អានតួអត្ថបទ

ប្រមុខការទូតអាមេរិកព្យាយាមប្រមូលផ្តុំប្រទេសអាស៊ានឲ្យប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅអាស៊ីប៉ាស៊ីហ្វិក

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​អាស៊ាន​រួម​គ្នា​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​អាស៊ីប៉ាស៊ីហ្វិក។ ការ​អំពាវនាវ​របស់​លោក​ប៊្លីនកិន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បូក ៣​ប្រទេស​គឺ​អាមេរិក ចិន និង​រុស្សី​ដែល​រៀបចំ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ចំណែក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូកូ វីដូដូ​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​បាន​ថ្លែង​ថា អាស៊ាន​មិន​ត្រូវ និង​មិន​អាច​ធ្វើ​ជា​អន្តរការី​សម្រាប់​ប្រទេស​ណា​មួយ​ទេ។

ប្រមុខការទូតអាមេរិកព្យាយាមប្រមូលផ្តុំប្រទេសអាស៊ានឲ្យប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅអាស៊ីប៉ាស៊ីហ្វិក
ប្រមុខការទូតអាមេរិកព្យាយាមប្រមូលផ្តុំប្រទេសអាស៊ានឲ្យប្រឆាំងនឹងឥទ្ធិពលរបស់ចិននៅអាស៊ីប៉ាស៊ីហ្វិក AP - Dita Alangkara
ផ្សាយពាណិជ្ជកម្ម

« យើង​ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​គោរព​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​សមុទ្រចិនខាងកើត រួម​ទាំង​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់ »នេះ​ជា​ការ​ថ្លែង​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន។ លោក​ប៊្លីនកិន​បាន​បន្ថែម​ថា​ជាមួយ​អាស៊ាន អាមេរិក​ចែករំលែក​ទស្សនៈវិស័យ​នៃ​ឥណ្ឌូប៉ាស៊ីហ្វិក​សេរី បើកចំហ វិបុលភាព ការតភ្ជាប់ និង​ភាព​ធន។ អ្វី​ដែល​ប្រមុខ​ការទូត​អាមេរិក​ចង់​មាន​ន័យ​គឺ​ថា ប្រទេស​ក្នុង​តំបន់​មាន​សេរីភាព​ក្នុង​ការ​ជ្រើសរើស​ផ្លូវ​សម្រាប់​ដើរ​និង​ជ្រើសរើស​ដៃគូ​ដោយ​ខ្លួន​ឯង ពោល​មិន​ត្រូវ​គូសវាស និង​មិន​ត្រូវ​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ណា​មួយ​ទេ។

ទោះបី​ជា​លោក​ប៊្លីនកិន​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា​លោក​ចង់​សំដៅ​លើ​ចិន។ គួរ​បញ្ជាក់​ថា​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន មាន​ប្រទេស​ខ្លះ ពិសេស​វៀតណាម និង​ហ្វីលីពីន​កំពុង​មាន​ជម្លោះ​ជាមួយ​ចិន​នៅ​ក្នុង​សមុទ្រចិនខាងត្បូង​ដែល​ចិន​បាន​ទាមទារ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ខ្លួន។ ដោយឡែក ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ចូកូ វីដូដូ​ក្នុង​នាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​បាន​ថ្លែង​ថា អាស៊ាន​មិន​ត្រូវ និង​មិន​អាច​ធ្វើ​ជា​អន្តរការី​សម្រាប់​ប្រទេស​ណា​មួយ​ទេ។ ចំណែក​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូណេស៊ី​លោក Retno Marsudi បាន​បញ្ជាក់​ថា ឥណ្ឌូប៉ាស៊ីហ្វិក​មិន​ត្រូវ​ជា​សមរភូមិ​ប្រយុទ្ធ​ថ្មី​ឡើយ។

ក្រៅ​ពី​មាន​ជំនួប​ជាមួយ​ប្រមុខ​ការទូត​អាស៊ាន ប្រមុខ​ការទូត​អាមេរិក​លោក​ប៊្លីនកិន​ក៏​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​នាយក​ការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តចិន​ទទួល​បន្ទុក​កិច្ចការបរទេស​លោក​វ៉ាង យី​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១២ កក្កដា។ នៅ​ក្នុង​ជំនួប លោក​ប៊្លីនកិន​បាន​ព្រមាន​លោក​វ៉ាង យី​ថា អាមេរិក​នឹង​ស្នើ​ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​ប្រឆាំង​នឹង​រដ្ឋបាល​អាមេរិក​នា​ពេល​ថ្មីៗ​នេះ។ ចំណែក​លោក​វ៉ាង យី​បាន​ឆ្លើយ​បក​វិញ​ដោយ​ជំរុញ​ឲ្យ​អាមេរិក​ធ្វើ​ការ​ជាមួយ​ចិន និង​បញ្ឈប់​ការ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ