អានតួអត្ថបទ
ភូមា-គ្រឿងញៀន

ភូមា​សារភាព​ថា​​គ្មាន​សមត្ថភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណើននៃការ​​ជួញដូរ​គ្រឿង​ញៀន

នៅថ្ងៃ​ចន្ទ ទី ២៦​មិថុនា​នេះ ក្នុង​ឱកាស​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការប្រើប្រាស់និង​ជួញដូរ​គ្រឿង​ញៀន របប​សឹក​ភូមា​ បាន​បើក​ប្រតិបត្តិការ​ដុត​បំផ្លាញ គ្រឿងញៀន ចាប់​បានក្នុង​​តម្លៃ​ជិត​កន្លះពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​បាន​ទទួល​ស្គាល់​អំពី​អសមត្ថភាព​​របស់​ខ្លួន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផលិត​និង​ជួញដូរ​គ្រឿង​ញៀន​នៅក្នុង​ប្រទេស។

គ្រឿង​ញៀន​ដែល​អាជ្ញាធរ​ភូមា​ដុត​បំផ្លាញ​ក្នុង​ថ្ងៃ​២៦មិថុនា​២០២៣
គ្រឿង​ញៀន​ដែល​អាជ្ញាធរ​ភូមា​ដុត​បំផ្លាញ​ក្នុង​ថ្ងៃ​២៦មិថុនា​២០២៣ AP - Thein Zaw
ផ្សាយពាណិជ្ជកម្ម

គំនរ​ថ្នាំ​ញៀន ហេរ៉ូអ៊ីន កញ្ឆា មេតំហ្វេតាមីន អាភៀន ដែល​សរុប​ជា​ទឹក​ប្រាក់មាន​តម្លៃ​​ប្រមាណ​៤៤៥លាន​ដុល្លារ  ត្រូវបាន​អាជ្ញាធរ​យក​គ​ដុត​ឱ្យ​ឆេះ​ក្នុង​អណ្តាតភ្លើង​ ក្លាយ​ជា​ផ្សែង​អស់ ក្នុង​ក្របខ័ណ្ឌ​នៃប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​គ្រឿង​ញៀន​ប្រចាំ​ឆ្នាំ។ នេះ​បើ​តាម​រូប​ភាព​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទូរទស្សន៍​ជាតិ នា​ឱកាស​ទិវាអន្តរជាតិ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ថ្ងៃទី ២៦​មិថុនា។​

ប៉ុន្តែ​ថ្វីបើ​ អាជ្ញាធរ​ អាច​ចាប់ខ្លួន អ្នក​ញៀន​ អ្នក​ផលិត​ អ្នក​ជំនួញ និង​បណ្តាញជួញដូរ​គ្រឿង​ញៀន​ ដ៏​​ច្រើន​លើសលុប​ ហើយ​បញ្ជូន​ទៅ​តុលាការ​ដើម្បីកាត់​ទោស​តាមផ្លូវច្បាប់​ក្តី  ក៏​ផលិតកម្ម និង​ការ​ជួញដូរ​គ្រឿង​ញៀន​មិន​បាន​ចុះថយ​ទេ នៅភូមា។ នេះ​ជា​ពាក្យ​សារភាព​ដ៏​កម្រ​មួយ​របស់​ប្រមុខ​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ Soe Htut ទៅ​កាន់​សារព័ត៌មាន​ផ្លូវការ Global New Light of Myanmar។

តំបន់​ព្រំដែន​ភូមាដែល​ជា​ចំណុច​ប្រសព្វ​បីប្រទេស ភូមា ​ឡាវ ថៃ ឬ​ហៅ​ថា​តំបន់​ត្រីកោណមាស ជា​ជង្រុក​ផលិត​និង​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់ ពិសេស​មេតំហ្វេតាមីន និង​អាភៀន​ តាំងពី​យូរ​យារ​មក​ហើយ​។ បើ​តាម​អង្គការ​សហប្រជាជាតិ ​តំបន់ត្រីកោណមាស​ដែល​ស្ថិតក្នុង​រដ្ឋ​Shan​​ភូមា​ ជា​ប្រភព​គ្រឿងញៀនមេតំហ្វេតាមីន​លេខ​មួយ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ជា​ជម្រក​របស់​ពួក​ឧទ្ទាម​ជនជាតិភាគតិច​ប្រដាប់​អាវុធ​និង​ក្រុមប្រដាប់​អាវុធ​ស្និទ្ធ​នឹង​​យោធា។ យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​ភូមា​នៅ​ឆ្នាំ​២០២១ គ្មាន​ចេតនា​បិទ​បញ្ចប់​សកម្មភាព​ពាណិជ្ជកម្ម​ដ៏​ងាយ​ចំណេញ​នេះ​ទេ តែសម្រាប់​អ្នក​ជំនាញ​ឯករាជ្យ​ ​គឺពួក​យោធា​​ជា​អ្នក​ការពារ​​ពាណិជ្ជកម្ម​នេះ (បណ្តាញ​អ្នក​ជួញ​​ដូរ​គ្រឿង​ញៀន​) តាំង​ពី​ជា​ច្រើនឆ្នាំ​មក​ហើយ។

កាលពី​ឆ្នាំ​ទៅ​អង្គការ​សហប្រជាជាតិ ចាប់​បាន​គ្រឿងញៀន​មេតំហ្វេតាមីន​ ទម្រង់​Crystal Meth ក្នុង​ចំនួន​ដ៏​ច្រើន​បំផុតមិន​ធ្លាប់​មាន​ (២៣តោន) នៅភូមា ដែល​ការ​ដាំដុះ​អាភៀនរីក​ ​ខ្លាំងមែនទែន តាំង​ពី​ប្រទេស​ធ្លាក់​ក្នុង​ភាព​វឹកវ​ដោយ​រដ្ឋប្រហារ​មក។ ជំនួញ​កាន់​តែ​ដុះដាល តម្លៃ​លក់​ដុំ​និង​លក់​រាយ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅទូទាំងតំបន់អាស៊ី​អាគ្នេយ៍ហើយ បណ្តាញ​ជួញដូរ​គ្រឿង​ញៀន​កាន់​តែមាន​ឥទ្ធិពល​ គ្មាន​ខ្លាច​រអានឹង​ការ​ចាប់​ខ្លួន​ទេ។ នេះ​បើតាម​ភ្នាក់ងា​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​អង្គការ​សហប្រជាជាតិ ដោយ​បន្ថែម​ទៀត​ថា ចំការ​អាភៀន​ភូ​មាបច្ចុប្បន្ន​​មាន​ទំហំប្រមាណ​ជាង ៤ម៉ឺនហិចតារ ពោលគឺ​ជិត​ពាក់​កណ្តាល​នៃ​ផ្ទៃក្រឡា​ក្រុង​ញូវយ៉ក។

ក្នុង​​កំរិត​ពិភពលោក​វិញ ​អង្គការ​សហប្រជាជាតិ​បាន​ទាញ​អាសន្ន​នៃ​រីក​រាលដាល​គ្រឿង​ញៀន​សំយោគ​ ដោយ​មាន​កំណើន​អ្នក​ជក់​ដល់​ទៅ ២៣%​ក្នុង​រយៈ​ពេល​តែ​១០ឆ្នាំ ឬ​ត្រូវ​ជា​២៩៦​លាននាក់​។ កាន់​តែគួរ​ឱ្យ​ព្រួយ​បារម្ភ​ទៀត​ ចំនួន​អ្នក​​ប្រព្រឹត្ត​គ្រឿង​ញៀន​ មាន​បញ្ហា​សុខភាព​បាន​កើន​ឡើង​៤៥% ព្រោះថ្នាំ​ញៀន​សំយោគ​ញៀន​​ខ្លាំង​ជាង​អាភៀន​៥០​ដង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ