អានតួអត្ថបទ
ស្រីលង្កា

បាតុករស្រីលង្កាខកចិត្តនឹងសមាសភាពរដ្ឋាភិបាលថ្មីរបស់លោកប្រធានាធិបតី រ៉ានីល វីក្រេមេស៊ីងហ្កេ

សមាសភាព​របស់​រដ្ឋាភិបាលថ្មី​របស់​ស្រីលង្កា​បាន​ស្បថចូលកាន់​តំណែង កាលពីល្ងាច​ថ្ងៃ​សុក្រទី ២២​កក្កដា។ ដោយមាន​លោក​ឌីណេស ហ្គូវ៉ាដេណា កាន់តែ​តំណែង ជា​នាយករដ្ឋមន្រ្តី រដ្ឋាភិបាល​ថ្មី​របស់​ស្រីលង្កា សំបូរ​ដោយ​មន្រ្តី​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​មុន​របស់​លោកប្រធានាធិបតី​ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ ដែលត្រូវ​បង្ខំចិត្ត​លាលែង​ចេញពី​តំណែង និង​រត់ចាកចោល​ប្រទេស ដោយសារ​មហាបាតុកម្ម​ប្រឆាំងតវ៉ា របស់​ចលនា​មហាជន​ស្រីលង្កា។

លោកឌីណេស ហ្គូវ៉ាដេណា ជានាយករដ្ឋមន្រ្តីថ្មី​របស់​ស្រីលង្កា (ស្តាំ) ចាប់ដៃ​ជាមួយ​លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ ដែល​បាន​ស្បថចូលកាន់តំណែង នៅថ្ងៃទី ២១​កក្កដា ២០២២
លោកឌីណេស ហ្គូវ៉ាដេណា ជានាយករដ្ឋមន្រ្តីថ្មី​របស់​ស្រីលង្កា (ស្តាំ) ចាប់ដៃ​ជាមួយ​លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ ដែល​បាន​ស្បថចូលកាន់តំណែង នៅថ្ងៃទី ២១​កក្កដា ២០២២ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

សម្រាប់ប្រជាជន​ស្រីលង្កា​ដែលបាន​ចុះថ្នល់​ធ្វើបាតុកម្ម​ជាង ៣ខែមកហើយ ដើម្បី​បណ្តេញ​មេដឹកនាំ​ត្រកូល​រ៉ាចាប៉ាក់សេ ចេញពីអំណាច វា​ជា​ការខកចិត្ត​ដ៏ធំសម្បើម ដែល​ឃើញ​សមាសភាព​របស់​រដ្ឋាភិបាល​ថ្មី សុទ្ធសឹង​ជា​មនុស្ស​ស្និទ្ធ​នឹង​ត្រកូល​រ៉ាចាប៉ាក់សេ។ មន្រ្តីរដ្ឋាភិបាល​ទាំង​១៨រូប ​ជាអ្នកនយោបាយ​ដែល​ធ្លាប់​កាន់តំណែង នៅក្នុង​រដ្ឋាភិបាល​របស់​លោកអតីតប្រធានាធិបតី ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សេ។ លោកនាយករដ្ឋមន្រ្តី ឌីណេស ហ្គូវ៉ាដេណាផ្ទាល់​ជាមនុស្ស​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​រ៉ាចាប៉ាក់សេ បើ​និយាយ​ពីផ្នត់គំនិត និង​មនោគមវិជ្ជា។ លោក​ធ្លាប់ជា​រដ្ឋមន្រ្តីមុខងារ​សាធារណៈ នៅក្នុងអាណត្តិដឹកនាំ​របស់​លោក​ប្រធានាធិបតី​ម៉ាហិនដា រ៉ាចាប៉ាក់សេ នៅ​ឆ្នាំ ២០១០។ ចំណែក រដ្ឋមន្រ្តីការបរទេស​ថ្មី Ali Sabry ជា​មេធាវីផ្ទាល់​ខ្លួន​របស់​គ្រួសារ​រ៉ាចាប៉ាក់សេ។

នៅ​ចំពោះ​ការទាមទារ​របស់​បាតុករ​ស្រីលង្កា​ដែល​ចង់បាន​មេដឹកនាំថ្មី ដែលមាន​សមត្ថភាព​ដឹកនាំស្រីលង្កា លោក​រ៉ានីល វីក្រេមេស៊ីងហ្កេ​បាន​ស្នើបង្កើតរដ្ឋាភិបាល​ថ្មី ដោយ​មានការចូលរួម​ពីបក្ស​ប្រឆាំង។ ប៉ុន្តែ ការបង្កើត​រដ្ឋាភិបាល​ថ្មី ប៉ុន្តែ ជាមួយ​សមាជិក អ្នកនយោបាយ​របស់​គណបក្ស​កាន់អំណាច​របស់​ត្រកូលរ៉ាចាប៉ាក់សេ ជា​ភស្តុតាង​បង្ហាញ​ថា លោកប្រធានាធិបតី រ៉ានីល វីក្រេមេស៊ីងហ្កេ មិនបាន​គោរព​តាម​ការសន្យា។ ម្យ៉ាង បាតុករ​ស្រីលង្កា​បារម្ភថា ដោយមាន​មនុស្សស្និទ្ធ​របស់ខ្លួន​ក្នុង​រដ្ឋាភិបាលថ្មី ត្រកូល​រ៉ាចាប៉ាក់សេ​នៅតែ​អាច​បញ្ជា មានអំណាចកាច់ចង្កូត​ស្រីលង្កា។

និយាយ​ពីផ្នែកសេដ្ឋកិច្ច ស្រីលង្កា​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ឌីណេស ហ្គូវ៉ាដេណា ដែលមាននិន្នាការ​ទៅខាង​លោកសង្គមនិយម នឹង​អាច​ប៉ះទង្គិច​គ្នា​ខ្លាំង​ជាមួយ​មូលនិធិរូបិយវត្ថុអន្តរជាតិ IMF នៅក្នុង​ការចរចា​ផ្តល់ប្រាក់កម្ចីសម្រាប់ស្រោចស្រង់​សេដ្ឋកិច្ច​ស្រីលង្កា។

លោក​ឌីណេស ហ្គូវ៉ាដេណា​ជា​អ្នកប្រឆាំង​ដាច់ខាតនឹង​នយោបាយ​សេដ្ឋកិច្ច​សេរី ដោយ​ចង់​បញ្ចូល​វិស័យឯកជន​មកស្ថិតក្រោម​ការគ្រប់គ្រង​របស់រដ្ឋ។ ប៉ុន្តែ មូលនិធិ​IMF​ធ្លាប់បាន​ដាក់លក្ខខណ្ឌ​ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា​ត្រូវតែ​ដកខ្លួន​ចេញពី​សេដ្ឋកិច្ច ជា​ថ្នូរនឹង​ការផ្តល់​ប្រាក់កម្ចី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ