អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន​តែង​តាំង​នាយករដ្ឋមន្ត្រីស្តីទីថ្មី​​ដើម្បី​ដើរ​ចេញពី​វិបត្តិនយោបាយ?

​ក្នុង​ពេល​កំពុង​មាន​វិបត្តិ​នយោបាយ​និង​ក្នុង​ពេល​រង់​ចាំ​ការ​បោះឆ្នោតថ្មី ប៉ាគីស្ថាន​បាន​តែង​តាំង​សមាជិក​ព្រឹទ្ធសភា​ដែល​ពុំ​សូវ​មាន​អ្នក​ស្គាល់​ជា​នាយករដ្ឋមន្ត្រី​ស្តីទី។ គ្មាន​បទ​ពិសោធន៍និង​ទម្ងន់​​នយោបាយ​ តែ​នាយករដ្ឋមន្ត្រី​ថ្មី​នេះទំនង​ជា​មាន​និន្នាការ​សិទ្ធ​នឹង​ក្រុម​យោធា។ លោកអាន់វារ អុល ហាក កាការា (Anwaar-ul-Haq Kakar)ត្រូវ​ស្បថ​ចូល​កាន់​តំណែង​នៅថ្ងៃ​ចន្ទទី ១៤ សីហា ២០២៣។

លោក Anwaar-ul-haq Kakar សមាជិកព្រឹទ្ធសភា​ដែល​ទើប​ទទួល​ការ​តែងតាំង​ជា​នាយករដ្ឋមន្ត្រីស្តីទី
លោក Anwaar-ul-haq Kakar សមាជិកព្រឹទ្ធសភា​ដែល​ទើប​ទទួល​ការ​តែងតាំង​ជា​នាយករដ្ឋមន្ត្រីស្តីទី via REUTERS - SENATE OF PAKISTAN
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​៥២​ឆ្នាំ ជា​សមាជិក​ព្រឹទ្ធសភា​នៃ​ខេត្ត​ដ៏​តូច​មួយរបស់​ប៉ាគីស្ថាន លោក អាន់វារ អុល ហាក កាការា (Anwaar-ul-Haq Kakar)ត្រូវ​បាន​ជ្រើស​តាំង​ដោយ​រដ្ឋាភិបាល​​ចម្រុះផុតអាណត្តិដែល​ជា​បន្សំ​បក្ស​នយោបាយ​ប្រឆាំ​ងគ្នាជា​ប្រពៃណី គឺ​បក្ស​សម្ព័ន្ធ​អារ៉ាប់​ប៉ាគីស្ថាន​ និង​បក្ស​ប្រជាជន​ប៉ាគីស្ថាន​ សម្រាប់​មក​គ្រប់គ្រង​ប្រទេស​ដែល​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ពី​មាន​ការ​បណ្តេញលោក​អ៊ីរ៉ាន់ ខាន់ ពី​តំណែង​​នាយករដ្ឋមន្ត្រី​​ កាលពី​ខែ​មេសា​ឆ្នាំ​២០២២មក។

លោក កាការា មាន​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ថ្មី​ស្តីទី រហូត​ដល់​មានការ​បោះឆ្នោត​ទូទៅ និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ដែល​គ្រោង​ធ្វើ​​នៅ​ខែ​​វិច្ឆិកា​ខាង​មុខ ឬ​យូរ​ជាង​នេះ។ ប៉ាគីស្ថាន​ទើប​បាន​ប្រកាស​រំលាយ​សភា​កាលពី​ថ្ងៃ​ពុធ ដូច្នេះ​​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស ការ​បោះឆ្នោតទូទៅ​នឹង​ប្រព្រឹត្ត​ទៅ​នៅយ៉ាង​យូរ​៩០​ថ្ងៃ​ក្រោយ។ ប៉ុន្តែ​បើយោល​ទៅ​លើ​ទិដ្ឋភាព​នយោបាយដ៏​តាន​តឹង​ អ្នក​ទទួល​ខុស​ត្រូវ​បាន​ព្រលយ​រួច​ជា​ស្រេច​ហើយ​អំពី​លទ្ធភាព​លើក​ពេល​បោះឆ្នោត​ទៅ​ឆ្នាំ​ក្រោយ។ ជា​ការ​បោះឆ្នោត​ដែល​​គ្មាន​​បក្ស​ប្រឆាំង​ដ៏​ល្បីល្បាញរបស់​លោក​​ អ៊ីនរ៉ាន់ខាន់ទេ ព្រោះ​កាលពី​ចុង​សប្តាហ៍​មុន តុលាការ​បាន​កាត់​ទោស​លោក​អ៊ីរ៉ាន់ខាន់ ឱ្យ​ជាប់​ពន្ធនាគារ​បី​ឆ្នាំ​ ពី​បទ​ពុករលួយ និង​គ្មាន​សិទ្ធិ​ធ្វើ​នយោបាយ​៥ឆ្នាំ។ ចំណែក​មេ​ដឹកនាំ​​ផ្សេង​ទៀតរបស់​គណបក្ស​ត្រូវ​ចាប់​ខ្លួន​ឬ​បង្ខំ​ចិត្ត​លាក់​ខ្លួន​ស្ទើរ​ទាំង​អស់។ ​​

សម្រាប់​អ្ន​កវិភាគ ការ​ជ្រើសរើស​​យក​លោក កាការា ដែល​មាន​​បទពិសោធ​ន៍​នយោបាយ​តិច​តួច និង​គ្មាន​​ទម្ងន់​នយោបាយសោះ​ អាច​ជា​ប្រការ​ល្អ​ ព្រោះ​លោក​គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​កម្លាំង​នយោបាយ​បក្ស​ធំៗ តែ​អាច​ជា​ប្រការ​មិន​ល្អ​ ក្នុង​ការដឹកនាំ​ប្រទេស​ប្រឈមនឹង​វិបត្តិ​ដ៏​​ធ្ងន់ធ្ងរ​ ដោយ​មិន​​ពឹង​ពាក់​លើ​ក្រុមយោធាបាន។ តាំងពី​បណ្តេញ​លោក អ៊ីរ៉ាន់ខាន់​ចេញ​ពី​តំណែង​មក ស្ថាប័ន​យោធា​ប៉ាគីស្ថាន​ឡើង​អំណាច​គ្មាន​ប្រៀប និង​ជាងពេល​ណាៗ​ទាំងអស់។ ធ្លាប់​សិក្សា​នៅ​សកលវិទ្យាល័យ​ការពារជាតិ (អតីត​សាលា​យោធា​ប៉ាគីស្ថាន) លោក កាការា ទំនង​ជា​ស្និទ្ធ​នឹងស្ថាប័ន​​យោធា​ទើប​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​ស្តីទីសម្រាប់ការពារ​ប្រយោជន៍​ពួកគេ​ ជា​ជាង​ជ្រើសរើស​អ្នក​នយោបាយ​សុទ្ធសាធនោះ។

នៅប៉ាគីស្ថាន ក្រុមយោធា​តែង​លាក់​ខ្លួន​នៅពីក្រោយ​ការ​បោះឆ្នោត​ជា​និច្ច​ និងធ្លាប់​ធ្វើ​រដ្ឋប្រហារ​បាន​សម្រេច​យ៉ាង​ហោច​បី​ដង គិត​ចាប់​តាំងពី​ប្រទេស​មាន​ឯករាជ្យបែក​ចេញ​ពី​ឥណ្ឌា​​នៅ​ឆ្នាំ​១៩៤៧មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ