អានតួអត្ថបទ
ប៉ាគីស្ថាន-អ៊ីមរ៉ាន់ ខាន់

អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ត្រូវតុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ នៅមុន​ការបោះឆ្នោតជាតិ

លោកអ៊ីមរ៉ាន ខាន់ នាយករដ្ឋមន្រ្តីប៉ាគីស្ថាន ត្រូវ​តុលាការ​ក្រុង​អ៊ីស្លាម៉ាបាដ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំ និង​ពិន័យប្រាក់ ៣៥០​ដុល្លារ ក្នុង​បទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ ក្នុងពេល​លោកកាន់តំណែង​ជា​ប្រមុខរដ្ឋាភិបាល។ នៅក្នុង​សារវីដេអូ​ដែលលោក​ថតទុក នៅមុន​ការចាប់ខ្លួន កាលពីថ្ងៃ សៅរ៍ទី ៥​សីហា អតីតនាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​បាន​រិះគន់ការសម្រេច​របស់តុលាការដែលមាន​លក្ខណៈនយោបាយ ប៉ុន្តែ អំពាវនាវ​ឲ្យ​អ្នកគាំទ្រ​របស់​លោក រក្សាភាពស្ងប់ស្ងាត់ រឹងមាំ​មិនប្រែប្រួល។

លោកអ៊ីមរ៉ាន់ ខាន់ នៅពេល​លោកត្រូវ​ប៉ូលិស​ក្រៀកចូល​តុលាការ​កំពូល កាលពីខែ ឧសភា ២០២៣
លោកអ៊ីមរ៉ាន់ ខាន់ នៅពេល​លោកត្រូវ​ប៉ូលិស​ក្រៀកចូល​តុលាការ​កំពូល កាលពីខែ ឧសភា ២០២៣ REUTERS - AKHTAR SOOMRO
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការសម្រេច​របស់​តុលាការក្រុង​អ៊ីស្លាម៉ាបាដ អតីតនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ ដែលគ្មានវត្តមាននៅក្នុង​អង្គសវនាការ ត្រូវក្រុម​ប៉ូលិស និងទាហាន​ប៉ារ៉ា ចូលចាប់ខ្លួន ដល់ក្នុងផ្ទះ​របស់លោក នៅ​Lahore ទីក្រុងធំទី​២​របស់​ប៉ាគីស្ថាន។ នៅក្នុង​សេចក្តីប្រកាស​កាលពីថ្ងៃ​សៅរ៍ ចៅក្រមតុលាការ​អ៊ីស្លាម៉ាបាត​សម្រេច​ផ្តន្ទាទោស លោកអ៊ីមរ៉ាន ខាន់ ឲ្យជាប់ពន្ធនាគារ​៣ឆ្នាំ និង​បង់ប្រាក់ពិន័យ ៣៥០ដុល្លារ នៅក្នុង​បទចោទប្រកាន់​ប្រព្រឹត្តអំពើពុករលួយ នៅក្នុងពេល​លោកកាន់តំណែង​ជា​នាយករដ្ឋមន្រ្តីប៉ាគីស្ថាន។

ឈ្នះឆ្នោត​ចូលកាន់អំណាច​នៅ​ឆ្នាំ ២០១៨នៅប៉ាគីស្ថាន អតីតកីឡាករជើងឯកពិភពលោក​Criket លោក​អ៊ីមរ៉ាន ខាន់ ត្រូវសភា​បោះឆ្នោត ដកទំនុកចិត្ត ដែលធ្វើ​ឲ្យ​លោក​បាត់បង់តំណែង​នាយករដ្ឋមន្រ្តី កាលពីខែ មេសា ឆ្នាំ ២០២២។ នៅក្រោយបណ្តេញចេញពីតំណែង​នាយករដ្ឋមន្រ្តី លោក​អ៊ីមរ៉ាន ខាន់ ត្រូវ​ប្រឈម​នឹង​ការស៊ើបអង្កេត​ជាង ១៥០ របស់​តុលាការ​ប៉ាគីស្ថាន ជាពិសេស​សំណុំរឿងប្រព្រឹត្ត​អំពើពុករលួយ។ តាម​ក្រុមអ្នកប្រឆាំង ​លោក​អ៊ីមរ៉ាន ខាន់ និង​ភរិយា​បាន​ទទួលសំណូក អំណោយជា​វត្ថុមានតម្លៃជាច្រើនលានដុល្លារ ដែលមានតាំងពី​នាឡិកាដៃ កាបូបប្រណិតៗ ទឹកអប់ នៅក្នុង​ពេលធ្វើទស្សនកិច្ច​នៅបរទេស។

លោកអ៊ីមរ៉ាន ខាន់​តែងបដិសេធ​ការចោទប្រកាន់។ នៅក្នុង​សាវីដេអូ​ដែលលោក​បានថត​នៅមុន​ការចាប់ខ្លួន កាលពីថ្ងៃ សុក្រ និងដែលបង្ហោះផ្សាយ​តាម​បណ្តាញសង្គម X ដែល​អតីត​បណ្តាញធ្វីតធ័រ លោក​អ៊ីមរ៉ាន់ ខាន់​បានបរិហារ​ការសម្រេចរបស់​តុលាការថា ធ្វើឡើង​ក្នុង​ហេតុផលនយោបាយ។ តាម​លោក​អ៊ីមរ៉ាន ខាន់ លោកដឹងច្បាស់ថា លោកនឹងត្រូវ​គេ​ចាប់ខ្លួន។ ដូច្នេះ ការចាប់ខ្លួន​លោក នៅពេលនេះ ធ្វើឡើង​ដើម្បីរារាំង​កុំ​ឲ្យលោក​អាច​ចូលរួម​នៅក្នុងការបោះឆ្នោត សភា ប៉ាគីស្ថាន ដែលអាច​រៀបចំឡើង នៅ​អំឡុង​ខែ​វិច្ឆិកាចុងឆ្នាំនេះ។

នៅក្នុង​សារវីដេអូ អតីតនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ដែលជា​ប្រធាន​គណបក្ស​Tehreek-e-Insaf (PTI)បាន​អំពាវនាវ​ឲ្យអ្នកគាំទ្រ​របស់​លោកនៅស្ងប់ស្ងាត់។ ប៉ុន្តែ នៅថ្ងៃ​សៅរ៍ ក្រុមអ្នកគាំទ្រ​របស់​លោក​អ៊ីមរ៉ាន ខាន់ នៅតែ​លើកគ្នា​ទៅ​ប្រមូលផ្តុំ នៅ​មុខ​គេហដ្ឋាន​របស់​លោក នៅមុន​ពេលដែលត្រូវ​ប៉ូលិសវាយបំបែក និង​ចាប់ខ្លួន។

នេះមិនមែនជា​លើកទី១ទេ ដែលលោក​អ៊ីមរ៉ាន់ ខាន់ត្រូវ​ទាហាន​ប៉ារ៉ា​ប៉ាគីស្ថាន​ចូលចាប់ខ្លួនដោយ​កម្រោល។ នៅខែ ឧសភា​កន្លងទៅ ការចាប់ខ្លួន​របស់​លោកអ៊ីមរ៉ាន ខាន់ នៅក្នុង​បរិវេណ​របស់​តុលាការ ពីសំណាក់​ទាហានប៉ារ៉ា ប៉ាគីស្ថាន​បាន​បណ្តាល​ឲ្យ​មាន​ការព្រមាន​ពី​តុលាការ​កំពូល និង​បាតុកម្ម​ហិង្សា​របស់​អ្នកគាំទ្រ​របស់លោកអ៊ីមរ៉ាន ខាន់ ដែលដៅ​វាយប្រហារ ដុតបំផ្លាញ​ទីតាំង​របស់រដ្ឋ និង​កងទ័ពប៉ាគីស្ថាន។ នៅក្រោយ​ការដោះលែង​បណ្តោះអាសន្ន របស់​លោកអ៊ីមរ៉ាន ខាន់ គណបក្សរបស់​លោក គឺ​PTI​បាន​ក្លាយជា​ផ្ទាំងស៊ីបនៃការបង្រ្កាប ចំណែក​អ្នកគាំទ្រ និង​សមាជិកបក្ស​ជាច្រើនពាន់នាក់ត្រូវ​ចាប់ខ្លួន។

គេវាយតម្លៃថា លោក​អ៊ីមរ៉ាន ខាន់ ដែល​ចូល​កាន់អំណាច ដោយសារ​មានការគាំទ្រ​ពីយោធា ចាប់ធ្លាក់បុណ្យសក្តិ នៅក្រោយ​លោក​ដំឡើងសំឡេង​រិះគន់អំណាច ស្ថាប័នកងទ័ពប៉ាគីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ