អានតួអត្ថបទ

ការនាំចេញទំនិញរបស់ចិន បន្តធ្លាក់ចុះ នៅក្នុងខែមិថុនា

​ការនាំចេញទំនិញរបស់ចិន គឺជាវិស័យ​ចម្បង​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ចិន បាន​បន្តធ្លាក់ចុះ នៅក្នុងខែមិថុនា​ ហើយ​​វិស័យ​នាំ​ចូលទំនិញ​វិញ ក៏​បន្តរក្សា​នៅ​ចំណុច​ក្រហម ជា​ចំណុច​មិនសូវ​ល្អ​ដដែល​។ ទាំង​នេះ គឺ​នឹង​នាំ​ឲ្យ​សុខភាព​កំណើន​សេដ្ឋកិច្ចចិន​ សម្រាប់​ទិន្នន័យ​ត្រីមាសទី២​ ច្បាស់ជាមិនសូវ​ជា​ល្អ​​ប៉ុន្មាន​ឡើយ​។​

រូបភាព​តំណាង។ កម្មករម្នាក់​​នៅកំពង់ផែ​តៃវ៉ាន់ ក្រោយ​កម្មករនេះ មាន​នាវាដឹកទំនិញ​ទៅ​ចិន។​
រូបភាព​តំណាង។ កម្មករម្នាក់​​នៅកំពង់ផែ​តៃវ៉ាន់ ក្រោយ​កម្មករនេះ មាន​នាវាដឹកទំនិញ​ទៅ​ចិន។​ ASSOCIATED PRESS - Wally Santana
ផ្សាយពាណិជ្ជកម្ម

ការ​ចេញ​ទំនិញ​ចិន បាន​ធ្លាក់​ចុះ​ជាខ្លាំង​ នារយៈ​ ៣ ឆ្នាំចុងក្រោយ​នេះ។ បញ្ហា​ចម្បង​ គឺ​ផល​ប៉ះពាល់​មកពី​វិបត្តិ​ជំងឺ​រាតត្បាត​សកល​ កូវីដ​១៩  ហើយ​ការ​អនុវត្ត​គោល​នយោបាយ​«កូវីដ​សូន្យ»របស់​រដ្ឋអំណាច​ចិន​ ដែល​បិទ​ខ្ទប់​ប្រទេស​ដ៏​តឹង​រឹង​ កាល​ពីឆ្នាំទៅមិញ ក៏បាន​ជះឥទ្ធិពលមិន​ល្អ​ទាល់តែ​សោះ ដល់​សុខភាព​សេដ្ឋកិច្ច និងវិស័យ​នាំ​ចេញ​ទំនិញ​របស់​ចិន។​ ក្រោយ​ពី​រងគ្រោះ​ខាង​នាំចេញ​​ច្រើន​ហើយ និងត្រូវ​ប្រជាជន​តវ៉ា​បាតុកម្ម​ប្រឆាំង​ផង ទើប​ ថ្នាក់ដឹកនាំ​ចិន​ ​​សម្រេច​បង់​ចោល​ នយោបាយ​«កូវីដសូន្យ» នៅ​ខែធ្នូ​ ឆ្នាំ២០២២។​

ផល​ប៉ះពាល់​ ចម្បង​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ការនាំចេញ​ទំនិញ​របស់​ចិន ​ជួបញ្ហា​ធ្ងន់​ គឺ ​រងគ្រោះ​ពីការ​គំរាម​កំហែង​របស់​ សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ដែល​កាត់​បន្ថយ​ការ​នាំចូល​ទំនិញ​ពីស្រុក​ចិន​។ ទាំង​នេះ បាន​ធ្វើឲ្យ​ការ​នាំចេញទំនិញ​របស់​ចិន ថយ​ចុះជាបន្ត​បន្ទាប់ គឺទើបតែ​ងើបក្បាល​​ឡើងបន្តិច​ គួ​រ​ឲ្យ​កត់​សម្គាល់ នៅ​ក្នុង​អំលុង​ចន្លោះ​ខែ មីនា និង​មេសា។ ក៏ប៉ុន្តែ ការនាំចេញ​ទំនិញ​បាន​ដាំក្បាល​ចុះ​ទៅវិញ​នៅ​ខែ​ឧសភា គឺ​​ធ្លាក់​ចុះ ជាង ៧,៥% ហើយ​ខែមិថុនា ធ្លាក់​ជាង​១០%ទៅទៀត។ ​នេះបើ​តាម​អ្នក​ជំនាញ​ ហើយ​និង​តាម​ការ​ប្រកាស​របស់​ ក្រុម​គយ​ចិន ប្រាប់ទៅ​កាសែត​ Bloomberg

អ្នក​ជំនាញ​សេដ្ឋកិច្ច​ និង​អ្នក​នាំពាក្យ​ ក្រុម​គយ​ចិន បាន​យល់ឃើញ​ដូចគ្នា ថា​ការ​លំបាកក្នុងការ​នាំចេញ​ទំនិញ​ចិន​​ និង​ផល​ប៉ះពាល់​ផ្ទាល៉ ចំពោះ​ទំនិញ​ចិន គឺមកតែពី​នយោបាយ​គាំពារ​និយម​​របស់​អាមេរិក​និងអឺរ៉ុប ហើយ​ពោលគឺ​​រង​ផលប៉ះទង្គិច​ដោយ​ផ្ទាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម។​

បើតាម​ធម្មតា នៅ​ដើម​សប្តាហ៍​ថ្មី​ខាងមុខនេះ​ រដ្ឋាភិបា​លចិនប៉េកាំង នឹង​​ត្រូវ​ប្រកាស​ពីការ​ព្យាករ​​សន្ទុះ​សេដ្ឋកិច្ច​ និងការ​នាំចេញទំនិញ​ សម្រាប់​ ត្រីមាស ទី២។

ទោះយ៉ាងណាក្តី អ្នក​ជំនាញ​សេដ្ឋកិច្ច Zichun Huang នៃ​ការិយាល័យ​ Capital Economics បាន​អះអាងថា ​ការ​ចេញទំនិញចិន មិន​សុទ្ធ​ធ្លាក់​ចុះ​គ្រប់​តែ​មុខ​ទំនិញនោះ​ទេ។ ទំនិញ​ចិន​ដែល​នៅតែ​បន្ត​មាន​សក្កានុពល​ខ្លាំង​សម្រាប់​នាំចេញ​ នោះ​គឺ ថ្មសាក​អគ្គិសនី អាគុយ​អគ្គិសនី ផ្ទាំង​សូឡា​ស្រូប​ផ្ទុក​​ថាមពល​ពន្លឺព្រះអាទិត្យ​។ ទំនិញទាំងនេះ​ហើយ​ដែល​បាន​ជួយ​ទ្រទ្រង់​ការនាំចេញ​របស់​ចិន​ គួរ​ឲ្យ​កត់​សម្គាល់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ