អានតួអត្ថបទ

អង្គការស្បៀងអាហារពិភពលោកប្រកាសពីការកាត់បន្ថយជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស

អង្គការ​ស្បៀងអាហារ​ពិភពលោក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស WFP បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី២២ ឧសភា​ពី​គម្រោង​កាត់បន្ថយ​ជំនួយ​ស្បៀងអាហារ​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​រស់នៅ​ក្នុង​ជំរំ​ក្នុង​ប្រទេស​បង់ក្លាដែស។ មូលហេតុ​នៃ​ការ​កាត់​បន្ថយ​គឺ​មក​ពី​ខ្វះ​ថវិកា។ នេះ​ជា​លើកទី២ ក្នុង​រយៈពេល ៣ខែ​ដែល​ស្ថាប័ន​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ​បាន​សម្រេច​កាត់​បន្ថយ​ជំនួយ​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​បង់ក្លាដែស។

អង្គការស្បៀងអាហារពិភពលោកប្រកាសពីការកាត់បន្ថយជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស
អង្គការស្បៀងអាហារពិភពលោកប្រកាសពីការកាត់បន្ថយជំនួយស្បៀងអាហារសម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅបង់ក្លាដែស AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខែ​មីនា​កន្លង​ទៅ ទឹកប្រាក់​ដែល​អង្គការ​ស្បៀងអាហារ​ពិភពលោក WFP បាន​ប្រគល់​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់ៗ​ក្នុង​មួយ​ខែ​បាន​ធ្លាក់​ពី ១២ដុល្លារ​មក​នៅ​ត្រឹម ១០ដុល្លារ។ តែ​ចាប់​ពី​ថ្ងៃទី១ មិថុនា​ខាង​មុខ​ទៅ ពួក​គេ​នឹង​ទទួល​បាន​តែ ៨ដុល្លារ​ប៉ុណ្ណោះ។ ឃើញ​ថា​ក្នុង​រយៈពេល​តែ ៣ខែ ពួក​គេ​បាន​បាត់បង់​ចំណូល​ដល់​ទៅ ៤ដុល្លារ​ក្នុង​មួយ​ខែ។ ៤ដុល្លារ​គឺ​ច្រើន​ណាស់​សម្រាប់​អ្នក​ដែល​រស់នៅ​ពឹង​លើ​ជំនួយ​អន្តរជាតិ។ លោក​គុន លី អ្នក​នាំពាក្យ WFP  បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​ដោយសារ​តែ WFP ខ្វះ​លុយ។ តែ​លោក​គុន លី​មិន​ភ្លេច​បន្ថែម​ថា ដើម្បី​អាច​មាន​លុយ​ឲ្យ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ម្នាក់ៗ​ចំនួន ១២ដុល្លារ​ក្នុង​មួយ​ខែ​ឡើង​វិញ WFP ត្រូវ​ការ​លុយ​ជា​បន្ទាន់​ចំនួន ៥៦លានដុល្លារ។

គួរ​រម្លឹក​ថា ប្រទេស​បង់ក្លាដែស​កំពុង​ទទួល​ឲ្យ​ជ្រកកោន​លើ​ទឹកដី​របស់​ខ្លួន​នូវ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ប្រមាណ ១លាននាក់​ក្នុង​នោះ​មាន ៧៥០ ០០០នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ភូមា​ក្នុង​ឆ្នាំ ២០១៧ គេច​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​កងទ័ព​ភូមា។ លោក​ឃិន មង ប្រធាន​សមាគម​រ៉ូហ៊ីងយ៉ា​ក្នុង​ជំរំ​មួយ​បាន​ថ្លែង​ថា ការ​ប្រកាស​កាត់​បន្ថយ​លុយ​ជា​ថ្មី​របស់ WFP ជា​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​កំពុង​ប្រឈម​នឹង​ភាព​អត់ឃ្លាន។ តាម​លោក​ឃិន មង ការ​សម្រេច​របស់ WFP ជា​រឿង​នយោបាយ ព្រោះ​មាន​អ្នក​ខ្លះ​បាន​លើក​ឡើង​ថា នេះ​ជា​លេស​មួយ​ដើម្បី​បង្ខំ​ឲ្យ​ពួក​រ៉ូហ៊ីងយ៉ា​ត្រឡប់​ទៅ​ភូមា​វិញ។

នៅ​ខាង​បង់ក្លាដែស រដ្ឋាភិបាល​ក្រុង​ដាកា​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​វិធានការ​ថ្មី​របស់​អង្គការ​ស្បៀអាហារ​ពិភពលោក​ពេល​នេះ​ទេ។ តែ​ក្រុម​អង្គការ​អ្នក​រៀបចំ​ផ្តល់​ជំនួយ​ឲ្យ​ជនភៀសខ្លួន​បាន​អះអាង​ថា ការ​កាត់​បន្ថយ​ជំនួយ​កាល​ពី​ខែ​មីនា​បាន​បង្ក​ឲ្យ​មាន​ការលំបាក​យ៉ាង​ខ្លាំង ខណៈ​ដែល​កង្វះអាហារូបត្ថម្ភ​បាន​ក្លាយ​ជា​ជំងឺ​រាតត្បាត​នៅ​ក្នុង​ជំរំ។ គួរ​បញ្ជាក់​ថា ភូមា និង​បង់ក្លាដែស​បាន​ចុះ​កិច្ចព្រមព្រៀង​ដើម្បី​បញ្ជូន​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ទៅ​ភូមា​វិញ។ តែ​ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​មួយ​នេះ​កំពុង​ជួប​ការ​លំបាក​ដោយសារ​តែ​ពួក​រ៉ូហ៊ីងយ៉ា​ភាគ​ច្រើន​មិន​ចង់​ត្រឡប់​ទៅ​ភូមា​ក្រោម​ហេតុផល​មិន​ទុកចិត្ត​រដ្ឋាភិបាល​ភូមា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ