អានតួអត្ថបទ

ប៉ាគីស្ថាន៖រដ្ឋាភិបាលបង្ហាញថវិកាសម្រាប់ឆ្នាំ ២០២៣-២០២៤ ក្នុងទឹកប្រាក់ជាង ៥០ ០០០លានដុល្លារ

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន រដ្ឋាភិបាល​បាន​បង្ហាញ​ក្នុង​ថ្ងៃ​សុក្រ ទី៩ មិថុនា​នូវ​កញ្ចប់​ថវិកា​ជាង ៥០ ០០០លានដុល្លារ​សម្រាប់​ការ​ចំណាយ​ឆ្នាំ ២០២៣ និង​២០២៤។ ក្នុង​ចំនួន​ទឹកប្រាក់​ទាំង​ជាង ៥០ ០០០លានដុល្លារ​នេះ​មាន​ជាង​ពាក់កណ្តាល​សម្រាប់​បម្រើ​ផ្នែក​សេវាបំណុល។ គួរ​បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​ជាង​គេ​លំដាប់ទី៥ ក្នុង​លោក ប៉ាគីស្ថាន​កំពុង​មាន​កំណើន​អតិផរណា​ខ្ពស់ និង​កំពុង​ជំពាក់​បំណុល​បរទេស​វ័ន ក។

រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ប៉ាគីស្ថាន​លោក Ishaq Dar។
រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ប៉ាគីស្ថាន​លោក Ishaq Dar។ AP - Alex Brandon
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កញ្ចប់​ថវិកា​ដែល​មាន​ទឹកប្រាក់​ជាង ៥០ ០០០លានដុល្លារ មាន​ជាង​ពាក់​កណ្តាល​សម្រាប់​សង​បំណុល​បរទេស។ ចំណែក​ទឹកប្រាក់​ដែល​នៅ​សេសសល់​ត្រូវ​បាន​រដ្ឋាភិបាល​គ្រោង​ចាយវាយ​ដើម្បី​ស្តារ​វិបត្តិ​សេដ្ឋកិច្ច​ឡើង​វិញ ក្នុង​នោះ មាន​ប្រមាណ​ជាង ៣ ៣០០លានដុល្លារ​សម្រាប់​ចំណាយ​លើ​គម្រោង​អភិវឌ្ឍន៍​ណា​ដែល​អាច​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន ក្នុង​នោះ មាន​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​មន្រ្តីរដ្ឋការ​ដល់ ៣៥% និង ១៧,៥% សម្រាប់​មន្រ្តីរដ្ឋការ​ដែល​ចូលនិវត្តន៍។ តើ​រូបភាព​នេះ​មិនមែន​ជា​យុទ្ធនាការ​ទាក់ទាញ​អ្នក​បោះឆ្នោត​ដែល​ប៉ាគីស្ថាន​គ្រោង​រៀបចំ​បោះឆ្នោតជាតិ​ក្នុង​ឆ្នាំ ២០២៣ នេះ​ទេ ឬ​យ៉ាង​ណា?។

រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​បាន​ថ្លែង​ធានា​នៅ​ក្នុង​សភា​ថា ថវិកា​ដែល​ទើប​អនុម័ត​នេះ​ជា​ថវិកា​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ពោល​មិនមែន​ជា​ថវិកា​ដើម្បី​សន្លឹកបោះឆ្នោត​ទេ ទោះ​បី​ជា​ការ​បោះឆ្នោត​ជិត​ចូល​ដល់​ក៏​ដោយ។ ចំណែក​នាយករដ្ឋមន្រ្តី​លោក​ស្ហេបា ស្ហារីស្វ​បាន​ថ្លែង​ដោយ​សុទិដ្ឋិនិយម​ថា មូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF នឹង​ពន្យារ​ពេល​ផ្តល់​ប្រាក់កម្ចី​ឲ្យ​ប៉ាគីស្ថាន​ក្នុង​ខែ​មិថុនា​នេះ។ តាម​លោក​ស្ហេបា ស្ហារីស្វ វា​គ្មាន​ឧបសគ្គ​អ្វី​ទាំង​អស់​នៅ​ក្នុង​រឿង​នេះ ព្រោះ IMF បាន​ឲ្យ​ភ្លើងខៀវ​ជា​ពាក្យសម្តី​រួច​ហើយ។ គួរ​បញ្ជាក់​ថា ប៉ាគីស្ថាន​ត្រូវ​ការ​ប្រាក់កម្ចី​របស់ IMF ដើម្បី​អាច​ងើប​ចេញ​ពី​វិបត្តិ​សេដ្ឋកិច្ច។

តែ​ប្រាក់​កម្ចី​នេះ​មិនមែន​គ្មាន​លក្ខខណ្ឌ​នោះ​ទេ។ ដើម្បី​អាច​ផ្តល់​លុយ​ដំណាក់ការ​ថ្មី​នៅ​ក្នុង​កញ្ចប់​ប្រាក់កម្ចី​ចំនួន ៦ ៥០០លានដុល្លារ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ ២០១៩ IMF បាន​ស្នើ​ឱ្យ​ប៉ាគីស្ថាន​ស្វែង​រក​ហិរញ្ញប្បទាន​បន្ថែម​ពី​ក្រៅ ដក​ចេញ​មួយ​ផ្នែក​នូវ​ឧបត្ថម្ភធន​សម្រាប់​ការ​បោះឆ្នោត និង​អនុញ្ញាត​ឱ្យ​តម្លៃ​ប្រាក់រូពី​ឡើង ចុះ​ដោយ​សេរី​ជាមួយ​នឹង​តម្លៃ​ប្រាក់​ដុល្លារ។ រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៅ​មិន​ទាន់​អាច​សម្រេច​កម្មវត្ថុ​នៃ​កំណើន​សេដ្ឋកិច្ច​បាន​ទេ ព្រោះ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២២ ២០២៣ មាន​ត្រឹម ០,៣% ប៉ុណ្ណោះ។

ចំណែក​កញ្ចប់​ថវិកា​សម្រាប់ ២០២៣-២០២៤ ត្រូវ​បាន​រដ្ឋាភិបាល​សន្មត់​លើ​កំណើន​សេដ្ឋកិច្ច ៣,៥% និង​អត្រា​អតិផរណា​ចំនួន ២១% ខណៈ​ដែល​ធនាគារពិភពលោក​សន្មត់​មាន​កំណើន​សេដ្ឋកិច្ច​ត្រឹម ២% និង​មាន​អត្រា​អតិផរណា​ដល់​ទៅ ៣៧,៩៧%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ