អានតួអត្ថបទ
អាស៊ាន-ជួញដូរមនុស្ស

អាស៊ាន​ទាញ​សញ្ញា​ប្រាប់​ពីគ្រោះ​ជួញដូរមនុស្សជា​​បណ្តាញ​​តាម​អន​ឡាញ

មេដឹកនាំ​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​​នៅថ្ងៃពុធ​ទី ១០ ឧសភា​២០២៣​នេះ ប្រកាស​បញ្ចេញ​​សកម្មភាព​ខ្លាំង​ជាង​មុន ប្រឆាំង​នឹង​ការ​ជួញមនុស្ស​ តាម​អនឡាញ។ ពេល​នេះ បណ្តាញ​ជួញដូរ​មនុស្ស​ចាប់​វាយលុក​តាម​បណ្តាញ​សង្គម​ ដើម្បី​ទាក់​​​ជន​រងគ្រោះថ្មីៗ​បន្ថែម​ទៀត​ ឱ្យ​មក​រក​ស៊ីខុសច្បាប់​​បោកបន្ត​​តាម​អ៊ីនធ័រនែត។

អាស៊ាន​ប្រកាស​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​ជួញដូរមនុស្សជា​​បណ្តាញ​​តាម​អន​ឡាញ
អាស៊ាន​ប្រកាស​ប្រឹង​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​ជួញដូរមនុស្សជា​​បណ្តាញ​​តាម​អន​ឡាញ AP - Achmad Ibrahim
ផ្សាយពាណិជ្ជកម្ម

ក្នុង​ជំនួប​កំពូល​នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌូណេស៊ី ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅកាត់​អាស៊ាន បាន​អនុម័ត​សេចក្តី​ថ្លែងការណ៍​មួយ​ឈាន​ទៅ ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ការ​សម្របសម្រួល​ ការ​តាម​ចាប់​ក្រុម​ជួញ​ដូរ​មនុស្ស តាម​អន​ឡាញ និង​វែក​រក​អត្តសញ្ញាណ​ជន​រងគ្រោះ។ សមាជិក​អាស៊ាន​ទាំងអស់ ក៏​បាន​ព្រមព្រៀង​ពង្រឹង​សមត្ថភាព​ស៊ើប​អង្កេត ​ផ្តោះប្តូរ​ព័ត៌មាន​គ្នា​ និងរៀប​ចំ​​ធ្វើ​ប្រតិបត្តិការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ ​​រួមគ្នា​ទៀត។

​ត្រូវតែ​កម្ចាត់​បទ​ឧក្រិដ្ឋ​ជួញដូរ​មនុស្សឱ្យ​ខ្ទេចខ្ទីអស់ ! នេះ​ជាការ​គូស​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ចន្ទ។ បើ​តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ កម្ពុជា ឡាវ​និង​ភូមា ជាទិសដៅ​សំខាន់​បីរបស់​​បណ្តាញ​ជួញដូរ​មនុស្សសម្រាប់​បញ្ជូន​​ជន​រងគ្រោះទៅ។ ការ​ជ្រើសរើសបុគ្គលិក​ (​ជនរងគ្រោះ) ប្រព្រឹត្ត​ទៅ​នៅក្នុង​​តំបន់​អាស៊ី ជាពិសេស​នៅ​វៀតណាម នៅ​ឥណ្ឌា នៅបង់ក្លាដែស តែ​​ជួនកាល​ក៏​មាន​ធ្វើ​នៅទ្វីប​ឆ្ងាយ ដល់​ប្រទេស​​​ប្រេស៊ីល ឬ​កេនយ៉ាផង។ បន្ទាប់មក​​ ជនរងគ្រោះ​ភាគ​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​បំពេញ​ការងារ​ដែល​ជា​សកម្មភាព​ខុស​ច្បាប់ តាម​អនឡាញ។ នេះ​បើ​តាម​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ​ដដែល ដែល​អះអាង​ទៀត​ថា ជន​រងគ្រោះ​ភាគ​ច្រើន ជា​អ្នកបាន​រៀន​សូត្រ​​មាន​សញ្ញាប័ត្រ​ខ្ពស់ រស់ក្នុង​គ្រួសារ​វណ្ណៈ​មធ្យម ដែល​មាន​លទ្ធភាព​រក​ការងារ​ធ្វើ​យ៉ាង​មាន​កំរិត។ សម្រាប់​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ បណ្តាញ​ជួញ​ដូរ​មនុស្ស​នេះ មាន​សកម្មភាព​ខ្លាំង​ក្នុង​បណ្តាញ​ល្បែងអនឡាញ ក្នុង​ប្រព័ន្ធ​រូបិយបណ្ណ​ឌីជីថល (គ្រីតូមូណេ) ការ​ខ្ចី​លុយ​តាម​អនឡាញ និង​ក្នុង​វេបសាយ​រក​គូ​កំណាន់ចិត្ត។ ការ​បង្ខំ​ឱ្យ​ជន​រងគ្រោះ​ប្រព្រឹត្ត​អំពើ​បោក​ប្រាស់​តាមអ៊ីនធ័រនែត សំដៅ​ពន្យុះ​មនុស្ស​ឱ្យ​ធ្វើ​វិនិយោគ​លុយឌីជីថល​ជា​អ្វី​ដែល​អាស៊ាន​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ។

កាលពី​ឆ្នាំ​ទៅ ឥណ្ឌូណេស៊ី បាន​សង្គ្រោះ​​ពលរដ្ឋ​ខ្លួន ​ដែលក្លាយ​​ជា​ជន​រងគ្រោះរង​ការ​កេង​ប្រវ័ញ្ច ​ឱ្យរក​ស៊ី​បោក​បន្ត​តាម​អនឡាញ​នៅកម្ពុជា និង​ភូមា ​បាន​ចំនួន ជាង​មួយពាន់​នាក់។ អាជ្ញាធរ​​ហ្វីលីពីន ប្រកាស​រំដោះ​​ជន​រងគ្រោះ​​សញ្ជាតិផ្សេងៗនៅ​​អាស៊ី​ ដែល​ត្រូវ​បណ្តាញ​ជួញដូរ​មនុស្សបោក​ឱ្យមក​រក​ស៊ីខុស​ច្បាប់​តាម​អនឡាញនៅហ្វីលីពីន បាន​ប្រមាណ​មួយពាន់​នាក់​ដែរ នៅសប្តាហ៍​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ