្តីពីកូរ៉េខាងជើង បាញ់​គ្រាប់មីស៊ីល​បាលីស្ទិកប្រភេទថ្មី នៅថ្ងៃព្រហស្បតិ៍ទី​១៣មេសា ២០២៣​ REUTERS - KIM HONG-JI
ផ្សាយពាណិជ្ជកម្ម

តាម​សេនាធិការ​អន្តរកងទ័ព​កូរ៉េខាងត្បូង មីស៊ីល​បាលីស្ទិក​ប្រភេទថ្មី ប្រើ​ចំហេះរឹង ដែល​កូរ៉េខាងជើងបាញ់​សាកល្បង​នៅថ្ងៃ​ព្រហស្បតិ៍នេះ ស្តែង​ឲ្យឃើញ ពីការរីកចម្រើន បោះជំហានខ្លាំង​របស់របបព្យុងយ៉ាង ក្នុងផ្នែក​បច្ចេកវិទ្យា​ផលិតអាវុធ​យុទ្ធសាស្រ្ត។ តាម​សេចក្តីថ្លែងការណ៍​របស់​សេនាធិការ​អន្តរយោធា​កូរ៉េខាងត្បូង អាមេរិក និង​កូរ៉េខាងត្បូង​បានតាមដាន​យ៉ាងម៉ត់ចត់ ព្រឹត្តិការណ៍​បាញ់មីស៊ីល នៅថ្ងៃនេះ ដើម្បី​ស្វែងយល់ពី​ការអភិវឌ្ឍកម្មវិធីផលិតមីស៊ីល​របស់​កូរ៉េខាងជើង។

រាល់ការបាញ់សាកល្បង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​កន្លងមក កូរ៉េខាងជើង​តែងប្រើ​ចំហេះរាវដែល​ពិបាក​ក្នុងការ​ធ្វើប្រតិបត្តិការ ព្រោះវា​ត្រូវការ​ពេលវេលា​រៀបចំ​យូរ មុន​នឹង​បាញ់​បង្ហោះ ដែល​ជាហេតុ​ធ្វើឲ្យសត្រូវ​អាច​ចាប់សញ្ញា និង​បាញ់បំផ្លាញបាន។ ចំណែក ប្រព័ន្ធមីស៊ីល​បាលីស្ទិក​ប្រើ​ចំហេះរឹង ងាយស្រួល​នឹងប្រើ ព្រោះវាត្រូវការ​ពេលវេលា​រៀបចំ​ខ្លី ដែល​ធ្វើ​ឲ្យ​សត្រូវ​ពិបាក​នឹង​ចាប់សញ្ញា​បាន នៅពេលមិនទាន់ឆេះ។

ការអភិវឌ្ឍ​ប្រព័ន្ធ​បាញ់មីស៊ីល​បាលីស្ទិក ដោយប្រើចំហេះរឹង ជា​យុទ្ធសាស្រ្ត​អាទិភាព​របស់​មេដឹកនាំកូរ៉េខាងជើង ដើម្បីផលិត​មីស៊ីល​ទំនើបៗ​ដែលអាចបាញ់ចេញពីដីគោក និងក្រោមសមុទ្រ។ ប្រកាស​តាំងខ្លួន​ជាមហាអំណាច​នុយក្លេអ៊ែរ កូរ៉េខាងជើងប្រកាស​កាលពីថ្ងៃទី ២៣​មីនា​កន្លងទៅ​ថា ខ្លួន​ទើប​សាកល្បង​បាន​ជោគជ័យ នាវាមុជទឹក​ដ្រូន ដែល​បំពាក់​អាវុធនុយក្លេអ៊ែរ។ តាមទីភ្នាក់ងារព័ត៌មានរដ្ឋ​កូរ៉េខាងជើង KCNA នាវាមុជទឹក​គ្មានមនុស្សបើក​របស់​កូរ៉េខាងជើង​មាន​សមត្ថភាព​បង្ករលកយក្សស៊ូណាមី បង្កប់​ដោយ​សារធាតុវិទ្យុសកម្ម។

តាម​កងទ័ព​កូរ៉េខាងត្បូង មីស៊ីល​បាលីស្ទិក​ដែលកូរ៉េខាងជើង​បាញ់សាកល្បង​នៅថ្ងៃ​ព្រហស្បតិ៍នេះ អាច​ជា​មីស៊ីល​រយៈចម្ងាយមធ្យម ឬ​ចម្ងាយឆ្ងាយ ព្រោះវា​បានហោះចម្ងាយ ១ពាន់គីឡូម៉ែត្រ​មុន​នឹង​ធ្លាក់ ទៅក្នុង​សមុទ្រ​ជប៉ុន។

នៅជប៉ុន ការបាញ់មីស៊ីល​របស់​កូរ៉េខាងជើង​បាន​បង្ក​ឲ្យមានការភ័យជ្រួលច្របល់ការទាញសញ្ញាអាសន្ន​មួយភ្លែត​ នៅ​កោះហុកកៃដូ ភាគខាងជើង​ជប៉ុន។ ក្រសួងការពារជាតិ​ជប៉ុន បាន​ប្រតិកម្មប្រឆាំងខ្លាំង នឹង​ការបាញ់សាកល្បង​មីស៊ីល​របស់កូរ៉េខាងជើង ចំណែក​អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សា​សន្តិសុខជាតិ​អាមេរិក បានអះអាងថា អាមេរិក​នឹង​ចាត់វិធានការចាំបាច់​ដើម្បីធានា​សន្តិសុខ សុវត្ថិភាពឲ្យទឹកដីអាមេរិក និង​សម្ព័ន្ធមិត្តជប៉ុន កូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ