អានតួអត្ថបទ

មូលនិធិរូបិយវត្ថុអន្តរជាតិស្នើឲ្យស្រីលង្កាពន្លឿនការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ទស្សនកិច្ច​រយៈពេល ១២ថ្ងៃ​របស់​គណៈប្រតិភូ​នៃ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF បាន​បញ្ចប់​នា​ថ្ងៃ​អង្គារ ទី២៣ ឧសភា។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ជជែក​ជាមួយ​រដ្ឋាភិបាល​ក្រុង​កូឡុំបូ​ស្តីពី​គម្រោង​កំណែទម្រង់​ដែល​ស្រីលង្កា​បាន​សន្យា​ជាមួយ IMF ដើម្បី​អាច​ទទួល​បាន​ប្រាក់កម្ចី​ពី IFM។ គណៈប្រតិភូ IFM បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ការ​បន្ត​រក្សា​នូវ​ថាមវ័ន្ត​នៃ​កំណែទម្រង់ និង​ការ​អនុវត្តន៍​ទាន់​ពេល​នូវ​កម្មវិធី​ដែល​បាន​សន្យា​ជា​រឿង​សំខាន់​ដើម្បី​ឲ្យ​ស្រីលង្កា​ងើប​រួច​ពី​វិបត្តិ​សេដ្ឋកិច្ច។

នៅ​ក្នុង​ប្រទេស​ស្រីលង្កា ទស្សនកិច្ច​រយៈពេល ១២ថ្ងៃ​របស់​គណៈប្រតិភូ​នៃ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF បាន​បញ្ចប់​នា​ថ្ងៃ​អង្គារ ទី២៣ ឧសភា។
នៅ​ក្នុង​ប្រទេស​ស្រីលង្កា ទស្សនកិច្ច​រយៈពេល ១២ថ្ងៃ​របស់​គណៈប្រតិភូ​នៃ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF បាន​បញ្ចប់​នា​ថ្ងៃ​អង្គារ ទី២៣ ឧសភា។ AFP - ISHARA S. KODIKARA
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បេសកម្ម​រយៈពេល ១២ថ្ងៃ គណៈប្រតិភូ​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF បាន​ទទួល​ស្គាល់​ពី​ការ​ចម្រើន​ទៅ​មុខ​នៃ​ការ​អនុវត្តន៍​លើ​កម្មវិធី​កំណែទម្រង់​របស់​រដ្ឋាភិបាល​ស្រីលង្កា។ តែ​បាន​បញ្ជាក់​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ ហើយ​រដ្ឋាភិបាល​ត្រូវ​ប្រឹងប្រែង​ឲ្យ​បាន​លឿន​បន្ថែម​ទៀត។ ក្នុង​ខែ​មីនា​កន្លង​ទៅ IMF បាន​អនុម័ត​លើ​ផែនការ​សង្រ្គោះ​មួយ​ដែល​មាន​ទឹកប្រាក់​ចំនួន ២ ៩០០លានដុល្លារ​ឲ្យ​ស្រីលង្កា​ជា​ថ្នូរ​នឹង​ការ​សន្យា​របស់​ស្រីលង្កា​ក្នុង​ការ​អនុវត្តន៍​លើ​កម្មវិធី​កំណែទម្រង់​រយៈពេល ៤៨ខែ។ គណៈប្រតិភូ IMF បាន​ថ្លែង​ថា ខ្លួន​កំពុង​រង់ចាំ​នូវ​ការ​រីកចម្រើន​ថ្មីៗ​ទៀត​នា​ខែ​កញ្ញា​ខាង​មុខ។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​បាន​ខកខាន​ការ​សងបំណុល​បរទេស​ចំនួន ៤៦ ០០០លានដុល្លារ​កាល​ពី​ខែ​មេសា ឆ្នាំ ២០២២ មក ស្រីលង្កា​សង្ឃឹម​ទទួល​បាន​កិច្ចព្រមព្រៀង​ឆាប់​រហ័ស​ជាមួយ​ម្ចាស់បំណុល។ តែ​បញ្ហា​នៅ​ត្រង់​ថា ការ​ជជែក​ស្តីពី​ការ​សើរើ​បំណុលបរទេស​ជាមួយ​ម្ចាស់បំណុល​ទើប​តែ​ចាប់​ផ្តើម​នៅ​ខែ​មេសា​កន្លង​ទៅ​ប៉ុណ្ណោះ។ IMF យល់​ថា ការ​ឈាន​ទៅ​មាន​កិច្ចព្រមព្រៀង​ទាន់ពេល​ស្តីពី​ការ​សើរើ​បំណុល​បរទេស​ជាមួយ​ម្ចាស់បំណុល​ជា​រឿង​ចាំ​បាច់​ដើម្បី​ស្តារ​និរន្តរភាពបំណុល​របស់​ស្រីលង្កា។ តាម​ពិត ចិន​ដែល​ជា​ម្ចាស់បំណុល​ទ្វេភាគី​ធំ​ជាង​គេ​របស់​ស្រីលង្កា​បាន​ពន្យារ​ការ​សុំ​សើរើ​បំណុល​របស់​ស្រីលង្កា។

ចិន​បាន​យល់ព្រម​ឲ្យ​ស្រីលង្កា​ផ្អាក​ការ​សង​បំណុល​របស់​ខ្លួន​រយៈពេល ២ឆ្នាំ តែ​មិន​បាន​បញ្ចុះ​ចំនួន​ប្រាក់បំណុល​ទេ។ បន្ទាប់​មក​ក្នុង​ខែ​មីនា ចិន​បាន​ផ្តល់​ការ​ធានា​ហិរញ្ញវត្ថុ​ដល់​ស្រីលង្កា។ ជាមួយ​នឹង​ការ​ធានា​នេះ IMF បាន​ប្រគល់​ឲ្យ​ស្រីលង្កា​នូវ​ប្រាក់កម្ចី​ដំបូង​ចំនួន ៣៣០លានដុល្លារ​ពី​ក្នុង​ប្រាក់កម្ចី​សរុប ២ ៩០០លានដុល្លារ។ ក្រៅ​ពី​បំណុលបរទេស IMF ក៏​បាន​ស្នើ​ស្រីលង្កា​ឲ្យ​សើរើ​លើ​បំណុលក្នុង​ស្រុក​របស់​ខ្លួន​ដែរ។ បំណុលក្នុងស្រុក​ដែល​មាន​ប្រមាណ​ជា ៥០ ០០០លានដុល្លារ​គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ