អានតួអត្ថបទ
ប៉ាគីស្ថាន

តុលាការកំពូល​ប៉ាគីស្ថាន​ចាត់ទុក​ការចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់ ថា ខុសច្បាប់

នៅប៉ាគីស្ថាន ពីរថ្ងៃ​ក្រោយ​កងទ័ព​ចូលចាប់ខ្លួន​អតីតនាយករដ្ឋមន្រ្តី លោកអ៊ីមរ៉ាន់ ខាន់ ដល់​ក្នុង​តុលាការ ប្រធាន​តុលាការ​កំពូល​ប៉ាគីស្ថាន នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​សម្រេច​ថា ការចាប់ខ្លួន​លោកអ៊ីមរ៉ាន់ ខាន់ ធ្វើឡើង​ដោយ​ខុសច្បាប់។ នៅក្នុងការសម្រេច​របស់​ប្រធានតុលាការ​កំពូល អំណើះតទៅ គឺ​គ្មានការចាប់ខ្លួន​មនុស្ស នៅក្នុង​បរិវេណ​ទីតាំង​របស់​តុលាការ​ដាច់ខាត។ ការសម្រេច​របស់​តុលាការ​កំពូល ធ្វើឡើង​នៅក្នុង​ខណៈពេល អ្នកគាំទ្រ​អតីតនាយករដ្ឋមន្រ្តីអ៊ីមរ៉ាន់ ខាន់ នៅបន្ត​ចុះថ្នល់​ធ្វើបាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​កងទ័ព​ដែល​ជា​អ្នកចុះចាប់​លោក​អ៊ីមរ៉ាន់ ខាន់ កាលពីថ្ងៃ​អង្គារ។

លោកអ៊ីមរ៉ាន់ ខាន់ត្រូវ​គេ​ដឹកទៅតុលាការ​កំពូល​នៅថ្ងៃព្រហស្បតិ៍ទី ១១​ឧសភា ២០២៣
លោកអ៊ីមរ៉ាន់ ខាន់ត្រូវ​គេ​ដឹកទៅតុលាការ​កំពូល​នៅថ្ងៃព្រហស្បតិ៍ទី ១១​ឧសភា ២០២៣ AP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​អតីត​នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ ខាន់​ត្រូវ​ក្រុមទាហានប៉ារ៉ា​ចុះចាប់ខ្លួន​ដល់​ក្នុង​តុលាការ ជាទីដែលលោក​ត្រូវ​បង្ហាញខ្លួនក្នុងសំណុំរឿង​ចោទប្រកាន់​ប្រព្រឹត្ត​អំពើ​ពុករលួយ។ ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍ តុលាការ​កំពូល​ប៉ាគីស្ថាន​បាន​សម្រេចថា ការចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ខាន់​ធ្វើឡើង​ដោយ​ខុសច្បាប់។

នៅក្នុង​សវនាការ កាលពីថ្ងៃ​ព្រហស្បតិ៍ ប្រធាន​តុលាការ​កំពូល លោក Umar Ata Bandial បាននិយាយ​ប្រាប់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ថា ការចាប់ខ្លួន​លោកអ៊ីមរ៉ាន់ ខាន់ នៅតុលាការ ជារឿង​ខុសច្បាប់ និងថា គេត្រូវ​ពិនិត្យ​សើរើ​សំណុំរឿងនេះសាឡើងវិញ។

ការចាប់ខ្លួន​លោក​អ៊ីមរ៉ាន់ ជារឿងខុសច្បាប់ ប៉ុន្តែ លោកអ៊ីមរ៉ាន់ ខាន់ មិនត្រូវ​តុលាការ​ដោះលែង​ឲ្យនៅក្រៅឃុំ តាមការស្នើ​សុំ​របស់​លោកអ៊ីមរ៉ាន់ ខាន់ឡើយ។ លោក​អ៊ីមរ៉ាន់ ខាន់ ត្រូវបន្តស្ថិតនៅ​ក្រោមការគ្រប់គ្រង​របស់​ប៉ូលិស ក្នុងពេល​រង់ចាំ​សវនាការ​មួយទៀត នៅថ្ងៃ​សុក្រ។ តាមការសម្រេចរបស់​ប្រធាន​តុលាការកំពូល​ប៉ាគីស្ថាន ក្នុងហេតុផល​ការពារ​សន្តិសុខ លោក​អ៊ីមរ៉ាន់ ខាន់ ត្រូវ​បញ្ជូន​ឲ្យ​ទៅ​នៅ​ទីស្នាក់ការរបស់​ប៉ូលិស​ក្នុងរដ្ឋធានីអ៊ីស្លាម៉ាបាត ក្នុងនាម​ភ្ញៀវ ប៉ុន្តែ​មិនមែនជា​ជនជាប់ទោស។

នៅតុលាការ​កំពូល កាលពីថ្ងៃ​ព្រហស្បតិ៍ លោកអ៊ីមរ៉ាន់ ខាន់​និយាយប្រាប់​ចៅក្រមថា លោកត្រូវគេធ្វើ បាប​លោក ដូច​លោក​ជា​ភេរវជន។

អតីតកីឡាករជើងឯក Criket របស់ប៉ាគីស្ថាន លោក​អ៊ីមរ៉ាន់ខាន់ ធ្លាប់​និយាយ​ថា ក្តីក្តាំ ពាក្យបណ្តឹង​ ប្រឆាំងលោក​ទៅតុលាការ ជា​ផែនការ​របស់​រដ្ឋាភិបាល និង​កងទ័ព​ដែលចង់រារាំង​មិនឲ្យ​លោក​ត្រលប់​មកឈរឈ្មោះ នៅក្នុងការបោះឆ្នោត ដែលគ្រោងធ្វើនៅអំឡុង​ខែ​តុលាខាងមុខ។ លោកអ៊ីមរ៉ាន់ ខាន់ ត្រូវទាហានប៉ារ៉ាចូលចាប់ខ្លួន ដល់ក្នុងតុលាការ បន្ទាប់​ពី​កងទ័ពដែលជាស្ថាប័ន​ដ៏មាន​អំណាច នៅប៉ាគីស្ថាន ស្តីបន្ទោស លោកអ៊ីមរ៉ាន់ខាន់ ក្នុងរឿងដែលលោក​ហ៊ាន​ចោទប្រកាន់​មន្រ្តីយោធា​ថា មានផែនការប៉ង​ចង់ធ្វើឃាតរូបលោក។

នៅប៉ាគីស្ថាន ការរិះគន់​ស្ថាប័ន​កងទ័ព ត្រូវ​បាន​ចាត់ទុកថា ជា​ការរំលោភខ្សែបន្ទាត់ក្រហម។ នៅថ្ងៃ​ព្រហស្បតិ៍ កងទ័ព​បាន​ចេញសេចក្តីថ្លែងការណ៍ព្រមាន​ចាត់វិធានការខ្លាំងៗ​ប្រឆាំង​រាល់អ្នក​ដែល​វាយប្រហារ ដុតបំផ្លាញ​ទីតាំង​របស់រដ្ឋ និង​កងទ័ពប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ