អានតួអត្ថបទ

អង់គ្លេសចុះហត្ថលេខាចូលជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនៃភាពជាដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក

នៅ​ថ្ងៃ​អាទិត្យ ទី១៦ កក្កដា ប្រទេស​អង់គ្លេស​បាន​ចុះ​ហត្ថលេខា​ចូល​ជា​សមាជិក​នៅ​ក្នុង​កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក​ហៅ​កាត់​ជា​ភាសា​អង់គ្លេស CPTPP។ ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​នូវែលសេឡង់​ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​លោកស្រី​ឃេមី បាដឺណុក។ គួរ​បញ្ជាក់​ថា អង់គ្លេស​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​បាន​ចូល​ជា​សមាជិក​របស់ CPTPP ហើយ​តាំង​ពី​អង់គ្លេស​បាន​ចាក​ចេញ​ពី​គ្រួសារ​សហភាពអឺរ៉ុប និង​ទីផ្សាររួម​សហភាពអឺរ៉ុប​មក នេះ​ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សំខាន់​ជាង​គេ​ដែល​អង់គ្លេស​ទទួល​បាន។

អង់គ្លេសចុះហត្ថលេខាចូលជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនៃភាពដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ថ្ងៃទី១៦ កក្កដា ២០២៣
អង់គ្លេសចុះហត្ថលេខាចូលជាសមាជិកនៅក្នុងកិច្ចព្រមព្រៀងនៃភាពដៃគូដោះដូរសេរីអន្តរប៉ាស៊ីហ្វិក ថ្ងៃទី១៦ កក្កដា ២០២៣ REUTERS - STAFF
ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ទៅ កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក CPTPPនឹង​មាន​សមាជិក​ចំនួន ១២ប្រទេស គឺ​អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិក នូវែលសេឡង់ ប៉េរូ សិង្ហបុរី វៀតណាម និង​អង់គ្លេស​ដែល​ជា​សមាជិក​ថ្មីថ្មោង​ចុង​ក្រោយ។ តាម​ពិត អាមេរិក​ក៏​ជា​ប្រទេស​សមាជិក​ម្នាក់​ដែរ តែ​ត្រូវ​បាន​អតីត​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​ដក​អាមេរិក​ចេញ​វិញ​កាល​ពី​ដើម​ឆ្នាំ ២០១៧។ បូក​បន្ថែម​ប្រទេស​អង់គ្លេស​មួយ​ទៀត ប្លុក CPTPPនឹង​មាន​ចំនួន​ប្រជាជន​សរុប​ប្រមាណ ៥០០លាននាក់ និង​មាន​ផលិតផល​សរុប ១៥% នៃ​ផលិតផល​សរុប​ក្នុង​លោក។

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អង់គ្លេស​លោកស្រី​ឃេមី បាដឺណុក​ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចូល​ជា​សមាជិក CPTPP បាន​ថ្លែង​ថា ការ​ចូល​របស់​អង់គ្លេស​ទៅ​ក្នុង CPTPP នឹង​ធ្វើ​ឲ្យ​មាន​ការ​ដោះដូរ​ក្នុង​ទឹកប្រាក់​រាប់ពាន់លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​រោងចក្រ សហគ្រាស​អង់គ្លេស។ លោកស្រី​ឃេមី បាដឺណុក​បាន​យល់​ឃើញ​ថា សមាជិកភាព​របស់​អង់គ្លេស​នៅ​ក្នុង CPTPP ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា អង់គ្លេស​មិន​ឯកោ អង់គ្លេស​ក្រឡេក​មើល​ទៅ​ក្រៅ ហើយ​អង់គ្លេស​មាន​កៅអី​មួយ​នៅ​ក្នុង​តំបន់​នៃ​ពិភពលោក​ដែល​កំពុង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ឆាប់​រហ័ស។

តាម​ពិត​ទៅ អង់គ្លេស​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​ចូលរួម​ជាមួយ CPTPP តាំង​ពី​ដំណាច់​ខែ​មីនា និង​បញ្ជាក់​ពី​ផលសេដ្ឋកិច្ច​ដែល​អង់គ្លេស​នឹង​ទទួល​បាន​គិត​ជា​ប្រាក់​ជាង ២ ៤០០លានអឺរ៉ូ។ ជម្រើស​ចូលរួម​ជា​មួយ CPTPP របស់​អង់គ្លេស​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​តាំង​ពី​អង់គ្លេស​បាន​ចាក​ចេញ​ពី​គ្រួសារ និង​ទីផ្សាររួម​សហភាពអឺរ៉ុប​ក្នុង​ថ្ងៃទី១ មករា ឆ្នាំ ២០២១ មក ប្រទេស​អឺរ៉ុប​មួយ​នេះ​បាន​ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អ្នក​ផ្សេង។ កន្លង​មក អង់គ្លេស​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​ជាមួយ​សហភាពអឺរ៉ុប និង​ប្រទេស​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត។

ក្រៅ​ពី​នេះ និង​ឆ្ងាយ​ពី​ទឹកដី​អឺរ៉ុប អង់គ្លេស​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ប្រទេស​អូស្រា្តលី នូវែលសេឡង់ ឬ​សិង្ហបុរី ហើយ​សព្វថ្ងៃ អង់គ្លេស​កំពុង​បន្ត​ចរចា​ជាមួយ​ឥណ្ឌា ឬ​ប្រទេស​កាណាដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ